អ្នក​ស្រាវជ្រាវ​សង្គម​បារម្ភ​អំពី​ការ​ដូរ​ឈ្មោះ​កោះ​ខ្មែរ​មួយ​ចំនួន​ទៅ​ជា​ឈ្មោះ​បរទេស

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​គោរព​សិទ្ធិមនុស្ស បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ឈ្មោះ ឬ​អត្តសញ្ញាណ​កោះ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​កម្ពុជា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​អ្នក​វិនិយោគ​បរទេស​វិនិយោគ។ កោះ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​បរទេស​ទាំង​នោះ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ភាសា​បរទេស​ដែល​ពួកគេ​ចង់​បាន។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិនិយោគ​ដី​កោះ ឬ​ឆ្នេរ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ទៅ​ឲ្យ​អ្នក​វិនិយោគ​បរទេស ហើយ​ត្រូវ​ជនបរទេស​ទាំង​នោះ​ប្ដូរ​ឈ្មោះ​កោះ ឬ​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​គម្រោង​វិនិយោគ​របស់​ពួកគេ​ពី​ឈ្មោះ​សម្គាល់​អត្តសញ្ញាណ​របស់​ខ្មែរ ទៅ​ជា​ឈ្មោះ​ភាសា​បរទេស​វិញ។

ការ​ព្រួយ​បារម្ភ​នេះ​កើត​ឡើង​បន្ទាប់​ពី​អ្នក​វិភាគ​មិន​សំចៃ​មាត់​ឈ្មោះ កែម ឡី បាន​ស្រាវជ្រាវ​ទៅ​លើ​ការ​វិនិយោគ​ដី​កោះ​មួយ​ចំនួន​របស់​រដ្ឋាភិបាល នា​ខេត្ត​ព្រះសីហនុ ហើយ​រក​ឃើញ​ថា កោះ ឬ​ទីតាំង​មួយ​ចំនួន​ត្រូវ​អ្នក​វិនិយោគទុន​បរទេស​បាន​ប្ដូរ​ឈ្មោះ ទៅ​ជា​ឈ្មោះ​ភាសា​បរទេស ខុស​ពី​ឈ្មោះ​ដើម៖ «»។

ដូច​គ្នា​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្ដូរ​ឈ្មោះ​កោះ ឬ​ទីតាំង​មួយ​ចំនួន​នា​មូលដ្ឋាន​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ដែរ ព្រោះ​លោក​ថា អាច​បណ្ដាល​ឲ្យ​បាត់​អត្តសញ្ញាណ​ខ្មែរ។ លោក​ថា កោះ និង​ទីតាំង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដូរ​ឈ្មោះ មាន​ដូចជា ឆ្នេរ​កោះ​សំពោច ឬ​កោះ​សំពោច ត្រូវ​អ្នក​វិនិយោគ​ចិន ប្ដូរ​ទៅ​ជា​ឆ្នេរ ឬ​កោះ​សមុទ្រ​ចិន។ កោះ​តូច ត្រូវ​បាន​ប្ដូរ​ទៅ​ជា​កោះ​ញ៉ ជា​ភាសា​វៀតណាម។ កោះ​បងប្អូន ត្រូវ​ប្ដូរ​ទៅ​ជា​កោះ​ភីណង ជា​ភាសា​ថៃ។ កោះ​គូសាវី ត្រូវ​បាន​ប្ដូរ​ទៅ​ជា​កោះ​ឆ្លាម និង​ឆ្នេរ​កោះរុង ត្រូវ​ប្ដូរ​ទៅ​ជា​ឆ្នេរ​បៃតាវ ជាដើម។

លោក ប៊ួន ណារិទ្ធិ បាន​សំណូមពរ​ដល់​រដ្ឋាភិបាល គួរ​ចុះ​បញ្ជី​ឈ្មោះ​កោះ និង​ឆ្នេរ​ទាំង​អស់​ជា​ឈ្មោះ​សម្គាល់​អត្តសញ្ញាណ​ខ្មែរ និង​ឲ្យ​ស្រប​តាម​ឈ្មោះ​ដែល​ប្រទេស​បារាំង បាន​ចុះ​បញ្ជី​ក្នុង​ផែនទី​ទទួល​ស្គាល់​ជា​អន្តរជាតិ ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ៖ «»។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មិន​ទាន់​អត្ថាធិប្បាយ​អំពី​កង្វល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​មករា។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សម សំអាត បាន​ឲ្យ​ដឹង​ថា ខេត្ត​នេះ​មាន​កោះ​ចំនួន ៣២​កោះ ហើយ​កោះ​មួយ​ចំនួន​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ឲ្យ​អ្នក​វិនិយោគ​ជាតិ និង​បរទេស ធ្វើ​ការ​អភិវឌ្ឍ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។