ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​កិច្ចសហការ​ពី​អង្គការ​ចៃ​កាប្រទេស​ជប៉ុន អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ត្រៀម​ធ្វើ​ពិធី​បើក​ការដ្ឋាន​ដំឡើង​ភ្លើងស្តុប​ចំនួន​១០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ឲ្យ​កាន់តែ​ប្រសើ​រឡើង ។

គម្រោងការ​នេះ​ត្រូវ​បាន​លើក​ឡើងនៅ​ថ្ងៃ​ទី​១២ ​មក​រា ​២០១៦ ​ក្នុង​កិច្ចប្រជុំ​រវាងក្រុមការងារ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​អង្គការ Jica ក្រុមហ៊ុន​កុងស៊ុល​តង់ Mets និង​ក្រុមហ៊ុន​ម៉ៅ​ការ​សាង​សង់ Mitsubishi Corporation ដើម្បី​ដាក់​ផែនការ​រៀបចំ​ធ្វើ​ពិធី​បើក​ការដ្ឋាន​នៅ​ខែកុម្ភៈ​ ២០១៦​ឆាប់​ៗ​ខាង​មុខ​នេះ​។

តំណាង​អង្គការ​Jica​ បាន​លើក​ឡើង​ថា  រាជធានី​ភ្នំពេញ​ត្រូវ​តែ​កែសម្រួល​ភ្លើងស្តុប​១០០​កន្លែង ដើម្បី​ប​ញ្ចៀសការ​ប៉ះទង្គិចដោយ​គ្រោះថ្នាក់​ចរាចរ ហើយ​នៅ​ពេល​គម្រោង​នេះ​ចាប់ផ្តើម​អនុវ​ត្ត វា​នឹង​ប្រឈម​បញ្ហា​ជា​ច្រើន​ដូច​ជា បញ្ហា​ចរាចរ ការ​ខូង​ដាក់​បង្គោល​ភ្លើង ប្រព័ន្ធ​ខ្សែភ្លើង និង​ទុយោ​ទឹក​ក្រោម​ដី​ជាដើម ចំណែកឯ​ភ្លើងស្តុប​ចាស់​ៗ​ចំនួន​៦៤​ទីតាំង នៅ​ពេល​ផ្លាស់​ប្តូរ​ជំនួស មន្ទីរ​សាធារណការត្រូវ​យក​ភ្លើង​ទាំងនោះ​ទៅ​ដាក់​នៅ​តំបន់​ជាយក្រុង​វិញ ។

ចំណែក​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរ​របស់​ចៃ​កានេះ បាន​ចាប់ផ្តើម​សិក្សាពី​ខែមិថុនា​ ​២០១៤ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៥ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ការ​សិក្សា​លម្អិត​ពី​ខែមេសា​ដល់​ខែសីហា​ ឆ្នាំ​២០១៥ ហើយ​នៅ​ក្នុង​ខែកុម្ភៈ ​២០១៦ អង្គការ​ចៃ​កានឹង​ចាប់ផ្តើម​អនុវត្ត​​តែ​ម្តង ដោយ​ដាក់​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​ចំនួន​១០០​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​។

​ភ្លើងស្តុប​ចាស់​ៗ​ត្រូវ​បាន​ដក​ចេញយក​ទៅ​ដាក់​ជំនួស​នៅ​តាម​ផ្លូវ​ជាយក្រុង ដែល​គម្រោង​នេះ​មាន​ទឹកប្រាក់​ជាង​១៨​លាន​ដុល្លារ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ឲ្យ​កាន់តែ​ប្រសើ​ឡើង ៕ 
       ​