ប៉ូលិស​​​​​​​​​ថា មាន​​​បទឧក្រិដ្ឋ​​​ប្រហែល​​​៣០០ករណី​​​​​​កើត​​​ឡើង​​​ចំពោះ​​​កុមារ​​​ក្នុង​​​ឆ្នាំ​​​២០១៥

នាយក​​​​​​អង្គភាព​​​ការ​​​ពារ​​​កុមារ​​​​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា អង្គ​​​ភាព​​​ការ​​​ពារ​​​កុមារ​​​ ជា​​​អង្គ​​​ភាព​​​គាំទ្រ​​​ដោយ​​​​​​មូលនិធិ​​​កុមារ​​​កម្ពុជា​​​ បាន​​​ស៊ើប​​​អង្កេត​​​លើ​​​២៩២​​​ករណី​​​​​​ទាក់​​​ទិន​​​នឹង​​​បទឧក្រិដ្ឋ​​​ធ្ងន់​​​​​​ចំពោះ​​​​​​កុមារ​​​ក្នុង​​​ឆ្នាំ​​​២០១៥។

​​​​​​​​​​​​យោង​​​តាម​​​​​​លោក ចេមស៍ ម៉ាក​​​ខេប នាយក​​​អង្គ​​​ភាព​​​ការ​​​ពារ​​​កុមារ​​​ឲ្យ​​​ដឹង​​​ថា បទ​​​ឧក្រិដ្ឋ​​​​​​ទាំង​​​នេះ​​​រួម​​​មាន​​​​​​ឃាត​​​កម្ម​​​៣២ករណី រំលោភ​​​២០២ករណី រំលោភ​​​បូក​​​២ករណី អំពើ​​​អាស​​​៦ករណី ការ​​​វាយ​​​ដំ​​​ធ្ងន់​​​៤ករណី និង​​​ចាប់​​​ជំរិត​​​៤ករណី។

និយាយ​​​នៅ​​​ឯ​​​សណ្ឋាគារ​​​សុខា​​​ភ្នំពេញ​​​​​​អំឡុង​​​ពេល​​​សន្និសីទ​​​ឧបត្ថម្ភ​​​​​​ដោយ​​​អង្គ​​​ភាព​​​​​​ការ​​​ពារ​​​​​​កុមារ​​​​​​ទាក់​​​ទង​​​នឹង​​​ការគាំពារ​​​ជនរងគ្រោះ​​​ជា​​​កុមារ​​​ដោយ​​​ប្រព័ន្ធ​​​យុត្តិធម៌ លោក ម៉ាកខេប បាន​​​និយាយ​​​ថា កំណើន​​​​​​ក្នុង​​​បទឧក្រិដ្ឋ​​​កម្ម​​​​​​ក្មេង​​​ទល់​​​នឹង​​​ក្មេង​​​គឺ​​​ជា​​​ពិសេស​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ។​​​​​​​​​

លោក ម៉ាក​​​ខេប បាន​​​និយាយ​​​ថា “យើង​​​ឃើញ​​​​​​​​​ការ​​​កើន​​​ឡើង​​​​​​នៃ​​​របាយការណ៍​​​ស្តី​​​ពី​​​​​​​​​​​​​​​ឃាតកម្ម​​​​​​ក្មេង​​​ទល់​​​នឹង​​​ក្មេង​​​​​​​​​​​​ និង​​​ការ​​​រំលោភ​​​​​​ក្មេង​​​នឹង​​​ក្មេង​​​​​​នៅ​​​ឆ្នាំ​​​នេះ”។​​​ លោក ម៉ាក​​​ខេប បាន​​​និយាយ​​​បន្ថែម​​​ថា អង្គ​​​ភាព​​​ការ​​​ពារ​​​កុមារ​​​បាន​​​ស៊ើប​​​អង្កេត​​​​​​៣៣​​​ករណី​​​​​​ក្នុង​​​ឆ្នាំ​​​២០១៥។​​​​​​

អង្គភាព​​​ការ​​​ពារ​​​កុមារ​​​​​​បាន​​​ស៊ើប​​​អង្កេត​​​​​​បទ​​​ល្មើស​​​២២១​​​ករណី​​​​​​ចំពោះ​​​កុមារ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤ ប៉ុន្តែ​​​អង្គ​​​ភាព​​​នេះ​​​គ្រាន់​​​តែ​​​ធ្វើ​​​ការ​​​​​​ក្នុង​​​១៨​​​ខេត្ត​​​​​​​​​ប៉ុណ្ណោះ​​​នៅ​​​ពេល​​​នោះ​​​ ដូច្នេះ​​​​​​តួលេខ​​​មិន​​​អាច​​​ប្រៀប​​​ធៀប​​​​​​ផ្ទាល់​​​បាន​​​ទេ។ លោក ម៉ាកខេប បាន​​​និយាយ​​​ថា កម្រិត​​​នៃ​​​បទ​​​ឧក្រិដ្ឋ​​​​​​ភាគ​​​ច្រើន​​​​​​នៅ​​​​​​ថេរ​​​​​​ពី​​​ឆ្នាំ​​​​​​២០១៤​​​ដល់​​​ឆ្នាំ​​​២០១៥ ចំណែក​​​ឯ​​​តួលេខ​​​ខ្ពស់​​​​​​នៃ​​​ឃាតកម្ម​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មិន​​​អាច​​​រំពឹង​​​ទុក​​​បានទេ។​​​​​​

លោក ម៉ាក​​​ខេប បាន​​​និយាយ​​​ថា “​​​នេះ​​​ជា​​​ឆ្នាំ​​​សោក​​​នាដ​​​កម្ម”។ នាយក​​​អង្គភាព​​​ការ​​​ពារ​​​កុមារ​​​បាន​​​បញ្ជាក់​​​ថា មាន​​​ឃាត​​​កម្ម​​​១៦​​​ទាក់​​​ទង​​​នឹង​​​​​​កុមារ​​​ក្នុង​​​ឆ្នាំ​​​២០១៤។

លោក ម៉ាក​​​ខេប បាន​​​និយាយ​​​បន្ថែម​​​ថា “ប្រទេស​​​កម្ពុជា​​​​​​កំពុងពុះ​​​ពារ​​​ដោះ​​​ស្រាយ​​​បទឧក្រិដ្ឋ​​​ប្រឆាំង​​​នឹង​​​កុមារ​​​​​​ដូច​​​ជា​​​ប្រទេស​​​ផ្សេង​​​​​​ទៀត​​​ដែរ។ មិន​​​មាន​​​ហេតុផល​​​មួយ​​​ជាក់​​​លាក់​​​ទេ”។​​​​​​​​​​​​​​​

លោក ម៉ាកខេប​​​ បាន​​​និយាយ​​​ថា ខេត្ត​​​បាត់​​​ដំបង​​​​​​មាន​​​បទល្មើស​​​ធ្ងន់​​​ភាគ​​​ច្រើន​​​​​​ប្រឆាំង​​​នឹង​​​កុមារ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន បន្ទាប់​​​មក​​​មាន​​​ខេត្ត​​​សៀម​​​រាប និង​​​ក្រុង​​​ភ្នំពេញ។​​​

លោក ជេត វ៉ាន់នី ស្នងការ​​​រង​​​ខេត្ត​​​បាត់​​​ដំបងបាន​​​បញ្ជាក់​​​ថា ​​​ខេត្ត​​​លោក​​​​​​បាន​​​នាំ​​​មុខ​​​គេ​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​បទល្មើស​​​ប្រឆាំង​​​នឹង​​​​​​កុមារ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ទោះ​​​បី​​​ជា​​​​​​លោក​​​​​​បាន​​​បដិសេធ​​​មិន​​​​​​ផ្តល់​​​​​​តួ​​​លេខ​​​ជាក់​​​លាក់​​​ក៏​​​ដោយ។​​​

ស្នងការ​​​រង​​​​​​​​​ខេត្ត​​​រូប​​​នេះ​​​បាន​​​បន្ទោស​​​ទៅ​​​លើ​​​​​​កត្តា​​​មួយ​​​ចំនួន​​​ គឺឪពុក​​​ម្តាយ​​​តែង​​​តែ​​​ទុក​​​កូន​​​​​​ចោល​​​ឲ្យ​​​នៅ​​​ម្នាក់​​​ឯង​​​ក្នុង​​​ផ្ទះ ពេល​​​មិន​​​នៅ​​​ផ្ទះ​​​ ការ​​​ផឹក​​​ស្រា​​​ច្រើន​​​ ការ​​​មើល​​​រឿង​​​អាស​​​អាភាស ផ្ទះ​​​នៅ​​​ឆ្ងាយ​​​ដាច់​​​ពី​​​គេ និង​​​មាន​​​ការ​​​អប់​​​រំ​​​ទាប។ លោក ជេត វ៉ាន់នី បាន​​​មាន​​​ប្រសាសន៍​​​ថា ក្មេងៗ​​​ដែល​​​ទៅ​​​ឃ្វាល​​​គោក្របី​​​ ជាធម្មតា​​​នៅ​​​តំបន់​​​ជនបទ​​​ចុង​​​កាត់​​​មាត់​​​​​​ញក គឺ​​​ងាយ​​​ទទួល​​​រង​​​​​​​​​បទ​​​ល្មើស។​​​

ស្នងការ​​​រង​​​​​​​​​ខេត្ត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “យើង​​​ប្រឹង​​​ប្រែង​​​​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​បន្ថែម​​​ទៀត​​​លើ​​​ករណី​​​បែបនេះ ហើយ​​​យើង​​​ប្រាប់​​​ឲ្យ​​​អ្នក​​​ភូមិ​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​កូន​​​ចៅ​​​របស់​​​ខ្លួន​​​”៕ រើន

 

 

 

The post ប៉ូលិស​​​​​​​​​ថា មាន​​​បទឧក្រិដ្ឋ​​​ប្រហែល​​​៣០០ករណី​​​​​​កើត​​​ឡើង​​​ចំពោះ​​​កុមារ​​​ក្នុង​​​ឆ្នាំ​​​២០១៥ appeared first on ខេមបូឌា ដេលី.