ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​កុងត្រា​សម្ដែង​ក្នុង​រឿង​ធំ​គឺ​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» ដែល​អ្នក​ណា​ៗ​ក៏​ចង់​ចូលរួម​សម្ដែង​ហើយ​នោះ កញ្ញា សម ថា​រ័​ត្ន ដែល​ជា​កីឡាការិនី​ពោរពេញ​ដោយ​ក្បាច់គុន​មួយ​រូប ក៏​ត្រូវ​គេ​ឃើញ​បាន​សម្ដែង​ក្នុង​រឿង «​មុន​ពេល​គេ​សម្លាប់​ឪពុក​ខ្ញុំ​»​ដែល​ជា​រឿង​ចុះ​ថត​ដោយ​ផ្ទាល់​ដោយ​ផលិតកម្ម​ហូ​លី​វូ​ដដែល​មាន​តារាភាពយន្ត​ដ៏ល្បី​គឺ​អ្នក​នាង​អែន​ជេ​លី​ណា ជូ​លី ជា​តួ​សម្ដែង​ផង​ដែរ ។ មានការ​អះអាង​ថា កីឡាការិនី​រូប​នេះ កាក់កប​គ្រាន់បើ​នៅ​ពេល​បើក​ឆាក​ដើមឆ្នាំ​២០១៦​នេះ ខណៈ​ដែល​រឿង​ទាំង​ពីរ​សុទ្ធតែ​ជា​រឿង​ខ្នាត​ធំ​ដែល​មាន​អ្នក​ចាប់អារម្មណ៍​លើសលប់​នៅ​កម្ពុជា ។

ប្រភព​ច្បាស់​ការណ៍​បាន​អះអាង​ថា ប្រមាណ​ជា​ជាង​១០​ថ្ងៃ​មក​ហើយ​ដែល​កញ្ញា​សម ថា​រ័​ត្ន សស្រាក់សស្រាំ​ក្នុង​ការ​សម្ដែង​រឿង​«​មុន​ពេល​គេ​សម្លាប់​ឪពុក​ខ្ញុំ​»​ដែល​ជា​រឿង​ហូ​លី​វូ​ដ​ចុះ​ទុន​ដោយ​ផ្ទាល់​របស់​តារាភាពយន្ត​អែន​ជេ​លី​ណា ជូ​លី ។ នៅ​ក្នុង​រឿង​នេះ កញ្ញា​ត្រូវ​គេ​ឱ្យ​សម្ដែង​ជា​តួអង្គ​មិត្ត​បង​នៅ​ក្នុង​របប​ប៉ុ​ល​ពត ដោយ​ក្រៅពី​ជា​តំណែង​លេចធ្លោ​នៅ​ក្នុង​រឿង​ក៏​ជា​តំណែង​ដែល​ស៊ីថ្លៃ​ខ្ពស់​ក្នុង​ការ​ចេញ​ថត​នោះ​ដែរ​។

ប្រភព​ដដែល​និយាយ​ថា នៅ​ក្នុង​មួយ​រឿង​នេះ កញ្ញា​ដើរតួ​សឹងតែ​ពី​ដើម​ដល់​ចប់ ហើយ​ក៏​មាន​ប្លង់​លេង​ប្រហាក់ប្រហែល​នឹង​តួអង្គ​សំខាន់​ផ្សេង​ទៀត​ផង​ដែរ ។ នេះ​ជា​មោទនភាព​មួយ​ដែល​កីឡាការិនី​មួយ​រូប​ត្រូវ​បាន​ផលិតករ​បរទេស​សម្រេច​ជ្រើស​យក​ឱ្យ​ផ្ដល់​ឱកាស​សម្ដែង​ខ្សែ​រឿង​កម្រិត​ពិភពលោក​ដែល​គ្រោង​នឹង​យក​ទៅ​ដាក់​បញ្ចាំង​លើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ខាង​មុខ ។ អ្នក​នាង​អែន​ជេ​លី​ណា ជូ​លី ធ្លាប់​បាន​បញ្ជាក់​ថា មួយ​រឿង «​មុន​ពេល​គេ​សម្លាប់​ឪពុក​ខ្ញុំ​»​នេះ ជា​រឿង​ដែល​អ្នក​នាង​ដកស្រង់​ពី​ជីវិត​ពិត​របស់​កូន​ខ្មែរ​ម្នាក់​ដែល​បាន​រួច​ផុត​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ហើយ​ក៏​ជា​រឿង​គ្រោង​ចំណាយ​ទុន​អស់​រាប់​លាន​ដុល្លារ​នោះ​ដែរ ។

នៅ​ក្នុង​រឿង​នេះ គេ​ឃើញ​អ្នក​នាង​កុម្ម៉ង់ និង​ផលិត​ឡើង​សុទ្ធតែ​ប្រភេទ​រថយន្ដ​ដែល​ប្រើ​ធ្វើសង្គ្រាម​ក្នុង​របប​លន់ ន​ល់ និង​របប​ប៉ុ​ល ពត ហើយ​មានការ​រៀបចំ​ឆាក​សឹង​ដូច​គ្នា​ពិត​ៗ​នៅ​ក្នុង​សម័យ​នោះ ដើម្បី​រំលេច​ពី​ហេតុការណ៍​ប្រល័យពូជសាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នោះ​។ អ្នក​នាង​អែន​ជេ​លី​ណា ជូ​លី ធ្លាប់​បាន​បញ្ជាក់​ថា ការ​សម្រេច​ចុះ​ថត​ខ្សែភាពយន្ត​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ គឺ​បន្ទាប់​ពី​មើលឃើញ​របប ប៉ុ​ល ពត ពិតជា​សាហាវយង់ឃ្នង​មែន ដែល​ពិភព​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​របប​មួយ​នេះ​នៅឡើយ ។ នៅ​ក្នុង​រឿង​នេះ អ្នក​នាង​មិន​បាន​ជ្រើស​យក​តួអង្គ​បរទេស​ឱ្យមក​សម្ដែង​រួម​នោះ​ទេ គឺ​ផ្ដល់​ឱកាស​ឱ្យ​តួអង្គ​ខ្មែរ​ចុះ​ថត​ទាំងអស់ ប៉ុន្តែ​មានការ​ប្រិត​ព្រៀង​មុន​ពេល​ដំណើរការ​ដោយ​មិនមែន​ចេះ​តែ​ថត​ឱ្យ​តែ​បាន​ៗ គឺ​ដំណើរការ​ថត​តាម​ទម្រង់​ទាំងស្រុង​នៃ​ខ្សែ​រឿង​ហូ​លី​វូ​ដ ។ នៅ​ក្នុង​រឿង​នេះ តួអង្គ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានមុខ​ភាគច្រើន ប៉ុន្តែ​ប្លង់​លេង​របស់​ពួក​គេ​មិន​ច្រើន​ណាស់ណា​លើស​កញ្ញា សម ថា​រ័​ត្ន នោះ​ទេ ទើប​គេ​ចាប់អារម្មណ៍​ថា​យីអ៊ុន​របស់​កីឡាការិនី​រូប​នេះ​ឡើង​កូដ ចាប់តាំងពី​បាន​បើក​ឆាក​ជាប់​សម្ដែង​ក្នុង​រឿង​ហ្លួង​ព្រះស្ដេច​កន​។

ប្រភព​ដែល​ជិត​ស្និ​ទ្ធិ​នឹង សម ថា​រ័​ត្ន បញ្ជាក់​ថា នៅ​ក្នុង​រឿង​ដែល​ផលិត​ដោយ​អែន​ជេ​លី​ណា​ជូ​លី​នេះ  នាង​បាន​សម្ដែង​ប្រមាណ​ជាង​២០​ថ្ងៃ ដោយ​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​កម្រៃ​ច្រើន​រយ​ដុល្លារ ដោយ​មិនមែន​ទទួល​បាន​កម្រៃ​តិចតួច​ដូច​អ្វី​ដែល​នាង​ធ្លាប់​ថត​រឿង​ក្នុងស្រុក​នោះ​ទេ​។ ក្រៅពី​បាន​តម្លៃ​ខ្លួន​ខ្ពស់ ការ​រៀបចំ​ផ្សេង​ៗ​មិន​ថា សម្លៀក​បំពាក់ ការ​តុបតែង​ខ្លួន និង​មុខមាត់​ជាដើម គឺ​សុទ្ធតែ​ជា​បន្ទុក​របស់​ផលិតករ​ទាំងអស់​ដោយ​មិនបាច់​ខ្វល់​ពី​រឿង​យក​លុយ​ដែល​បាន​ពី​ថត​ទៅ​ចំណាយ​វិញ​នោះ​ទេ ។

ប្រភព​ទម្លាយ​បន្ត​ថា ៖« សម ថា​រ័​ត្ន សម្ដែង​រឿង​ហ្នឹង​គាត់​ថត​ស៊ី​ថ្ងៃ ហើយ​ក្នុង​មួយ​ថ្ងៃ​ខាង​ហូ​លី​វូ​ដ​គាត់​ឲ្យ​ដល់​រាប់រយ​ដុល្លារ ហើយ​ខ្ញុំ​យល់​ថា​គាត់​សំណាង​ដែល​បាន​ថត​រឿង​ធំ​មួយ​ហ្នឹង​!» ។ ក្រុម​ទម្លាយ​ព័ត៌មាន​បាន​ចាត់​ទុក​ថា ឱកាស​បង្ហាញខ្លួន​របស់ សម ថា​រ័​ត្ន ក្នុង​រឿង​របស់​អែន​ជេ​លី​ណា​ជូ​លី គឺជា​មុខមាត់​មួយ បន្ទាប់​ពី​បាន​ក្លាយជា​តារា​សម្ដែង និង​ជា​កីឡាការិនី​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ផង ។ យ៉ាងណា​ក៏​ដោយ ក្នុង​កុងត្រា គឺ​ក្រុម​ផលិត​រឿង​មិន​អនុញ្ញាត​ឱ្យ​តួអង្គ​សម្ដែង​ក្នុង​រឿង​នេះ​លាតត្រដាង​ពី​ការ​សម្ដែង​របស់​ខ្លួន​នៅ​ក្នុង​រឿង​នេះនោះ​ទេ ដោយ​សូ​ម្បី​តែ​ការ​ថតរូប​បង្ហោះ​ក្នុង​ពេល​ចុះ​ថត ក៏​ត្រូវ​ហាមប្រាម ។ សម ថា​រ័​ត្ន បាន​បដិសេធ​បញ្ជាក់​ថា ការ​ទម្លាយ​ព័ត៌មាន​ខាងលើ​ជា​ការ​ពិត​ឬ​មិន​ពិត ដោយ​ស្នើ​ឱ្យ​រង់ចាំ​តាមដាន ។

ងាក​ទៅ​កាន់​តំណែង​ក្នុង​រឿង​ហ្លួង​ព្រះស្ដេច​កន​វិញ អ្នកនាំពាក្យ​រូប​នេះ បញ្ជាក់​ថា គឺ​ជិត​ដំណើរការ​ហើយ ដោយសារ​តែ​ខាង​ផលិតករ ក៏​នឹង​ចេញ​ថត​ឈុត​ឆាក​របស់​នាង​មិន​ហួស​ពី​ចុង​ខែមករា​នេះ​ដូច​គ្នា ។ លោក​ថា ថា​រ័​ត្ន​បាន​តំណែង​ជា​មេទ័ព​ស្រី​របស់​ស្ដេច​កន ដោយ​ក្រៅពី​ត្រូវ​បង្ហាញ​ក្បាច់គុន​ក្នុង​រឿង ក៏​ត្រូវ​បង្ហាញ​ពី​រូប​សម្រស់​ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់​ផង​ដែរ​។ នាង​ត្រូវ​បាន​ផលិតករ​កំណត់​ឱ្យ​សម្ដែង​ជា​តួអង្គ​មេទ័ព​ស្រី​ឈ្មោះ ដួង និង​ជា​អ្នក​បង្វឹក​កងទ័ព​ស្រី​នៅ​ក្នុង​បន្ទាយ​ក្រុង​ស្រឡប់​ពិជ័យ​របស់​ស្ដេច​កន ដែល​មាន​ឈុត​ឆាក​តាំងពី​កណ្ដាល​រឿង​រហូត​ដល់​ចប់​ជាមួយនឹង​ស្ដេច​កន និង​ភរិយា​របស់​ស្ដេច​កន​។ នាង​ធ្លាប់​អះអាង​ថា ខ្លួន​ត្រូវ​គេ​ឱ្យ​ដើរតួ​ឈ្មោះ នាង​ឌួ​ង ដោយ​ក្នុង​ដំណើររឿង គឺ​នាង​ជា​តួអង្គ​ដែល​ជួយ​ឱ្យ​ស្ដេច​កន កាន់តែ​មាន​ឥទ្ធិពល​ក្នុង​សឹកសង្គ្រាម និង​បាន​ក្លាយជា​ព្រះមហាក្សត្រ​ដែល​មាន​អំណាច​បន្ថែម​ទៀត ។

នេះ​ជា​លើក​ដំបូង ដែល​នាង​បាន​ទទួល​ឱកាស​ចូល​សម្ដែង​ក្នុង​ខ្សែ​រឿង​ខ្នាត​ធំ​ថ្នាក់​ជាតិ ដែល​ត្រូវ​គេ​អះអាង​ថា​នឹង​ចំណាយ​ខ្ទង់សែន​ដុល្លារ មិន​ចាញ់​រឿង​របស់​អែន​ជេ​លី​ណា ជូ​លី នោះ​ដែរ ។ មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល សម ថា​រ័​ត្ន បាន​សម្ដែង​ក្នុង​រឿង​ហ្លួង​ព្រះស្ដេច​កន​ផង ហើយ​ថែម​ទាំង​បាន​ក្ដោប​ក្ដាប់​តំណែង​ធំ​ក្នុង​រឿង​ហូ​លី​វូ​ដ របស់​អែន​ជេ​លី​ណា ជូ​លី ក្នុង​ពេល​នេះ​ទៀត ៕