មន្ត្រី​អះអាងថា​ប្លង់ដី​សម្រាប់​សង់​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​នឹង​រួចរាល់​នៅ​ចុង​សប្តាហ៍​នេះ

​រាជធានី​ភ្នំពេញ​៖​លោក តុ​ក វ៉ាន់​ចាន់ មន្ត្រី CNRP បាន​បញ្ជាក់ថា ឯកសារ​ប្លង់ដី​សម្រាប់​សាងសង់​ស្ថានីយទូរទស្សន៍​អាច​ចេញ​នា​សប្តាហ៍​នេះ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្តកណ្តាល​។​

​     លោក តុ​ក វ៉ាន់​ចាន់ បាន​បន្ថែមថា​ក្រុមការងារ​របស់លោក​កំពុង​តាមដាន និង​ពិនិត្យ​ដំណើរ​ការចេញ​ប្លង់ដី​សម្រាប់​ទូរទស្សន៍​ព្រះអាទិត្យ​នេះ បន្ទាប់ពី​ឯកសារ​ប្លង់ដី​នេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​សុរិយោដី​ខេត្ត​ក្នុងពេល​ប្រហែល​២​ខែ​មុន​។

​    ​លោក តុ​ក វ៉ាន់​ចាន់ បានបញ្ជាក់​ថា​ដី​សម្រាប់​ត្រៀម​ធ្វើ​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​គឺមាន ទំហំ ១២០៩ ម៉ែត្រការ៉េ​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ដែល​ត្រូវបាន​ទិញ​ក្នុងតម្លៃ ១០៧ ០០០ ដុល្លារ​អាមេរិក​ហើយ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ប្លង់ដី គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដើម្បី​បង្កើត​អង់ តែ​ន​ទូរទស្សន៍​។

​    ​យ៉ាងណាក៏ដោយ​មន្ត្រី CNRP រូបនោះ​អះអាងថា រឿង​លុយ​សម្រាប់​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​មិនមាន​បញ្ហាលំបាក​ទេ គឺ​គណបក្ស​មាន​លុយ​គ្រប់គ្រាន់​ហើយ​ដែល​ប្រមូលបាន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ប៉ុន្តែ​បញ្ហាសំខាន់​គឺ​ការរារាំង​ផ្នែក​នយោបាយ​ដែល​មិន​ឲ្យ​ទូរទស្សន៍​របស់​យើង​ចេញរួច​៕

មន្ត្រី​អះអាងថា​ប្លង់ដី​សម្រាប់​សង់​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​នឹង​រួចរាល់​នៅ​ចុង​សប្តាហ៍​នេះ