អ្នក​ស្រុក​សំឡូត​ចោទ​មន្ត្រី​សេដ្ឋកិច្ច​ថា​ដាក់​កុងត្រូល​យក​លុយ​ពី​ឡាន​ដឹក​ដំឡូង

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​ម្ចាស់​អាជីវកម្ម​ភាស៊ី​ចំណត​រថយន្ត​ស្រុក​នេះ​ ថា​ប្រើ​ឈ្មោះ​មន្ត្រី​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ដាក់​កុងត្រូល​តាម​ដង​ផ្លូវ​យក​ប្រាក់​ពី​ម្ចាស់​ឡាន​ដឹក​ដំឡូង​មី​របស់​ពលរដ្ឋ​​​ដោយ​សេរី និង​​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ។ ទាក់ទិន​បញ្ហា​នេះ ម្ចាស់​អាជីវកម្ម​ចំណត​រថយន្ត​បញ្ជាក់​ថា ការ​យក​ប្រាក់​ពី​រថយន្ត​ដឹក​ទំនិញ​ធ្វើ​ឡើង​តាម​ច្បាប់​កំណត់។

​​​​​​​​​​​ពលរដ្ឋ​នៅ​ស្រុក​សំឡូត អំពាវនាវ​សុំ​ឲ្យ​អភិបាល​ខេត្ត​បាត់ដំបង និង​ ​មន្ត្រី​ពាក់ព័ន្ធ​ចាត់​វិធានការ​កុំ​ឲ្យ​មាន​ការ​ដាក់​កុងត្រូល​យក​លុយ​ពី​រថយន្ត​ដឹក​កសិផល​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត។

​ពលរដ្ឋ​​​ម្នាក់​ឈ្មោះ​​​ កាប់ គើល រស់​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ថា ម្ចាស់​អាជីវកម្ម​ភាស៊ី​ចំណត​រថយន្ត​ស្រុក​សំឡូត ប្រើ​ឈ្មោះ​មន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដាក់​កុងត្រូល​យក​ប្រាក់​ពី​រថយន្ត​ដឹក​ដំឡូង​​មី​របស់​ប្រជាកសិករ​នៅ​ចំណុច​ភូមិ​ស្រែ​ល្ពៅ ឃុំ​មានជ័យ ស្រុក​សំឡូត រៀង​រាល់​ថ្ងៃ។

លោក​អះអាង​ថា ម្ចាស់​អាជីវកម្ម​នេះ​​​តែង​​ប្រើ​ពាក្យ​អសុរោះ និង​បង្ខំ​ឲ្យ​ឡាន​ចំណុះ ១០​តោន បង់​ប្រាក់​ចំនួន ១០០.០០០​រៀល​ក្នុង​មួយ​ជើង៖ «គាត់​យក​លុយ​ពី​ឡាន​ដឹក​ដំឡូង​ធ្វើ​អី​ទៀត បើ​ឡាន​បង់ពន្ធ​ជូន​រដ្ឋ​អស់​ទៅ​ហើយ។ អ៊ីចឹង​មាន​តែ​គាប​ក​ប្រជាជន​​ស្លាប់​គ្មាន​សល់​ទេ»

ឆ្លើយ​តប​​នឹង​ការ​ចោទ​ប្រកាន់​នេះ​ ម្ចាស់​អាជីវកម្ម​ភាស៊ី​ចំណត​រថយន្ត​ស្រុក​សំឡូត​ លោក​ បេ យ៉ឹង មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​យក​ប្រាក់​ចំពោះ​​​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ទំនិញ​ប៉ុណ្ណោះ ចំណែក​ឯ​​រថយន្ត​ដឹក​កសិផល​​តូចតាច គឺ​ពុំ​តម្រូវ​ឲ្យ​បង់​ប្រាក់​ឡើយ។ លោក​បញ្ជាក់​ថា រាល់​ការ​យក​ប្រាក់​ទាំង​អស់​អនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក​របស់​មន្ទីរ​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ៖ «ខ្ញុំ​ដេញ​ថ្លៃ​ចំណត​រថយន្ត​បង់​ប្រាក់​ឲ្យ​ទៅ​រដ្ឋ បើ​មិន​យក​ប្រាក់​ពី​​រថយន្ត​ដឹក​ទំនិញ​ទេ​ ខ្ញុំ​បាន​ប្រាក់​ពី​ណា​បង់ពន្ធ​ជូន​រដ្ឋ​ទៅ?»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក​ យិន ម៉េងលី មាន​ប្រសាសន៍​ថា​ ម្ចាស់​អាជីវកម្ម​ចំណត​ភាស៊ី​រថយន្ត​មិន​ត្រូវ​ដាក់​ប៉ុស្តិ៍​ស្ទាក់​រថយន្ត​​ដឹក​ដំឡូង​មី​យក​ពី​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា​ ការ​យក​ប្រាក់​​នេះ​ បាន​ប៉ះពាល់​សល់​ដល់​ជីវភាព​​របស់​ប្រជាកសិករ​នៅ​ទី​ជនបទ៖ «សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​មិន​អី​ទេ តែ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ប្រាក់ ១​ម៉ឺន​រៀល គឺ​ច្រើន​ណាស់»

អាជីវកម្ម​ភាស៊ី​ចំណត​រថយន្ត​នៅ​ស្រុក​សំឡូត ដំណើរ​ការ​របស់​ខ្លួន ៦​ឆ្នាំ​មក​ហើយ។ អាជីវកម្ម​​នេះ​ទទួល​សិទ្ធិ​​វិនិយោគ​ពី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​បាត់ដំបង នៅ​ក្នុង​តម្លៃ ២០​លាន​រៀល រយៈ​ពេល​មួយ​ឆ្នាំ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។