ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ខ្នាចរមាស និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល បាន​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា នេះ​ថា ពួក​គេ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព និង​អសន្តិសុខ​ផ្ទាល់ខ្លួន ទាំង​ពេល​កំពុង​នៅ​លក់ដូរ​ក្នុង​ផ្សារ ទាំង​ពេល​ស្នាក់​នៅ​ក្នុងផ្ទះ​ពេល​យប់ បន្ទាប់​ពី​មាន​អំពើ​ប្លន់​សម្លាប់​អ្នក​រត់​ម៉ូតូឌុប និង​ប្លន់​ផ្ទះ​គ្រួ​ទាយ​ដ៏​ល្បីឈ្មោះ កាលពី​ជាង​ស​ប្ដា​ហ៍​មុន​នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដែល​សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​បាន​ជនសង្ស័យ​បាន​នៅឡើយ ។

អាជីវករ​បាន​និយាយ​ថា តាំងពី​មាន​ក្រុម​ចោរហារយ​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​ចូល​ប្លន់​ផ្ទះ​គ្រូទាយ​ឈ្មោះ​កង និង​ប្លន់​សម្លាប់​អ្នក​រត់​ម៉ូតូឌុប​នៅ​ផ្សារ​ខ្នាចរមាស មក​អាជីវករ​លក់​មាស និង​ដូរ​លុយ មិន​ហ៊ាន​ដាក់​តាំ​គ្រឿងអលង្ការ​លក់​ក្នុង​ទូ​ច្រើន​ដូច​សព្វដង​ទេ ។ មិនតែប៉ុណ្ណោះ នៅ​ពេល​ឃើញ​មនុស្ស​ប្លែក​មុខ​ដើរ​ចូល​ក្នុង​ផ្សារ​ម្ដង​ៗ គឺ​ក្រុម​អាជីវករ​លក់​មាស​ភ្ញាក់ផ្អើល​រើ​អីវ៉ាន់​ទុក​អស់ហើយ ព្រោះ​ភ័យ​ខ្លាច​សមាសភាព​មនុស្ស​ប្លែក​មុខ​នោះ ។

ប្រភព​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​អ្នក​រត់​ម៉ូតូឌុប​នៅ​ផ្សារ​ខ្នាចរមាស​វិញ ក៏​កំពុង​បារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ ក្រោយ​ពី​អ្នក​រត់​ម៉ូតូ​ប្រចាំ​ផ្សារ​ខ្នាចរមាស​ម្នាក់ ត្រូវ​បាន​ម៉ូយ​ល្បួង​យក​ទៅ​សម្លាប់​ប្លន់​យក​ម៉ូតូ​កាលពី​ចុងខែ​ធ្នូ​២០១៥ កន្លង​ទៅ ហើយ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​តែ​មិន​អាច​បង្ក្រាប​បាន ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អាជីវករ​បាន​សំណូមពរ​ដល់​កម្លាំង​សមត្ថកិច្ច​ជួយ​បង្កើន​នូវ​កិច្ច​ការពារ​សន្តិសុខ​ជួន​ប្រជាពលរដ្ឋ​ផង ព្រោះ​បច្ចុប្បន្ន​ទាំង​ក្រុម​អាជីវករ ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល កំពុង​លក់ដូរ និង​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​បំផុត ដោយសារ​តែ​អំពើ​ប្លន់​ផ្ទួន​ៗ​កន្លង​មក សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​បាន​ក្រុម​ចោរប្លន់​ទាំងនោះ សូ​ម្បី​តែ​តម្រុយ​នៃ​មុខសញ្ញា ក៏​គ្មាន
ផង​។