លោក សោម ភា​រុណ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តកំពង់ឆ្នាំង​

​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជា​នេសាទ​ក្នុងស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច និង​ស្រុក​ជល​គិរី រិះគន់ថា​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នោះទេ​។ ជាពិសេស​បទល្មើស​ប្រើ​លប​ប្រើស​១០០​ឬ​លប​កន្ទុយ​នាគ កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ ហើយ​ការបង្ក្រាប​របស់​មន្ត្រីរ​ដ្ឋ​បាល​ជលផល​នាពេល​កន្លងមក​គ្រាន់តែ​ជា​រឿង​លេងសើច​ឥតប្រយោជន៍​ប៉ុណ្ណោះ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​បណ្ដោយ​ឲ្យ​លោក សោម ភា​រុណ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ ក្នុងខណៈដែល​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង កើតឡើង​យ៉ាង​រាលដាល​។

​ប្រជា​នេសាទ​ក្នុងស្រុក​ទាំង​៤​ខាងលើ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​សព្វថ្ងៃនេះ មាន​បទល្មើស​ប្រើ​លប​ប្រើស​១០០​ឬ​លប​កន្ទុយ​នាគ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ឧបករណ៍​បែបនេះ​អាច​ចាប់យក​ត្រី​នៅក្នុង​ទឹក​ជ្រៅ​ដែល​សូម្បីតែ​កូន​កំពឹស​ក៏​អាច​ចាប់​បានដែរ​។ ជនល្មើស​ក្នុង​ម្នាក់ៗ​ប្រើ​ឧបករណ៍​ខុសច្បាប់​នេះ​តិច​បំផុត​ពី​២០​និង​៣០​គ្រឿង ហើយ​អាច​ចាប់​ត្រី​បាន​ទាំង​តូច​ទាំង​ធំ ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ បច្ចុប្បន្ន​សមត្ថកិច្ចរ​ដ្ឋ​បាល​ជលផល​ក្រោម​ការគ្រប់គ្រង​របស់លោក សោម ភា​រុណ មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ចាំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស​យ៉ាង​សុខ​ស្រួល​បំផុត​។

​ប្រជា​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់លែង ស្រុក​បរិបូរណ៍ ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច បាន​កត់សម្គាល់ថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​ប្រើ​ឧបករណ៍​លប​ប្រើស​១០០​ឬ​លប​កន្ទុយ​នាគ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​។ ក៏ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង ធ្វើជា​មើលមិនឃើញ​ហើយ​លោក សោម ភា​រុណ មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​មេខ្លោង​ដ៏​ធំ​នៅ​ពីក្រោយ​បទល្មើស​នេសាទ​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​លើ​មន្ត្រី​អសកម្ម​ដូច​លោក សោម ភា​រុណ ជាបន្ទាន់​ព្រោះ​សព្វថ្ងៃនេះ​បទល្មើស​នេសាទ​ប្រើ​លប​ប្រើស​១០០​ឬ​លប​កន្ទុយ​នាគ ព្រមទាំង​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ទៀត​ដូចជា អួន​ក្រឡា​ញឹក យ៉ាំង​កាវ និង​សម្រាស់​ជាដើម កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង​៕

12506933_1515664578729119_1069944646_nលោក​ សោម ភារុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង WAT-110114 WAT-110116