សហជីព២០ ចេញសេចក្តីថ្លែង ការណ៍រំលែក ទុក្ខកម្មករ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍ ឆ្នាំ២០១៥ និងរងគ្រោះពីអំពើផ្សេងៗ

ភ្នំពេញ៖ ក្រុមសហជីពចំនួន២០ ដែលធ្វើការងារ ដើម្បីប្រយោជន៍កម្មករ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារកម្មករ ដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥។

យោងតាមសេចក្ដីថ្លែងការណ៍ រួមចេញដោយក្រុមសហជីពធំៗទាំង២០  ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននា រសៀលថ្ងៃទី១៣ មករា នេះ បានឲ្យដឹងទៀតថា “ពួកយើងខ្ញុំសូមសម្ដែង ការសោកស្ដាយ និងសូម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបួងសួងសូមឲ្យកម្មករ-កម្មការិនី ដែលរងរបួស ទាំងអស់ឆាប់ជាសះស្បើយ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងករណីឡានដឹកកម្មករ-កម្មការិនី ពីរគ្រឿងបុកគ្នានៅខេត្តកំពង់ស្ពឺ បណ្ដាលឲ្យបាត់បង់ជីវិត ៥នាក់ និង ៦៨នាក់ទៀតរងរបួស”។

បើយោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្ដិសុខសង្គម បានឲ្យដឹងថា ឆ្នាំ២០១៥ យ៉ាងហោចណាស់ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យកម្មករ ១៣០នាក់បាត់បង់ជីវិត និង ៧០០០នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលធ្វើដំណើរទៅបំពេញការងារ។

ពាក់ព័ន្ធនឹងអំពើហិង្សាផ្សេងៗវិញ  ប្រធានសម្ព័នសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រតិកម្មយ៉ាង ធ្ងន់ធ្ងន់ថា “វាគឺមានភាពអយុត្តិធម៌យ៉ាងខ្លាំង ពាក់ព័ន្ធករណីចាប់ខ្លួនសមាជិកមន្រ្តីសហជីពរបស់លោកទាំង ៥រូប ដែលជាជនរងគ្រោះ ក្រោមស្នាដៃរបស់លោក សុខ រ៉ាវុធ ជាប្រធាននិយោជក បញ្ជាឲ្យក្រុមជនពាល ប្រដាប់ដោយដំបង និងដែកបំពង់ទីព វាយទៅលើក្រុមលោកទាំងកំរោល នៅពេលដែលពួកលោកទៅដល់ មុខរោងចក្រភ្លាម”។

លោកថ្កោលទោសចំពោះព្រះរាជអាជ្ញា ក៏ដូចជាសមត្ថកិច្ចដែលចាប់ជនរងគ្រោះ ដូចជាចាប់ជនឧក្រិដ្ឋ ឫក៏មេក្លោងគ្រឿងញៀន ។ លោកថា ធ្វើបែបនេះជាចេតនាមិនឲ្យសហជីពលូកដៃ ឫក៏ជួយកម្មករ លោកសូមអំពាវនាវដល់ប្រមុខ រាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាដ៏សែនអយុត្តិធម៌បែបនេះ ដោយវែកមុខជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

សហជីព២០ ចេញសេចក្តីថ្លែង ការណ៍រំលែក ទុក្ខកម្មករ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍ ឆ្នាំ២០១៥ និងរងគ្រោះពីអំពើផ្សេងៗ

សហជីព២០ ចេញសេចក្តីថ្លែង ការណ៍រំលែក ទុក្ខកម្មករ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍ ឆ្នាំ២០១៥ និងរងគ្រោះពីអំពើផ្សេងៗ