​ឧកញ៉ា អ៊ុក គឹម​សាន ប្រើ​មេការ​ឈ្មោះ សារ៉ាត់ ឲ្យ​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​នៅ​ខេត្តស្ទឹងត្រែង​

​ប្រភពព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​បាន​រាយការណ៍​មក​ថា ឈ្មោះ សារ៉ាត់ មេការ​របស់​ឧកញ៉ា អ៊ុក គឹម​សាន កំពុង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង និង​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត និង​ចាំ​ប្រមូល​ទិញ​ឈើ​យ៉ាង​សុខ​ស្រួល​នៅ​ស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឧកញ៉ា អ៊ុក គឹម​សាន បាន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​ក្រុម​សមត្ថកិច្ច​ជំនាញ​ដើម្បី​ការពារ​សកម្ម​ភាពខុស​ច្បាប់​របស់​មេការ​ខ្លួន​ឈ្មោះ សារ៉ាត់ ដែល​កំពុង​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​តាម​លទ្ធផល​អង្គសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​២​ថ្ងៃ បាន​ណែនាំ​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់ និង​មន្ត្រី​គ្រប់រូប គប្បី​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ បន្ត​ចូលរួម​អនុវត្តន៍​នូវ​កំណែទម្រង់​ស៊ីជម្រៅ ប្រកបដោយ​ប្រសិទ្ធភាព​មាន​លក្ខណៈ​ពេញលេញ ស្មោះត្រង់ និង​ការតាំង​ចិត្ត​ខ្ពស់​តាម​អភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និង​ព្យាបាល​។ តែ​ភាពជាក់ស្តែង​ឧកញ៉ា អ៊ុក គឹម​សាន ដែល​គេ​ដឹងថា​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំខេត្ត​ស្ទឹងត្រែង បែរជា​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​ទៅវិញ​។​

​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តស្ទឹងត្រែង​បាន​បង្ហើប​ថា ព្រៃឈើ​ក្នុងស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​កំពុង​រង​ការកាប់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​កាន់តែ​ធ្ងន់ធ្ងរ​ដែល​ភាគច្រើន​ជា​បក្ខពួក​របស់​ឈ្មោះ សារ៉ាត់ ជា​មេការ​របស់​ឧកញ៉ា អ៊ុក គឹម​សាន ។ ប្រភព​ដដែល​បាន​រៀបរាប់ថា​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុង​មូលដ្ឋាន​ខាងលើ​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មោះ សារ៉ាត់ ជា​មេការ​របស់​ឧកញ៉ា អ៊ុក គឹម​សាន គឺជា​អ្នក​យកលុយ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ដើម្បី​កាប់​ឈើ​យកមក​លក់​ឲ្យ​ពួកគេ​ក្នុងតម្លៃ​សមរម្យ​។​

ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​បាន​រិះគន់ថា លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ សារ៉ាត់ ជា​មេការ​ឧកញ៉ា អ៊ុក គឹម​សាន ទើប​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា នៅ​ខេត្តស្ទឹងត្រែង​អ្នកណា​ក៏​ដឹង​ដែរ​ថា សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កំពុង​កើតឡើង​ពេញបន្ទុក ដូច្នេះ​មិនគួរណា​មន្ត្រី​ជំនាញ​ដូចជា​លោក ឈាង តុលា និង​បក្ខពួក​មិនដឹង​នោះទេ តែ​បញ្ហា​ពួកគេ​មិន​បង្ក្រាប​តែម្តង​៕

12208862_962959850444422_3311438363537365443_n 12226926_962959483777792_3142903494916293449_n