ប្រាសាទតាព្រហ្ម មាន​ដើមឈើ​ដ៏​ទាក់ទាញ ក្នុង​ឧទ្យាន​អង្គរ​

​សៀមរាប: ប្រាសាទតាព្រហ្ម ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រាសាទ​ដើមឈើ ស្ថិតនៅ​ក្នុងព្រៃ​មាន​កសិណ​ទឹក ព័ទ្ធជុំវិញ​ពីរ​ជាន់​។ ប្រាសាទ​នេះ មាន​ទីតាំង​ស្ថិតនៅ​វង់​តូច ទៅតាម​ផ្លូវ​ទ្វារ​ជ័យ បន្ទាប់ពី​ប្រាសាទតាកែវ ប្រហែល ១​គីឡូម៉ែត្រ ហើយ​មាន​កំពែង​ជាប់​នឹង​កំពែង​ប្រាសាទបន្ទាយក្តី ប៉ែក​ពាយ័ព្យ​។​
​    ​
​ប្រាសាទតាព្រហ្ម កសាងឡើង ក្នុង​ឆ្នាំ​១១៨៦ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ គោរព​ដល់​ព្រះពុទ្ធសាសនា​មហាយាន ហើយ​បើតាម​សិលាចារឹក​នៃ​ប្រាសាទ​នេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​គុណ​ព្រះ​មាតា​របស់​ព្រះអង្គ ក្រោមរូបភាព​ប្រាជ្ញា​បារមី​មាតា​។​
​    ​
​បើតាម​លឺ​អ្នកស្រុក​ហៅ ប្រាសាទ​នេះ ជួន​ថា "​តា​ព្រហ្ម​" ជួន​ថា "​បន្ទាយ​តា​ព្រហ្ម​"​។ ការ​ហៅថា បន្ទាយ​តា​ព្រហ្ម គឺ​សំដៅ​ទៅលើ​ប្រាសាទ​នេះ មាន​កំពែង​ព័ទ្ធជុំវិញ​។ រីឯ​ការហៅ តា​ព្រហ្ម ជា​ឈ្មោះ ដែល​និយម​ហៅ​ឥឡូវ ហើយ​តាម​ការយល់​របស់​អ្នកស្រុក គឺ​សំដៅលើ​តា​ព្រហ្ម ដែលមាន​មុខ​៤​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​ប្រាសាទ​នេះ មានឈ្មោះ​ដើម ជា​ភាសាសំស្ក្រឹត​មួយ​ដែរ​ថា "​រាជ​វិហារ​"​។​
​    ​
​បច្ចុប្បន្ន ប្រាសាទ ដែលមាន​អាយុកាល​ជាង ៨០០​ឆ្នាំ ក្នុង​រមណីយដ្ឋាន​អង្គរ​មួយ​នេះ បាន​ទាក់ទាញ​បេះដូង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អោយ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ថា ជា​ប្រាសាទ​ដ៏​អស្ចារ្យ ដែលមាន​ដើមឈើ​ធំៗ ដុះ​ខាងក្នុង និង​លើ​កំពូល​ប្រាសាទ ចាក់ឫស​ស្អេកស្កះ ចូលក្នុង​គ្រឹះ និង​ជ្រៀតចូល តាម​ជញ្ជាំង​គួរអោយ​ទស្សនា​។​

​លើសពីនោះ​ទៀត ប្រាសាទ ក៏មាន​ក្បាច់ក្បូរ​ដ៏​ល្អ​វិចិត្រ​ផងដែរ មួយថ្ងៃៗ មាន​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​មួយ​នេះ ចន្លោះ​ពី ៦០០០ ទៅ ៧០០០ នាក់​។​
​    ​
​ឆ្លងតាម​អាយុកាល គ្រោះធម្មជាតិ និង​ស​ង្ក្រា​ម​ផង​នោះ បានធ្វើអោយ​ប្រាសាទ​មួយ​នេះ រង​នូវ​ការខូចខាត​ដោយ​អន្លើ តែ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​សហការ​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​បុរាណ វិទ្យា​ឥណ្ឌា (ASI) ជួសជុល​ប្រាសាទតាព្រហ្ម​នេះ​ឡើង នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០០៤ រហូតដល់​បច្ចុប្បន្ន ដើម្បី​លើក​តម្លៃ​យថាភាព បុរាណ​ភាព និង​ការអភិរក្ស លក្ខណៈ​ចម្រុះ​ដ៏​ល្អ​ឯកនៃ​ដើមឈើ និង​សំណង់​ថ្ម​នៅក្នុង​ប្រាសាទ ព្រមទាំង​កេរតំណែល​នេះ ជូន​មនុស្ស​ជំនាន់​ក្រោយ​៕

ប្រាសាទតាព្រហ្ម មាន​ដើមឈើ​ដ៏​ទាក់ទាញ ក្នុង​ឧទ្យាន​អង្គរ​

ប្រាសាទតាព្រហ្ម មាន​ដើមឈើ​ដ៏​ទាក់ទាញ ក្នុង​ឧទ្យាន​អង្គរ​

ប្រាសាទតាព្រហ្ម មាន​ដើមឈើ​ដ៏​ទាក់ទាញ ក្នុង​ឧទ្យាន​អង្គរ​

ប្រាសាទតាព្រហ្ម មាន​ដើមឈើ​ដ៏​ទាក់ទាញ ក្នុង​ឧទ្យាន​អង្គរ​
​រូបភាពៈ ប្រាសាទតាព្រហ្ម ជា​ប្រាសាទ​ដើមឈើ​ដ៏​ទាក់ទាញ​ក្នុង​ឧទ្យាន​អង្គរ​