ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​៧​មក​រា​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឆ្នាំ​នេះ មាន​ក្លិប​និង​សមាគម​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១៤ ពោល​គឺ​កើន​បាន​៤​ក្លិប​បន្ថែម​ទៀត ។

លោក ជាម សុភា មន្ត្រី​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា និង​ជា​អនុ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​កន្លង​មកនេះ​ថា មក​ទល់​នឹង​ពេល​នេះ សហព័ន្ធ​ទទួល​បាន​ក្លិប​និង​សមាគម​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​គ្រប់​ចំនួន​អស់ហើយ ដែល​មាន​ទាំងអស់​១៤​ក្លិប​និង​សមាគម ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​ក្លិប​ថ្មី​មួយ​ចំនួន​ដែរ​ប៉ុន្តែ​សម្រាប់​ក្លិប​ខេមរៈ​នៅ​តែ​អវត្តមាន​ដដែល ។ លោក​បានឱ្យ​ដឹង​ថា ចំពោះ​ក្លិប​និង​សមាគម​ទាំង​១៤​នោះ​រួម​មាន ខេត្តកោះកុង ,​ស្វាយ​រៀង ,​កំពត ,​ត្រពាំង​ស្រែ​,​កំពង់ចាម​,​កំពង់ឆ្នាំង ,​កំពង់ស្ពឺ​,​មុន្នី​ឋា​ប​នា​,​សៀមរាប​,​រតនៈគិរី ,​មណ្ឌលគិរី ,​ព្រះ​សីហ​នុ ,​ក្លិប​បឹង​កេ​ត និង​ព្រះ​ខ័ន​រាជ ។ ចំណែក​វិញ្ញាសា​ប្រកួត​ក៏​មាន​វិញ្ញាសា​ថ្មី​មួយ​ចំនួន​ដែរ​ដូច​ជា វិញ្ញាសា​វាយ​គូ​បុរស​អាយុ​លើ​១៩​ឆ្នាំ​, វាយ​គូ​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ​, វាយ​គូ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​, វាយ​គូ​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ និង​វាយ​ទោល​កុមារ​អាយុ​ក្រោម​១១​ឆ្នាំ ។ ដោយឡែក​សម្រាប់​វិញ្ញាសា​វាយ​គូ​បុរស​វ័យ​កណ្ដាល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ដល់​៥០​ឆ្នាំ និង​ប្រកួត​វ័យចាស់​អាយុ​៥០​ឆ្នាំ​ឡើង ។ ផ្នែក​នារី​មាន​ប្រកួត​វាយ​គូ​មិន​គិត​អាយុ និង​ប្រកួត​វាយ​គូ​ចម្រុះ​បុរស​នារី​អាយុ​ក្រោម​១៧​ឆ្នាំ ។

លោក ជាម សុភា បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១៦​ដល់​១៧ មក​រា ឆ្នាំ​២០១៦ ក្រោម​ការ​សហការ​រវាង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា និង​សាលាខេត្ត​ព្រះ​សីហ​នុ ៕