ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ កុមា​រា​ម្នាក់ស្លាប់​ភ្លាម​ៗ​ដោយ​មិន​អាច​ស្រោចស្រង់​ជី​វិត​បាន ​ក្នុង​ចំណោម​កុមា​រាកុមារី​៣​នាក់ ​​​បន្ទាប់​ពី​កុមារទាំង​៣នាក់​​​នេះចុះ​លេងទឹកសមុទ្រ​នៅ​ក្បែរ​ផ្ទះ ​​ពេល​​ដែល​​ឪពុក​ម្តាយ​មិន​នៅផ្ទះ​​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី១២​ មក​រា ​ឆ្នាំ២០១៦ ​នៅ​ចំណុច​ផែរ៉ូ​យ៉ា​ល់ ស្ថិត​ក្នុងភូមិ​៣ ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ ។

​យោង​តាម​ប្រភព​ពី​លោក ម៉​ន ស៊ី​នេ​ត ​អាយុ​ជាង​៣០​ឆ្នាំ ​បានឱ្យ​​ដឹង​ថា ​​​គាត់​មានកូន​២​នាក់ ​ស្រី​ម្នាក់​ឈ្មោះ ម៉​ន ឆវី អាយុ​១០​ឆ្នាំ និង​កូនប្រុស​ឈ្មោះ ម៉​ន រតនៈ​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ (​​ស្លាប់​​) ​​​។ ជា​រៀងរាល់ថ្ងៃ​រូប​គាត់ ​និង​ប្រ​ព​ន្ឋ​ឈ្មោះ អែម សា​វឿ​ន​ អាយុ​២៨​ឆ្នាំ​ ក្នុង​ថ្ងៃ​កើត​ហេតុ​ពុំ​បាន​នៅផ្ទះ​ទេ​ ដោយ​ប្រ​ព​ន្ឋ​ទៅ​ធ្វើការ​​នៅ​រោងចក្រ​​ ​រីឯគាត់​​រត់​ម៉ូតូឌុប ដោយ​ទុក​កូន​ទាំង​​២នាក់​ឱ្យ​​នៅ​ចាំផ្ទះ​ ហើយ​កូន​​​គាត់​បាន​ទូរស័ព្ទ​ប្រាប់​ថា ​សុំ​ទៅ​មុជ​ទឹកសមុទ្រ​ក្បែរ​ផ្ទះ ​រហូត​ដល់​ម៉ោងជាង​៥ល្ងាច ​​ស្រាប់តែ​គាត់​ទទួល​បាន​​ដំណឹង​​ថា កូនប្រុស​គាត់​ឈ្មោះ ម៉​ន រតនៈ បាន​លង់ទឹក​ស្លាប់​នៅ​ផែ​ក្បែរ​ផ្ទះ ​ចំណែក​​កូនស្រី និងកុមារី​ម្នាក់​ទៀត ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​​សង្គ្រោះទាន់​​ពេល​​ ។

ក្រោយ​កើតហេតុ សព​កុមា​រា​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារយក​ទៅ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ចំណែក​កុមារីរង​គ្រោះទាំង​២​នាក់​​​ ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក ​៕​