ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នាវាចម្បាំង​ធុន​ស្រាល​២​គ្រឿង​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ដែល​មាន​នា​វឹក​សរុប​១០​នាក់ បាន​វង្វេង​ចូល​ក្នុង​ដែនទឹក​អីុ​រ៉​ង់ ហើយ​ត្រូវ​អីុ​រ៉​ង់​ចាប់​កាលពី​ថ្ងៃ​ទី​១២​មក​រា ។

ចំពោះ​រឿង​នោះ​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​គូសបញ្ជាក់​ថា​សហរដ្ឋអាមេរិក​ទទួល​បានការ​ធានា​ពី​អីុ​រ៉​ង់​ថា នាវិក​ទាំង​១០​នាក់​នោះ​មាន​សន្តិសុខ​ពេញលេញ​រួច​នឹង​អាច​បន្តដំណើរ​របស់​ពួក​គេ​ក្នុង​ពេល​ឆាប់​ៗ ។

ចំណែក​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប​ទៀត​និយាយ​ថា​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ច​ន ឃ័​រ​រី បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អីុរ៉​ង់​លោក MOHAMMAD JAVAD ZARIF  ភ្លាម​ៗ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ឧប្បត្តិហេតុ​នោះ​ដើម្បី​ប៉ុនប៉ង​ស្វែងរក​ច្រកចេញ​មួ​ួ​យ ។ ប្រមុខ​ការទូត​ទាំង​២​រូប​ធ្លាប់​ជួប​ចរចា​គ្នា​រយៈពេល​យ៉ាង​យូរ​ស្តី​ពី​នុយក្លេអ៊ែរ​អីុរ៉​ង់ និង​ស្តី​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ទោះបី​ប្រទេស​ទាំង​២​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​រយៈពេល​៣៥​ឆ្នាំ​មក​ហើយ​ក្តី ។

ទីបញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​កបាន​បាត់​ការ​ទាក់ទង​ជាមួយ​នាវា​ទាំង​២​គ្រឿង​នោះ ពេល​នាវា​ទាំង​២​បំពេញ​បេ​ក​កម្ម​ល្បាត​ជា​ទម្លាប់​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា​នៅ​ចន្លោះ​ប្រទេស​​គុយ​វ៉ែត និង​បា​រ៉ែ​ន ។ ពុំ​មានការ​ពន្យល់​ណាមួយ​ផ្តល់​ឱ្យ​លើ​ហេតុផល​ដែល​នាវា​ទាំង​២​គ្រឿង​នោះ​ស្ថិត​ក្នុង​ដែនទឹក​អីុ​រ៉​ង់​ឡើយ ។ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​ដែល​ពុំ​ប្រាប់​អត្តសញ្ញាណ​លើក​ឡើង​ពី​លទ្ធភាព​ដែល​នាវា​១​គ្រឿងក្នុង​ចំណោម​នាវា​ទាំង​២​គ្រឿង​ត្រូវ​ខូច​ញ៉ាំង​ឱ្យ​នាវា​ទាំង​២​វង្វេង​ទៅ​កោះ FARSI របស់​អីុ​រ៉​ង់​ស្ថិត​នៅ​កណ្តាល​​ឈូង​សមុទ្រ​ពែ​រ្ស៍ ។

ទីភ្នាក់ងារ​ព័ត៌មាន​ពាក់កណ្តាល​ផ្លូវការ​អីុ​រ៉​ង់ FARS គូសបញ្ជាក់​ថា​កង​យោធា​អីុ​រ៉​ង់​ក្នុង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​បាន​ចាប់​ទាហាន​បរទេស​១០​នាក់​ដែល​ចូល​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​អីុ​រ៉​ង់ ។

ការ​ចាប់​ទាហាន​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ទាំងនោះ​ធ្វើ​ឡើង​ពេល​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ ។ កាលពី​ដំណាច់​ខែធ្នូ​កន្លង​មកនេះ អីុ​រ៉​ង់​បាន​ធ្វើការ​សាកល្បង​បាញ់​គ្រាប់​រ៉ុក្កែត​ធ្លាក់​ក្បែរ​បណ្តា​នាវាចម្បាំង​អា​មេ​រិ​ក​ព្រមទាំង​នាវា​ពិឃាត​បារាំង​១​គ្រឿង​ស្ថិត​ក្នុង​ច្រក​សមុទ្រ​ORMUZ ។ សហរដ្ឋអាមេរិក​ចាត់​ទុក​ការ​បាញ់​សាកល្បង​នោះ​ថា​ ជា​ការ​បង្កហេតុ ។

ឧ​ប្ប​តិ្ត​ហេតុ​នោះ​កើត​មាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​សុន្ទរកថា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ស្តី​ពី​សភាព​សហព័ន្ធ ។ សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​តាម​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត​អីុ​រ៉​ង់ SEPAHNEWS អះអាង​ថា កង​ឆ្មាំ​បដិវត្តន៍​ជា​កងកម្លាំង​ពិសេស​របស់​អីុរ៉​ង់​អះអាង​ពី​ការ​ចាប់​នាវាចម្បាំង​ទាំង​២​គ្រឿង​នោះ​ដែល​រំលោភ​ចូល​ក្នុង​ដែនទឹក​អីុ​រ៉​ង់ ។ សេចក្តី​ប្រកាស​បន្ត​ថា នាវាចម្បាំង​អា​មេ​រិ​ក​ទាំង​២​គ្រឿង​ជាមួយ​នាវិក​ប្រដាប់​អាវុធ​១០​នាក់​បាន​ចូល​ក្នុង​ដែនទឹក​អីុ​រ៉​ង់​នា​ថ្ងៃ​ទី​១២​មក​រា វេលា​ម៉ោង​១៦​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក គឺ​ចូល​ដល់​ដែនទឹក​កោះ FARSI ហើយ​ត្រូវ​កងកម្លាំង​នាវាចរណ៍​នៃ​កង​ឆ្មាំ​បដិវត្តន៍​ចាប់​រួច​នាំ​មក​កាន់​កោះ​នោះ ។ សេចក្តី​ប្រកាស​បន្ត​ថា នាវិក​ទាំង​១០​រូប​នោះ​មាន​សុខភាព​ល្អ​ទេ ៕