ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ហើយ​បាន​ដើរ​ឆ្លង​ទឹកស្ទឹង បណ្ដាល​ឱ្យ​ធ្លាក់​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​កោះ សង្កាត់​លលក​.​ស ក្រុង​ពោធិ៍សាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​លឹ​ម ម៉ុ​ល អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​តូង សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ រួម​ជាមួយ​ប្រពន្ធ​បាន​ដើរ​ហៅ​សំបុត្រ​ភ្ញៀវ ដើម្បី​ចូលរួម​ការកូន​ដែល​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ ។ ជន​រង​គ្រោះ​បាន​ដើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ជួប​មិត្តភក្តិ និង​អ្នកស្រុក ដែល​កំពុង​ផឹកស៊ី​តាម​ផ្ទះ ក៏​ចូល​ផឹក​ជាមួយ​រហូត​ស្រវឹង​ជោកជាំ ។ លុះដល់​ពេល​ល្ងាច​ត្រឡប់​មក​ផ្ទះ​វិញ បាន​ដើរ​ឆ្លង​ទឹកស្ទឹង​ពោធិ៍សាត់​នៅ​ម្ដុំ​ភូមិ​កោះ ដែល​ប្រពន្ធ​ដើរ​មុន ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ដើរ​ឆ្លង​ទឹកស្ទឹង​ទៅ​មុន​បាត់ រីឯ​បុរស​ជា​ប្ដី​នៅ​ងូតទឹក​លេង​សិន ។ ពេល​ដើរទៅ​ដល់​មុខ​មួយសន្ទុះ​ធំ​ហើយ នៅ​តែ​មិនឃើញ​ប្ដី​មក​តាម ក៏​ត្រឡប់​មក​វិញ តែ​មិនឃើញ​ប្ដី​នៅ​ងូតទឹក​ស្ទឹង​ទេ ។ ដោយ​នឹក​ស្មានថា ប្ដី​ស្ដាយ​ស្រា​ត្រឡប់​ទៅ​ផឹក​ជាមួយ​អ្នកស្រុក​វិញ ប្រពន្ធ​ក៏​ទៅ​សួរនាំ តែ​អ្នកស្រុក​បាន​ប្រាប់​ថា «​ល្បង​ម៉ុ​ល​ទៅ​ហើយ​» ។ ដោយ​មានការ​សង្ស័យ ប្រពន្ធ​និង​អ្នកស្រុក​នៅ​ទីនោះ បាន​នាំ​គ្នា​ចុះ​រាវ​ក្នុង​អន្លង់​ទឹកស្ទឹង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន គឺ​បណ្ដាល​មក​ពី​ស្រវឹងស្រា​ខ្លាំង​ពេក ពេល​ប៉ះ​ទឹក​អាច​ទៅ​ជា​ខ្យល់​.​គ ។ គួរ​ឱ្យ​សោកស្ដាយ​ដែរ​ព្រោះថា ជិត​ដល់​ថ្ងៃ​ការកូន​ទៅ​ហើយ បែរជា​ជួប​គ្រោះថ្នាក់​ស្លាប់​បែប​នេះ​ទៅ​វិញ ។