ក្រុម​លេខ​២​របស់​ថៃ មក​ដល់​កម្ពុជា​ស្អែកនេះ​ រីឯ​​កន្លែងលក់​សំបុត្រ ត្រូវបាន​​បន្ថែម

ក្រុម​លេខ​២​លីក​កំពូល​របស់​ថៃ SCG Muangthong United នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្រុម Cambodian All Star នៅពហុកីឡដ្ឋាន​ជាតិ​នា​ម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ខណៈ​កន្លែង​​លក់​សំបុត្រ ក៏​ត្រូវ​បាន​បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​ទទួល​បាន​ប្រាក់​កាន់​តែ​ច្រើន យក​ទៅ​ជួយ​ដល់​មុន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។

kh-bk01ក្រុម Cambodian All Stars បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់ រៀង​រាល់​ពេល​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ តាំង​ពី​ថ្ងៃ​ទី​១១ ខែមករា ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្គោល លោក ប្រាក់ សុវណ្ណារ៉ា ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​នេះ។
ចំណែក​ក្រុម​ SCG Muangthong United នឹង​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៥:២៥ ខណៈ​សន្និសីទ​កាសែត ស្តីពី​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ដើម្បី​រក​ប្រាក់​ជួយ​ដល់​មុន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នេះ នឹង​ធ្វើ​នៅ​រសៀល​ម៉ោង១:៤០ ក្នុង​សណ្ឋាគារ Juliana Hotel ហើយ​បន្ទាប់​​ក្រុម​អ្នក​កាសែត ​ត្រូវ​ទៅ​ចាំ​ទទួល​ស្វាគមន៍​ការមក​ដល់​របស់​ក្រុម SCG Muangthong តែ​ម្តង។ ​
ដោយ​ឡែក សម្រាប់​តម្លៃ​សំបុត្រ​ចូល​រួម​ទស្សនាការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ គឺ​​កន្លែង​កៅអី​ជ័រ​មានដំបូល ​១សន្លឹក​តម្លៃ​២​ដុល្លារ និង​កន្លែងអង្គុយ​គ្មាន​ដំបូល ១សន្លឹក​តម្លៃ​១​ដុល្លារ ហើយ​ក៏​មាន​លក់​អាវ​យឺត​ ដែល​បាន​បោះ​ពុម្ព​សម្រាប់​ការ​ប្រកួត​នេះ ដោយ​អាវ​យឺត​១​តម្លៃ​៥​ដុល្លារ​ផង​ដែរ ខណៈ​ប្រាក់​ទទួល​បាន​ពី​ការ​លក់​សំបុត្រ និងលក់​អាវ​យឺត នឹង​ប្រគល់​ជូន​ដល់​ពេទ្យ​គន្ធ​បុប្ផា។

kh-bk
សម្រាប់​ការ​លក់​សំបុត្រ​ និង​លក់​អាវ​យឺត នៅ​ទី​តាំង​ចំនួន​៣​គឺ ផ្សារ​ទំនើប​ស៊ីធីមល ផ្សារ​ទំនើបធី​ខេទួល​គោក និង​នៅ​កោះ​ពេជ្រ ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មក​ដល់​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែមករា​​​នេះ គឺ​បានទទួលប្រាក់​​ចំនួន១១០០០​ដុល្លារ​ហើយ ហើយ​នៅ​ពេល​នេះ កម្ពុជា​បាន​បន្ថែម​ទី​តាំងលក់​សំបុត្រ​​មួយ​ចំនួន​ទៀត ​ដើម្បី​ពង្រីក​វិសាល​ភាព​ដល់​ការ​លក់ និង​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​​គាំទ្រ​រក​ទិញផង​ដែរ ខណៈ​ទី​តាំង​​សម្រាប់​លក់​សំបុត្រ​បន្ថែម​នោះ​មាន​នៅ៖​
1/.នៅសាលា​តិចណូ៖ មាន​លក់​នៅ​​ថ្ងៃ​​ពុធ​ ទី​១៣ ខែ​មករា ចាប់​ពី​ម៉ោង​៩:៣០​នាទី ​ព្រឹក​ដល់​៥​ល្ងាច​។
2/.នៅសាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង៖ មាន​លក់​​ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៥​ ខែ​មករា​ ចាប់​ពី​ម៉ោង ៩:៣០​​ព្រឹក​​ដល់​៥​ល្ងាច​ដូច​គ្នា។
3/. នៅស្តាត​អូឡាំពិក៖ ចាប់​ពី​ថ្ងៃ​​១៣​ ដល់​​​​ថ្ងៃ​ប្រកួត​ទី​១៦ មករា​ ដោយ​មាន​លក់​ចាប់​ពី​ម៉ោង​​២​ថ្ងៃ​តទៅ។