ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ប៊ិ​ត ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន បាន​ណាត់​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា សាក​កណ្ដាប់ដៃ​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ទី​១៦ មក​រា ខាង​មុខ​នេះ ។

រវាង​គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ​។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​មិន​ទាន់​ហ៊ាន​វាយតម្លៃ​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ទេ ។

ប៊ិ​ត ប៊ុ​ន​ធឿ​ន មាន​មាឌ​ក្រាស់​និង​ចិត្តសឿង​ជាង សុខ ចិន្ដា បន្តិច ប៉ុន្តែ​ចាញ់​កម្ពស់ និង​វាយ​ល្អ​បាន​តែ​ចូល​កៀក​ប៉ុណ្ណោះ បើ​វាយ​ជា​ប្រយោល​វិញ​មិន​អាច​ទៅ​រួច​ជាមួយ​សុខ ចិន្ដា ឡើយ ។ ចំណែក សុខ ចិន្ដា មិនមែន​ជា​ជើង​អន់​ទេ គេ​វាយ​ជា​ប្រយោល​ក៏​បាន ចូល​កៀក​ក៏​បាន គ្រាន់តែ​ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​រាង​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ ។ ចាំ​មើល​ការ​ជួប​គ្នា​លើក​ទី​១ រវាង​គូ​នេះ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។

ក្រៅពី​គូ​ជក់ចិត្ត​នេះ​ទៅ​នៅ​លើ​សង្វៀន​ដដែល ក៏​មាន​គូ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា កីឡាករ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​កីឡាករ​ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​សេក គឹ​ម​ភាព មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀម​រាប ។ កីឡាករ ឃិ​ន សុវណ្ណ​និល មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​កីឡាករ ឡាញ់ ប៊ុ​ណ្ណា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន និង​កីឡាករ​ធន់ វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕