ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋនាំ​គ្នា​ចាប់​បាន​វាយ​ទ្រម​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​បាន​ចំនួន​២​គ្រឿង​ហើយ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោ​​ឡោ​ថា «ចោរៗ» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ​ខែមករា​ ឆ្នាំ​២០១៦​ នៅ​​​ក្នុង​ការដ្ឋាន​សំណង់​​ផ្ទះ​ល្វែង​មួយ​កន្លែង ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្រុម​ទី​៥ ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​​​រូប​នេះ ​ឈ្មោះ​ គឹ​ម ជ្រិ​ន ​អាយុ​៣០​ឆ្នាំ​ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​មឿ​ន ស្រុក​ស្រី​សន្ធរ
ខេត្តកំពង់ចាម ​។ ​ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​ ខឹ​ម សុធា ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ជា​កម្មករ​សំណង់​ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​ភូមិ​ព្រែក​ជ្រាំង ឃុំ​ពាម​រោ​ធិ៍ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​​​បាន​​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​ដែល​​ម្ចាស់​​បញ្ចូល​ថ្ម​ទុក​នៅ​លើ​គ្រែ​ក្បាល​ដំណេកចំនួន​២​គ្រឿង ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​​​​ឆោ​​ឡោ​ថា «ចោរៗ» បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​​អ្នក​ជិត​ខាង​​នាំ​គ្នា​ជួយ​ដេញ​​ព័ទ្ធ​ចាប់​បាន​ ​ដោយ​ទប់​កំហឹង​មិន​បាន​​​​ព្រោះ​កំពុង​​ស្អប់​ចោរលួច ចោរ​ឆក់ និង​ប្លន់​ផងនោះ ​ក៏​នាំ​គ្នា​វាយ​​ទ្រម​ខ្លួន ​រួច​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ចំណែក​ទូរ​ស័​ទ្ទ​ដកហូត​បាន​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឱ្យ​ទៅ​​ម្ចាស់​​ដើម​វិញ​ ៕