ករណី​ជនជាតិ​យួន​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​តាម​ព្រំដែន ក្នុងស្រុក​ពេ​ជ្រា​ដា មានការ​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​

​ចាប់តាំងពី​លោក តូច យ៉ុ​ន ឡើងកាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជំនួស​លោក ញ៉ែម វ៉ាន់​នី រួចមក បទល្មើស​នៅតាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​នេះ ជាពិសេស​ករណី​ជនជាតិ​យួន​ចូល​កាប់​ឈើ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​បន្ត​កើតឡើង​ដូច​មុន​ដដែល​។ ជាក់ស្តែង​ថ្មីៗ​នេះ​គោយន្ត​ច្នៃ​២​គ្រឿង​របស់​ជនជាតិ​យួន ព្រមទាំង​រណារយន្ត​៤​គ្រឿង​និង​ម៉ូតូ​១​គ្រឿង ត្រូវបាន​ប្រជា​សហគមន៍​ឃាត់ទុក​នៅ​ចំណុច​អូរ​បុល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ជាមួយគ្នានេះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ទាំង​៧​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា រកឃើញ​ភស្តុតាង​ឈើ​ដែល​កាប់រំលំ​រួច​និង​ឈើ​អារ​រួច​ជាច្រើន​ម៉ែត្រគូប​ផងដែរ​។

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ទាំងនោះ​ឆ្លងដែន​ចូលមក​កាប់​ឈើ​និង​ដឹកឈើ​ចេញពី​ទឹកដី​ខ្មែរ​តាម​ប៉ុស្តិ៍​ឡាំ​ប៉ឹ​ក ដែលមាន​មន្ត្រីនគរបាល​ឈ្មោះ ប្រាក់ ភារ​ម្យ ជា​នាយប៉ុស្តិ៍​នៅ​ទីនោះ​។ លោក ឡេង សុភា​ន់ មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៦២១ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ​យួន​ចូល​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ដែរ តាមរយៈ​ការបើក​ដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​តាម​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​មន្ត្រី​យោធា​ឈ្មោះ អ៊ុក ណា​ខៃ ត្រូវបាន​ប្រជា​សហគមន៍​ឲ្យ​ដឹងថា គឺជា​អ្នក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​សម្រួល​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ទឹកដី​ខ្មែរ​។

​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា និង​ប្រជា​សហគមន៍​ឃុំ​ប៊ូ​ស្រា បាន​អំពាវនាវ​ឲ្យ​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទៅលើ​នគរបាល​ការពារ​ព្រំដែន​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ចំណែក​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​គួរ​ចាត់វិធានការ​ពិនិត្យឡើងវិញ​ចំពោះ​ករណី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ផងដែរ ព្រោះ​រឿងនេះ​មានការ​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​។ ក្នុងនោះ​មន្ត្រីនគរបាល​ការពារ​ព្រំដែន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​មន្ត្រី​យោធា​ខិលខូច​មួយចំនួន ត្រូវបាន​គេ​ដឹងថា ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ជា​បន្តបន្ទាប់​៕

KA-02-01-2016-04 KA-02-01-2015-01 KA-02-01-2015-02