ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ មក​រា​ថា ប្រទេស​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក នឹង​រៀបចំ​ធ្វើ​ចាប់ពី​ខែមីនា​ទៅ នូវ​សមយុទ្ធ​យោធា​រួម​នានា​ផ្តោត​លើ​ការ​ចាប់​រក និង​ការ​កម្ទេច​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​៧ មក​រា​កន្លង​មកនេះ បាន​ដាក់​ជូន​គណៈកម្មាធិការ​ការពារ​របស់​សភា​នូវ​ផែនការ​របស់​ខ្លួន​សម្រាប់​ធ្វើ​សមយុទ្ធ​ដែល​មាន​ឈ្នោះ​ថា «​ប្រតិបត្តិការ ៤D » ជា​ភាសា​អង់គ្លេស​គឺ DETECT DISRUPT DESTROY  AND DEFENSE ដែល​មាន​ន័យ​ថា​តាម​ចាប់​រក រារាំង​កម្ទេច​និង​ការពារ ។

ប្រទេស​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ប៉ុនប៉ង​ធ្វើ​ប្រតិបត្តិការ 4D ជា​លើក​ដំបូង​ក្នុង​ឱកាស​នៃ​សមយុទ្ធ​យោធា​រួម KEY RESOLVE  និង FOAL EAGLE  ដែល​នឹង​ចាប់ផ្តើម​នា​ដើមខែ​មីនា​ខាង​មុខ​នេះ ។ ផែនការ​ប្រតិបត្តិការ​នោះ ត្រូវ​បាន​ដាក់​ជូន​សភា​បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រុង​ព្យុ​ង​យ៉ាង​ពី​ជោគជ័យ​នៃ​ការ​សាកល្បង​គ្រាប់បែក​អុ​ី​ដ្រូ​ហ្សែ​ន​លើក​ដំបូង​របស់​ខ្លួន​មក ។

ផែនការ​នេះ​ដែល​ប្រកាស​ដោយ​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ប្រទេស​ទាំង​២ ស្តី​ពី​កិច្ច​ការពារ​កាលពី​ខែវិច្ឆិកា​កន្លង​មកនេះ​នឹង​អាច​អនុវត្ត​ឆាប់​ជាង​ការ​គ្រោងទុក ៕