សិល្បករ​សុំ​រដ្ឋាភិបាល​ជួយ​អភិរក្ស​និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​ឲ្យ​បាន​ទន្ទឹម​គ្នា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​អ្នក​សិល្បៈ​គ្រប់​ជំនាន់ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ចូលរួម​អភិរក្ស​វប្បធម៌ ឬ​សិល្បៈ​បុរាណ​របស់​ជាតិ​បន្ថែម​ទៀត។ ទាក់ទង​នឹង​ការ​អំពាវនាវ​នេះ សិល្បករ និង​មន្ត្រី​សង្គម​ស៊ីវិល ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​សិទ្ធិ​ដល់​សិល្បករ​ឲ្យ​បាន​ស្មើ​គ្នា និង​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ឲ្យ​ប្រសើរ​ឡើង ព្រោះ​នេះ​ជា​កត្តា​សំខាន់​ដែល​នឹង​ជួយ​ឲ្យ​សិល្បករ​អាច​មាន​លទ្ធភាព​ចូលរួម​ថែ​រក្សា​វប្បធម៌​ជាតិ​បាន។

សិល្បករ និង​មន្ត្រី​សង្គម​ស៊ីវិល ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កម្មវិធី​សម្ដែង​សិល្បៈ និង​កម្មវិធី​ប្រឡង​ចម្រៀង​បុរាណ​សម័យ​ជាដើម ថា​ជា​ការ​លើក​ទឹក​ចិត្ត​សិល្បករ​សិល្បការិនី និង​លើក​ស្ទួយ​វប្បធម៌​ជាតិ។

សិល្បករ​ជើង​ចាស់​មួយ​រូប លោក ម៉ិញ សុធីវណ្ណ មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ម្តងៗ មាន​ផល​ច្រើន​ដល់​សិល្បករ ពីព្រោះ​សម្ដី​របស់​លោក​មាន​ឥទ្ធិពល ប៉ុន្តែ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​នេះ​ឲ្យ​បាន​ដើរ​ទន្ទឹម​គ្នា៖ «រឿង​អភិរក្ស​យើង​ឃើញ​មាន​ហើយ ប៉ុន្តែ​ការ​អភិវឌ្ឍ​នៅ​ស្ទាក់ស្ទើរ​បន្តិច ដូចជា​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​គ្នា ជាដើម ការ​កសាង​ស្នាដៃ​ថ្មី​មិន​ចម្លង​ពី​បរទេស»

ជាង​នេះ​ទៅ​ទៀត លោក​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​ផ្តល់​សិទ្ធិ​ស្មើ​គ្នា​ដល់​សិល្បករ អ្នក​ដឹក​នាំ​ក្នុង​ការ​សុំ​ច្បាប់​អនុញ្ញាត​បើក​កម្មវិធី​សម្ដែង​អ្វី​មួយ​នៅ​ទី​សាធារណៈ​នោះ កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម៖ «អ្នក​ដែល​ធ្វើ​តាម​ច្បាប់​ទៅ​ជា​យឺត អ្នក​ដែល​មិន​ធ្វើ​តាម​ច្បាប់​ទៅ​ជា​លឿន»

ក្នុង​ពិធី​បិទ​បញ្ចប់​ការ​ប្រឡង​សិល្បៈ​បុរាណ​ឈ្មោះ «មរតក​វប្បធម៌​ខ្មែរ» ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​គាំទ្រ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​នោះ និង​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដូចជា វិស័យ​ឯកជន មាន​ក្រុម​ទូរទស្សន៍​ជាដើម ចូលរួម​លើក​ទឹក​ចិត្ត​សិល្បករ ដោយ​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង និង​ការ​សម្ដែង​សិល្បៈ​ទម្រង់​ផ្សេង​ទៀត​ឲ្យ​បាន​ច្រើន​នៅ​តាម​ស្ថានីយ​របស់​ខ្លួន៖ «នៅ​សម័យ​ខ្មែរ​ក្រហម សិល្បៈ​ក៏​គេ​មិន​ឲ្យ​សម្ដែង​ដែរ។ ឥឡូវ​យើង​បើក​ទូលាយ»

ចំពោះ​ការ​អំពាវនាវ​នេះ ប្រធាន​អង្គការ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ក៏​បាន​គាំទ្រ​ដូច​គ្នា​ដែរ និង​សុំ​ឲ្យ លោក ហ៊ុន សែន ជួយ​លើក​កម្ពស់​ជីវភាព​របស់​សិល្បករ ជាពិសេស​សិល្បករ​ចាស់ៗ​ឲ្យ​ពួក​គាត់​មាន​ជីវភាព​រស់នៅ​សមរម្យ៖ «យើង​ត្រូវ​គិត​ពី​ធនធាន​របស់​សិល្បករ​យើង​ដែរ»

លោក​បន្ត​ថា គ្រួសារ​សិល្បករ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ក្រៅ​ពី​មាន​ជីវភាព​ក្រ​លំបាក​ហើយ​នោះ ពួក​គាត់​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ដោយសារ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កន្លែង​របស់​រាជ​រដ្ឋាភិបាល។

ទីតាំង​ធំៗ​ដែល​ក្រុម​គ្រួសារ​សិល្បករ​ធ្លាប់​ទទួល​ការ​ឈឺ​ចាប់​ដោយសារ​ការ​បណ្ដេញ​ចេញ​នោះ មាន​ដូចជា នៅ​តំបន់​អតីត​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​ជិត​ស្តាត​ចាស់ និង​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេ​បាសាក់។ បច្ចុប្បន្ន​នេះ គ្រួសារ​សិល្បករ​ដែល​កំពុង​រស់​នៅ​អគារ​ប៊ូឌីញ​នៅ​រាជធានី​ភ្នំពេញ ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។