ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ទៅ​បំភ្លឺ​នៅ​តុលាការ​​ករណី​ប្ដឹង​​លោក ហោ ណាំហុង

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ទៅ​បំភ្លឺ​នៅ​តុលាការ ពី​បណ្ដឹង​របស់​លោក ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មករា។

ប្រធាន​ គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ថ្លែង​មុន​ពេល​ចូល​ផ្ដល់​ចម្លើយ​ដល់​ព្រះរាជអាជ្ញា​ស៊ើបសួរ ថា លោក​សង្ឃឹម​ថា លោក​នឹង​ទទួល​បាន​យុត្តិធម៌ ក្នុង​នាម​លោក​ជា​ដើម​បណ្ដឹង​រងគ្រោះ​ពី​ការ​បរិហារកេរ្តិ៍។ លោក​បន្ត​ថា បើ​តុលាការ​គ្មាន​សមត្ថភាព​រក​យុត្តិធម៌​នោះ​ទេ វា​ក៏​ជា​ករណី​មួយ​ទៀត​ដែល​នឹង​បន្ថែម​ភាព​អយុត្តិធម៌ ដើម្បី​ឲ្យ​ពិភពលោក​បាន​ឃើញ​កាន់​តែ​ច្បាស់។

លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​ប្ដឹង​លោក ហោ ណាំហុង កាល​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី​លោក ហោ ណាំហុង បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ២០១៥ ថា គណបក្ស​អំណាច​ខ្មែរ មាន​សមាជិក​ជា​ភេរវករ។

ប៉ុន្តែ​មុន​ដាក់​ពាក្យ​ប្ដឹង​ នេះ លោក សួន សេរីរដ្ឋា ធ្លាប់​បាន​ឲ្យ​លោក ហោ ណាំហុង សុំ​ទោស​ជា​សាធារណៈ ជា​ថ្នូរ​នឹង​ការ​មិន​ប្ដឹង​មក​តុលាការ។ យ៉ាងណាមិញ​លោក ហោ ណាំហុង មិន​បាន​សុំ​ទោស​ឡើយ។

លោក សួន សេរីរដ្ឋា ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើកលែង​ទោស​កាល​ពី​ខែ​កក្កដា ២០១៥ ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​ប្រឡូក​នយោបាយ​ក្នុង​មាតុភូមិ​កម្ពុជា​វិញ នៅ​បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ៧​ឆ្នាំ កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ពី​បទ​រួមគំនិត​ក្បត់​ជាតិ និង​រារាំង​អ្នក​បោះ​ឆ្នោត។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។