យន្តហោះធំបំផុត លើលោក Airbus A380 មកដល់ម៉ិចស៊ិកូ ជាលើកដំបូង

ម៉ិចស៊ិកូ ស៊ីធី៖ យន្តហោះប្រភេទ Airbus A380 ដែលជាមធ្យោបាយ ដឹកជញ្ជូនអ្នកដំណើរ ផ្លូវអាកាស ធំជាង គេបំផុតនៅលើសកលលោកនោះ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ប៊ែនីតូ ហ្សារ៉ែស នៃទីក្រុង ម៉ិចស៊ិកូ ស៊ីធី របស់ប្រទេសម៉ិចស៊ិកូ ហើយ កាលពីយប់ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ ២០១៦។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

យន្តហោះខាងលើនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ដែលបានធ្វើដំណើរ ពីអាកាស យានដ្ឋានអន្តរជាតិ ឆាឡែស ដឺ ហ្គាល់ឡេ នៃទីក្រុងប៉ារីស មកចុះចតនៅលើទឹកដី ម៉ិចស៊ិកូ ជាលើកដំបូង ។ យន្តហោះយក្សនេះ អាចផ្ទុកអ្នកដំណើរបានជាង ៤០០នាក់ ដែលវាជាយន្តហោះ ធំបំផុត មានពីរជាន់ ត្រូវបានផលិតដោយក្រុមហ៊ុន អ៊ែរប៊ឺស របស់អឺរ៉ុប កាលពីឆ្នាំ ២០០៥។

រហូតមកដល់ឆ្នាំ ២០១៦ នេះយន្តហោះខាងលើ មានចំនួន ១៧៩ គ្រឿងហើយ កំពុងចរាចរណ៍ ទូទាំង សកលលោក។ គិតត្រឹមចុងឆ្នាំ ២០១៥ Airbus A380 មានការបញ្ជាទិញចំនួន ៣១៩ គ្រឿង ក្នុងនោះ ១៧៩ ត្រូវបានផលិត និង បញ្ជូនទៅដល់ដៃអតិថិជនរួចរាល់។ ប្រទេសដែលបានបញ្ជាទិញវាច្រើន ជាងគេ គឺ អេមីរ៉ាត់ អារ៉ាប់រួម ចំនួន ១៤០ គ្រឿង ក្នុងនោះ ៧២ គ្រឿងត្រូវបានផលិត និង ប្រគល់ឲ្យ សេដ្ឋីប្រេងមួយនេះ រួចជាស្រេច៕

យន្តហោះធំបំផុត លើលោក Airbus A380 មកដល់ម៉ិចស៊ិកូ ជាលើកដំបូង

យន្តហោះធំបំផុត លើលោក Airbus A380 មកដល់ម៉ិចស៊ិកូ ជាលើកដំបូង