ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ​ ៖ យុវជន​ម្នាក់​​បាន​ស្លាប់​ដោយសារ​រង​អំបែង​គ្រាប់​មុត​ធ្លាយ​សុះសាច់ ខ​ណៈ​ដែល​យុវជន​រង​គ្រោះ​បាន​រើស​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​មិន​ស្គាល់​ប្រភេទ មក​ដំយក​សំបក ឬ​បម្រុង​យក​មក​កែ​ច្នៃ​បណ្តាល​ឲ្យ​ផ្ទុះ​លាន់​កង​រំពង នៅ​ព្រៃ​ខ្ទម​ស្រែ ក្នុង​ឃុំ​ថ្មី ស្រុកចិត្រ​បុរី កាលពី​រសៀល​ថ្ងៃ​១២ មក​រា​។

យុវជន​រង​គ្រោះ​ឈ្មោះ លឹ​ម សុខ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ថ្មី ស្រុក​ចិត្របុរី ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ទទួល​រង​អំបែងគ្រាប់​ផ្ទុះ​ត្រូវ​សុះសាច់​លើ​រា​ងកាយ​។

អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​វរសេនីយ៍ទោ យ៉ា​ន់ ហ៊ៀ​ង បាន​ចាត់​ទុក​ថា ការផ្ទុះ​គ្រាប់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នេះ ជា​ករណី​កើត​មាន​ជា​លើក​ដំបូង​ក្នុងភូមិ​សាស្ត្រ​​របស់​លោក ព្រោះ​កន្លង​មក​អាជ្ញាធរ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​​លើ​ការ​ហាមប្រាម​មិន​ឲ្យ​ប៉ះពាល់​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ និង​ត្រូវ​រាយការណ៍​បន្ទាន់​មក​អាជ្ញាធរ​រាល់​ពេល​ប្រទះ​ឃើញ​។

ចំពោះ​ការ​ស្លាប់​របស់​យុវជន​វ័យក្មេងក្នុង​ករណី​ផ្ទុះ​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​នេះ​ត្រូវ​បាន​លោកអធិការ​នគរបាល​ស្រុកសន្និដ្ឋាន​ថា យុវជន​រង​គ្រោះអាច​រើស​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិន​ទាន់​ផ្ទុះប្រភេទ​ណាមួយមក​វាយ​យក​សំបក​លក់ ឬក៏បំរុ​ង​យក​គ្រាប់​នេះ​មក​កែ​ច្នៃ​សម្រាប់​យក​ទៅដាក់​បំផ្ទុះ​យក​ត្រី​៕