ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ទោ អ៊ាវ ចំរើន ​ស្នង​ការ​​នគរ​បាល​ខេត្ត​ និង​មានការ​សម្រប​សម្រួល​​ពី​លោក​ លឹម សុគន្ថា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត កម្លាំង​ការិយាល័យប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ខេត្ត ​​ដឹកនាំ​​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ឈឿន សុចិត្ត ស្នង​ការ​រង​ សហការ​ជា​មួយ​កម្លាំង​នគរ​បាល​ស្រុក​កៀន​ស្វាយ​ និង​កម្លាំង​មូលដ្ឋាន ចុះ​ប្រតិបត្តិការ​បំបែក​សម្បុក​ការ​ចែក​ចាយ​គ្រឿងញៀន​មួយ​កន្លែង​ កាលពី​វេលា​ម៉ោង​​៣​និង​៤៥នាទី​រសៀល​ថ្ងៃ​ទី​១២ មករា ២០១៦ ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ឃុន ហ៊ីម ស្ថិត​ក្នុង​ភូមិ​គគីរធំ ​ស្រុក​កៀនស្វាយ ​​​​ដោយ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​៣នាក់​ និង​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ ។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៣នាក់​​ខាង​លើ​នេះ មាន ១-​ឃុន ហ៊ីម ​ភេទ​ប្រុស ​អាយុ​៣២ឆ្នាំ ​ជា​មុខ​សញ្ញា​ចាស់ និង​មេខ្លោង ធ្លាប់​ជាប់​ពន្ធ​នាគារ​​​ម្តង​ហើយ ២-​ឈ្មោះ ជួន ធូ​ ​ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ​និង​៣-ឈ្មោះ អ៊ឹង ចាន់​ដារ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​ទាំង​៣នាក់​រស់នៅ​​ភូមិ​ស្រុក​​ខាង​លើ ។ ចំណែក​វត្ថុ​តាង​ដែល​​ដក​ហូត​បាន រួម​មាន ថ្នាំ​ញៀន​៤កញ្ចប់ ម៉ូតូ​១គ្រឿង ​កាំបិត​វែង​ខ្លី​៦ ​ពូថៅ​១ ដំបង​១ និង​សម្ភារ​មួយ​ចំនួន​ទៀត ។​

ជន​សង្ស័យ​ទាំង​៣នាក់​ខាង​លើ ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​​ច្បាប់ ៕