បញ្ញវន្ត​កម្ពុជា ដែល​សិក្សា​នៅ​បរទេស ជួបជុំគ្នា​ពី​ការកសាង​វិស័យ​អប់រំ​កម្ពុជា​

ភ្នំពេញ: ​បញ្ញវន្ត​កម្ពុជា ដែល​បាន​ទៅ​សិក្សា​នៅ​បរទេស បាន​យក​ចំណេះដឹង​ចំណេះវិជ្ជា​ដែល​បាន​សិក្សា​អស់​ជាច្រើន​ឆ្នាំ​មក​នោះ មកជួប​ជុំគ្នា ពិភាក្សា ប្រមូលផ្តុំ​គ្នា​ជា​សំណុំ​ខួរក្បាល ក្នុង​ការកសាង​វិស័យ​អប់រំ​កម្ពុជា ឲ្យ​ដើរ​ទាន់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន សន្និបាត​បញ្ញវន្ត​ពិភពលោក កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ លោក ថៅ សុខ​មុនី ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​បុគ្គលិក នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា បើ​និយាយ​ពី​ប្រវត្តិ​នៃ​ការអប់រំ​របស់​កម្ពុជា គឺ​ក្រ​ណាស់ ចាប់តាំងពី​១៩៧៩​មក រហូតមកដល់​ឆ្នាំ​៨៩ ក៏​មិនទាន់មាន​គ្រូបង្រៀន​នោះទេ ប៉ុន្តែ​យើង​បាន​កសាង​វិស័យ​អប់រំ​ដោយ​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច​។ លោក​បន្តថា ជា​បណ្តើរៗ ការអប់រំ​របស់​យើង​មានការ​រីកចម្រើន រហូតមកដល់​ថ្ងៃនេះ ប៉ុន្តែ​យើង​មិនទាន់​ប្រាកដថា ការអប់រំ​របស់​យើង​ក្នុងថ្ងៃនេះ ល្អឥតខ្ចោះ​នោះទេ ពោលគឺ​នៅ​ឱកាស​ក្នុងការ​អភិវឌ្ឍន៍​ថែមទៀត​។​

​លោក​បាន​បន្តថា យើង​បាន​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ហើយ​អ្នក​ដែល​ទៅ​រៀន​នៅក្រៅ​ប្រទេស​នោះ​ហើយ ដែល​បាន​វិល​មក​បង្រៀន​សិស្ស​និស្សិត​នៅ​ស្រុង​យើង​វិញ​។ បើទោះបីជា​យើង មិន​ដល់​កម្រិត​អន្តរជាតិ ដូច​ស្រុក​គេ​ក្តី តែ​យើង​បាន​ឃើញថា វិស័យ​អប់រំ​របស់​យើង មានការ​រីកចម្រើន​ហួស​ពី​ការ​ស្មាន​។ ការរីកចម្រើន​ក្នុង​វិស័យ​អប់រំ គឺ​ត្រូវ​គិតពី​បរិមាណ​ជាមុនសិន ទើប​គុណភាព ដើរ​តាម​ក្រោយ តាមរយៈ​ការប្រកួតប្រជែង​។

​ជាមួយគ្នា​នោះដែរ លោក វុទ្ធី មុ​នី្ន​រ័ត្ន ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​មកពី​ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា "​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា យើង បន្ទាប់ពី​ខ្ញុំ​បាន​ចំណាយពេល​អស់ ១០ ឆ្នាំទៅ​រៀន​នៅ​ទីក្រុង​តូ​ក្យូ ហើយ​បាន​វិលត្រឡប់​មកវិញ ខ្ញុំ​បាន​ឃើញថា វិស័យ​អប់រំ​មានការ​រីកចម្រើន​ខ្លាំង បើ​ប្រៀបធៀប​ពី​ជំនាន់​ខ្ញុំ​នៅ​រៀន គឺ​ហាក់ដូចជា​ខុសគ្នា មេឃ​និង​ដី​"​។

​លោក បន្តថា ការអភិវឌ្ឍន៍​វិស័យ​អប់រំ​នេះ ហាក់ដូចជា នៅតែ​ទីក្រុង ជាពិសេស​អភិវឌ្ឍ​តែ​និស្សិត​ដែល​រៀន​ថ្នាក់ខ្ពស់ៗ ប៉ុន្តែ​នៅ​ថ្នាក់ក្រោម​ដូចជា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​នានា គឺ​គួរ​ឲ្យ​អនិច្ចារ​មែនទែន បើ​យើង​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​ដូច​ក្មេង​កើត​ក្នុងសម័យ​ប៉ុលពត​អីចឹង គឺ​ទាល់តែ​ក្មេង​នោះ មាន​កម្លាំង​រឹងមាំ​ពី​កំណើត​ខ្លាំង​តែម្តង ទើប​អាច​រៀន​ទៅដល់​ថ្នាក់​មហាវិទ្យាល័យ​។ លោក បន្តថា សិស្សសាលា បើ​មានការ​ងឿងឆ្ងល់​បន្តិច ហើយ​បើ​គ្មាន​អ្នកណា​ជួយ​ផ្គត់ផ្គង់​បន្ថែម ជួយ​ពន្យល់​បន្ថែម គឺ​ពួកគាត់ ថយក្រោយ​តែម្តង ដោយ​មិនអាច​ក្រោក​ឡើង បន្តដំណើរ​ទៅមុខទៀត​បានឡើយ​។ អត់​មាន​អ្នកណា​ជួយ ជំរុញ​ឲ្យ​ពួកគាត់​ទៅមុខ​បាន​នោះទេ​។ នេះ​គឺជា​ភាព អត់​ស្មើភាព​គ្នា នៅ​ទីក្រុង និង​នៅ​ជនបទ​។

​ពាក់ព័ន្ធ​នឹង​ធនធានមនុស្ស​ក្នុងការ​បណ្តុះបណ្តាល​បញ្ញវន្ត​របស់​កម្ពុជា​ដែរនោះ លោក​ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា កម្ពុជា នាពេល​បច្ចុប្បន្ននេះ មាន​ធនធានមនុស្ស​ដែលជា​បញ្ញវន្ត​ច្រើន ទាំង​នៅក្នុង​ស្រុក ក៏ដូចជា នៅក្រៅ​ស្រុក​។ យើង​សង្កេតឃើញថា ដោយសារ​គោលនយោបាយ ស្ថិរភាព​នយោបាយ និង​ការកសាង​សន្តិភាព​ទូទាំងប្រទេស យើង​បាន​ប្រមូល​បញ្ញវន្ត ដែល​បាន​បែកខ្ញែក​គ្នា​នាពេល​កន្លងមក ចូលមកក្នុង​ស្រុក​វិញ​អស់ហើយ​។ ប្រទេស​យើង​ធ្លាប់មាន​សង្គ្រាម ហើយ​បញ្ញវន្ត​របស់​យើង​រត់​ចេញទៅ​ក្រៅ ហើយ​មិន​ហ៊ាន​មកវិញ ឥឡូវ​បញ្ញវន្ត​ទាំងអស់នោះ ដែល​រស់នៅ​ក្រៅប្រទេស បាន​វិញ​មក​ស្រុក​វិញ ហើយ​លែង​ចង់​វិលត្រឡប់​ទៅ​ក្រៅប្រទេស​វិញ​ហើយ ហើយ​កំពុង​បំពេញការងារ ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​។

​លោក​បាន​លើកឡើងថា តាមរយៈ​វិស័យ​អប់រំ ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃទៀត តាមរយៈ​បើកចំហរ បានផ្តល់​អាហារូបករណ៍​ជាច្រើន ដល់​មន្ត្រីរាជការ សិស្ស និស្សិត ក្នុងការ​ទៅ​រៀន​នៅ​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​នៅពេល​រៀប​ចប់ ពួកគេ​នឹងត្រូវ​វិល​ត្រឡប់មក​ស្រុក​វិញ​។

​លោក​ជិន ម៉ា​លីន បាន​បញ្ជាក់ថា "​នៅពេល​បញ្ញវន្ត​ដែល​ទៅ​រៀន​នៅ​អាមេរិក ជប៉ុន អូស្ត្រាលី បារាំង ជាដើម ដែល​កំពុង​បែកខ្ញែក​គ្នា​នោះ នៅពេលនេះ ត្រូវបាន​ប្រមូល​ផ្តុំគ្នា​ជា​សំណុំ​ខួរក្បាល ហើយ​យើង​មក​ជជែក​គ្នា​ថា តើ​យើង​អាច​ចំណេះដឹង​ដែល​បាន​រៀន​ពី​ខាងក្រៅ យកមក​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​យ៉ាង​ដូ​ម្តេច​ខ្លះ​? ទាំង​ក្នុង​ការងារ​ក្របខ័ណ្ឌ​រាជការ ក៏ដូចជា​វិស័យ​ឯកជន និង​វិស័យ​អប់រំ​ក៏ដោយ​។ ដូច្នេះហើយ ទើប​យើង​ប្រមូលផ្តុំ​បញ្ញវន្ត មក​រួមរស់​ជាមួយគ្នា ក្នុងន័យ​ប្រមូល​ធនធាន​ទាំងអស់នោះ​មកវិញ ហើយ​ចែក​បទពិសោធន៍​គ្នា ថា​យើង​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​"៕

បញ្ញវន្ត​កម្ពុជា ដែល​សិក្សា​នៅ​បរទេស ជួបជុំគ្នា​ពី​ការកសាង​វិស័យ​អប់រំ​កម្ពុជា​

បញ្ញវន្ត​កម្ពុជា ដែល​សិក្សា​នៅ​បរទេស ជួបជុំគ្នា​ពី​ការកសាង​វិស័យ​អប់រំ​កម្ពុជា​

បញ្ញវន្ត​កម្ពុជា ដែល​សិក្សា​នៅ​បរទេស ជួបជុំគ្នា​ពី​ការកសាង​វិស័យ​អប់រំ​កម្ពុជា​