សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត South East Asia Telecom ( Seatel ) បាន​ជ្រើសរើស​កីឡាករ បាល់ទាត់​ជំរើសជាតិ លោក​ចាន់ វឌ្ឍនាកា ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​របស់​ខ្លួន​រយៈពេល​១​ឆ្នាំ ក្នុង​ការ​ផ្សព្វផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម និង​សកម្មភាព​នានា​របស់​ក្រុមហ៊ុន ។ កាលពី​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៦ ក្រុមហ៊ុន Seatel បាន​រៀបចំ​ពិធី​ចុះហត្ថលេខា និង​តែងតាំង​កីឡាករ​ចាន់ វឌ្ឍនាការ ជា​ទូត​សុ​ច្ឆ​នៈ​ឯកសិទ្ធិ​តំណាង​ក្រុមហ៊ុន​ជា​ផ្លូវការ​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​ក្នុង​សង្កាត់​ទួល​ទំពូង ។

លោក Yang Liqun អគ្គនាយករង​ក្រុមហ៊ុន Seatel បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ផ្ដល់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត 4G VoLTE 100% Seatel បាន​ខិតខំ​ប្រឹងប្រែង​នាំ​មក​នូវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត ដែល​មាន​ល្បឿន​លឿន​បំផុត និង​សេវា​ហៅ​ទូរស័ព្ទ​ជា​សំឡេង​ដែល​មាន​កម្រិត​ច្បាស់​បំផុត ដើម្បី​ផ្ដល់​ជូន​អតិថិជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​០១៨​ទាំងអស់ ។

លោក​ថា ចាន់ វឌ្ឍនាកា ជា​កីឡាករ​បាល់ទាត់​អាជីព​ដ៏​ឆ្នើម​មួយ​រូប​ស្មារតី​តស៊ូ​ពុះពារ និង​បច្ចេកទេស​គ្រប់គ្រង​បាល់​ដ៏​អស្ចារ្យ​នៅ​លើ​ទីលាន​ប្រកួត​របស់​លោក គឺ​មាន​លក្ខណៈ​ដូច​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ស្មារតី​សហគ្រាស​នៃ​ការ​ខិតខំ​ពង្រីក​ឈាន​ទៅ​មុខជា​និច្ច​របស់​ក្រុមហ៊ុន Seatel ដើម្បី​ផ្ដល់​នូវ​ផលិតផល​មានគុណ​ភាព និង​ល្បឿន​លឿន​ផង​ដែរ​។
លោក​បន្ត​ថា តាម​រយៈ​កិច្ចសហការ​នេះ និង​ប្រជាប្រិយភាព​ដ៏​ខ្លាំង​របស់​កីឡាករ ចាន់ វឌ្ឍនាកា នៅ​ក្នុង​សង្គម​សាធារណៈ នឹង​ធ្វើ​ឱ្យ​ម៉ាក​សញ្ញា និង​ប្រជាប្រិយភាព​របស់​ក្រុមហ៊ុន Seatel ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អតិថិជន​កម្ពុជា​បន្ថែម​មួយ​កម្រិត​ទៀត ។

លោក​បែ មក​រា នាយក​គ្រប់គ្រង​ក្លឹ​ប​បាល់ទាត់​បឹង​កេ​ត​អង្គរ បាន​មាន​ប្រសាសន៍​ថា ចាន់ វឌ្ឍនាកា ជា​កីឡាករ​ដ៏​មាន​សក្ដានុពល​មួយ​រូប និង​ធ្លាប់​ទទួល​បាន​រង្វាន់​កិត្តិយស​ជា​ច្រើន ដូច​ជា​ពានរង្វាន់​កីឡាករ​លេង​បាន​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៤ ពានរង្វាន់ Toyota Mekong club Championship  ពានរង្វាន់​ស្បែកជើង​មាស ក្នុង​ការ​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៣ និង​ក្នុង​ការ​ប្រកួត Cambodia Premiere League រដូវ​កាល​ឆ្នាំ​២០១៥ ជាដើម ។

កីឡាករ ចាន់ វឌ្ឍនាការ ក៏​បានអោយ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំទៅ​មុខ​នេះ លោក​នឹង​ខិតខំ​ប្រឹងប្រែង ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ផ្សព្វផ្សាយ​សេវា​ទូរស័ព្ទ​នេះ ទៅ​ដល់​បងប្អូន​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា ដើម្បី​ឱ្យ​ពួក​គាត់​បាន​ស្គាល់ និង​សាកល្បង​ប្រើប្រាស់​សេវាកម្ម​ទូរស័ព្ទ Seatel នេះ ។ លោក​មាន​ជំនឿ​ចិត្ត​ថា ក្នុង​ការ​សហការ​គ្នា​នេះ នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​នៃ​អាជីវកម្ម​នេះ ៕