រដ្ឋាភិបាល​​បញ្ឈប់​មិន​ឲ្យ​យក​លុយ​ទាំង​ស្រុង​​ពី​អ្នក​ធ្វើ​ដំណើរ​​លើ​ផ្លូវ​ជាតិ​លេខ​៤

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​​បញ្ឈប់​មិន​ឲ្យ​យក​លុយ​ទាំង​ស្រុង​​ពី​អ្នក​ធ្វើ​ដំណើរ​​លើ​ផ្លូវ​ជាតិ​លេខ​៤ ចាប់​ពី​ម៉ោង​ ១២​យប់ ថ្ងៃ​ទី​១៣ ខែ​មករា នេះ​តទៅ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​១៣ មករា។  លោក​ថា លោក​បាន​ទទួល​មតិ​ពលរដ្ឋ​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ពី​បញ្ហា​ដែល​ពលរដ្ឋ​នៅ​ជួប​ការ​លំបាក ក្រោយ​វិធានការ​របស់​រដ្ឋាភិបាល​ចេញ​បញ្ជា​ដល់​ក្រុមហ៊ុន​ អេ.ហ្សិត អ៊ីនវេសមេន (AZ Investment) បញ្ឈប់​ការ​យក​កម្រៃ​សេវា ចំពោះ​រថយន្ត​គ្រួសារ​ពលរដ្ឋ និង​មន្ត្រី​រាជការ រស់​នៅ​សង​ខាង​ផ្លូវ​ជាតិ​លេខ​៤ ហើយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ញឹក​ញាប់ និង​ជាប់​ជា​ប្រចាំ​ក្ដី។

ចំណែក​មន្ត្រី​ជាន់ខ្ពស់ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ ទើប​តែ​​ស្នើ​ដល់​រដ្ឋាភិបាល នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នេះ ដើម្បី​ឲ្យ​ដក​ហូត​យក​ផ្លូវ​ជាតិ​លេខ​៤ ពី​ក្រុមហ៊ុន​វិនិយោគ​មក​វិញ។

លោក សុន ឆ័យ អះអាង​ថា ក្រុមហ៊ុន​ដែល​វិនិយោគ​យក​ប្រាក់​ពី​ពលរដ្ឋ​ជិះ​កាត់​ផ្លូវ​នេះ មិន​បាន​អភិវឌ្ឍ ជួសជុល ឬ​កែ​លម្អ​ផ្លូវ​នេះ​បាន​ច្រើន​នោះ​ទេ៖ «ការ​ជួសជុល កែ​លម្អ​ផ្លូវ​នេះ ដោយ​ក្រុមហ៊ុន​អេហ្សិត​អ៊ីនវេសមេន​បាន​តិច​តួច​បំផុត»

លោក សុន ឆ័យ បន្ត​ថា ការ​បន្ត​យក​ប្រាក់​យក​ពី​ពលរដ្ឋ​ឆ្លង​កាត់​ផ្លូវ​នេះ បាន​បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ​រហូត​មក។

យ៉ាង​ណា​ក៏​ដោយ​ក្រុមហ៊ុន ​អេ.ហ្សិត អ៊ីនវេសមេន​ នេះ ទើប​តែ​ចេញ​របាយការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១២ មករា ថា ខ្លួន​បាន​ចែក​ជូន​ពាក្យ​ស្នើ​សុំ​ចំនួន ១.៩៥៥​ច្បាប់ និង​អ្នក​ដាក់​ពាក្យ​ដែល​មាន​ការ​បញ្ជាក់​អាជ្ញាធរ ឃុំ​សង្កាត់ និង​ក្រសួង​ស្ថាប័ន​មាន​ចំនួន ៤០០​នាក់។ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ចែក​ជូន​ប័ណ្ណ​អង្កេត​ចំនួន​ជើង​រថយន្ត​ឆ្លងកាត់ ដែល​ត្រូវ​ការ​បំពេញ​ព័ត៌មាន​​រយៈពេល​យ៉ាង​យូរ​៣០​ថ្ងៃ។ ក្រោយ​ពេល​ផ្ទៀងផ្ទាត់​ចំពោះ​រថយន្ត​ដែល​ឆ្លងកាត់​នោះ មិន​តិច​ជាង​២០​ដង ក្នុង​១​ខែ ទើប​ក្រុមហ៊ុន​អនុគ្រោះ​មិន​យក​កម្រៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។