ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​សុន្ទរ​ថា​កាលពី​យប់​ថ្ងៃ​ទី​១២ មក​រា ស្តី​ពី សភាព​សហព័ន្ធ​បាន​ស្នើ​ដល់​អា​មេ​រិ​ក​កុំឱ្យ​ចុះ​ញ៉ម​ចំពោះ​ការ​ភ័យ​ខ្លាច ប្រឈម​មុខ​នឹង​ភាព​ច្របូកច្របល់​ខាង​សេដ្ឋកិច្ច ក៏៏​ដូច​ជា​ការ​គំរាមកំហែង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តែ​លោក​ក៏​ស្នើ​ផង​ដែរ​កុំឱ្យ​មើល​ស្រាល ។

ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​គិត​ឃើញ​ផ្ទុយ​ពី​ពួក​សាធារណរដ្ឋ​ដែល​សង្ឃឹម​កាន់​តំណែង​បន្ត​ពី​លោក​នៅ​សេត​វិមាន​ក្នុង​ឆ្នាំ​២០១៧ ដោយ​លោក​ស្នើ​ដល់​ពលរដ្ឋ​អា​​មរ​រិ​ក​ឱ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​អម​ជាមួយ​ការ​ផ្លាស់​ប្តូរ​វិសាមញ្ញ​ទាំងឡាយ​ដែល​កំពុង​កើត​មាន ។

ដោយ​ចង់​និយាយ​សំដៅលើ​ពួក​ប្រជែង​នៃ​គណបក្ស​សាធារណរដ្ឋ លោក​អូ​បា​ម៉ា បាន​ព្រមាន​នៅ​លើ​វេទិកា​របស់​សភា​ប្រឆាំង​សេចក្តីថ្លែងការណ៍​ជ្រុល​ហួសហេតុ​ទាំងឡាយ​ស្តី​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​តាម​សេចក្តីថ្លែងការណ៍​ទាំងនោះ​ថា ពិភពលោក​នឹង​ធ្លាក់​ក្នុង​សង្គ្រាមលោក​លើក​ទី​៣ ។ លោក​ថា និយាយ​បែប​នេះ​ជា​ការ​ធ្លាក់​ក្នុង​ល្បិច​កល​របស់​ពួក​ជី​ហា​ដ ។ លោក​បន្ត​ថា ពិតជា​មាន​ពួក​មនុស្ស​ដែល​បង្ក​គ្រោះថ្នាក់​ធំ​សម្រាប់​បណ្តាជន​ស៊ី​វិល ហើយ​ពួក​នោះ​ត្រូវ​តែ​ចាប់ខ្លួន ។ ក៏​ប៉ុន្តែ​មនុស្ស​ទាំងនេះ​ពុំ​មែន​ជា​ការ​គំរាមកំហែង​ធំ​មួយ​សម្រាប់​ប្រជាជាតិ​យើង​ឡើយ ។ លោក​លើក​ឡើង​ថា ប្រសិនបើ​អ្នក​សង្ស័យ​លើ​ការ​សន្យា​របស់​អា​មរ​រិ​ក ដើម្បី​ធ្វើ​ឱ្យ​មាន​យុត្តិធម៌ ចូរ​អ្នក​សួរ​ទៅ​អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន ទៅ​! ។

ក្នុង​សុន្ទរកថា​លើក​ចុង​ក្រោយ​នេះ​របស់​លោក​ក្នុង​សភា លោក​អូ​បា​ម៉ា ប្រកាស​ពី​ការ​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​របស់​ជាតិ​ប្រឆាំង​ជំងឺមហារីក ។ លោក​លើក​ពី​សម្តី​របស់​អនុ​ប្រធានាធិបតី​លោក JOE BIDEN ដែល​និយាយ​ថា អា​មរ​រិ​ក​នឹង​អាច​ព្យាបាល​ជំងឺមហារីក ដូចដែល​ខ្លួន​អាច​ឡើង​ទៅ​ដល់​ភព​ព្រះ​ចន្ទ​ដែរ ។

លោក​ក៏​លើក​ឡើង​ដែរ​ពី​ការ​សន្យា​ចាស់​មួយ ដែល​រហូត​មក​ទល់​ពេល​នេះ​ត្រូវ​បរាជ័យ​គឺ​ការ​បិទ​ជំរំ​ឃុំឃាំង​ហ្គ​ង់​តា​ណា​ម៉ូ ដែល​បើក​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា ២០០១ ព្រោះតែ​សភា​បោះ​ឆ្នោត​ជំទាស់​ជាប់ ។ លោក​មាន​ប្រសាសន៍​ថា ជំរំ​នេះ​ត្រូវ​ចំណាយ​ខ្ពស់​ណាស់ ហើយ​វា​ឥតប្រយោជន៍​ដូច​គ្រាន់​ជា​ខិត្តប័ណ្ណ​មួយ​នៃ​ការ​ជ្រើសរើស​មនុស្ស​ដោយ​ពួក​សត្រូវ​របស់​យើង ។

ទាក់ទិន​នឹង​ការ​ខិតចូល​ជិត​គ្នា​វិញ ជាមួយ​ប្រទេស​គុយ​បា លោក​អំពាវនាវ​ជា​ថ្មី​ដល់​សភា​ឱ្យ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក ។ លោក​មាន​ប្រសាសន៍​ថា ៥០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ក្នុង​ការ​ធ្វើ​ឱ្យ​គុយ​បា​នៅ​ឯកោ តែ​គេ​ពុំ​អាច​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីនោះ​បាន ហើយ​យើង​ត្រូវ​គេ​ច្រាន​ចេញ​នៅ​អា​មេ​រិ​កឡា​ទី​ន ទៀត​ផង។ តើ​លោក​អ្នក​ចង់​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ និង​ភាព​ជឿជាក់​របស់​យើង​លើ​ទ្វីប​នេះ​ដែរ​ទេ ? ចូរ​លោក​អ្នក​ទទួលស្គាល់​ថា សង្គ្រាមត្រជាក់​វា​ចប់​ហើយ ចូរ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​នេះ​ទៅ ៕