ក្រសួងអប់រំ ណែនាំការបង្រៀន សិក្សាអត្ថបទ នៅថ្នាក់មធ្យម សិក្សាបឋមភូមិ

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ការបង្រៀនសិក្សាអត្ថបទនៅមធ្យមសិក្សា បឋមភូមិ ថ្នាក់ទី៧-៨-ថ្នាក់ទី៩ សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ។

យោងតាមសេចក្ដីណែនាំ របស់ ក្រសួងអប់រំចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ការណែនាំនេះ មានសារៈសំខាន់ ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ដ្រខ្មែរព្រោះ វាធ្វើឲ្យអ្នកសិក្សាយល់ ដឹងកាន់តែច្បាស់ និងស៊ីជម្រៅទៅលើអត្ថន័យខ្លឹមសារ។

សេចក្តីណែនាំខាងលើបន្តថា  “នឹងធ្វើឲ្យអ្នកយល់ដឹងបន្ថែមទៀត អំពីជីវប្រវត្តិ ស្នាដៃសំខាន់ៗ សង្គមបរិយាកាសនៃការកកើតរឿង និងទស្សនវិស័យ របស់អ្នកនិពន្ធ។ ម៉្យាងទៀតការសរសេរ តែងសេចក្ដី បែបអត្ថាធិប្បាយបានល្អ ត្រឹមត្រូវច្បាស់លាស់ ក្បោះក្បាយ និងស៊ីជម្រៅ។ លុះត្រាតែអ្នកសិក្សា យល់ដឹងច្បាស់លាស់ទូលំទូលាយ ទៅលើខ្លឹមសារ នៃរឿងទាំងមូល រួមផ្សំនឹងចំណេះដឹងទូទៅបន្ថែមទៀត”។

ប្រភពបន្តថា  ចំណុចទាំងនេះ ដើម្បីឲ្យការរៀន និងបង្រៀន វិភាគទាំងមូល ក្នុងមុខវិជ្ជាភាសាខ្មែរ នៅមធ្យមសិក្សា បឋមភូមិ ថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ៕