ប៉ូលិសអូស្រ្តាលី ត្រូវអ្នកជំងឺក្នុង មន្ទីរពេទ្យដណ្ដើមកាំភ្លើង បាញ់រងរបួសធ្ងន់

ស៊ីដនី៖ ប៉ូលិស និងសន្ដិសុខការពារពីរនាក់ បានរងរបួសធ្ងន់ ដែលសំណាងល្អមិនស្លាប់ ក្រោយពី បានប្រឈមមុខជាមួយនឹងបុរសម្នាក់ ដែលបានយកកូនកន្រ្តៃគំរាមលើអ្នកគ្រូពេទ្យ ហើយរហូត ដល់ដណ្ដើមបានកាំភ្លើងពីប៉ូលិស និងបាញ់មួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦ នេះដោយដកស្រង់ ប្រភពពីអាជ្ញាធរក្នុងស្រុកបន្ដទៀតថា ប៉ូលិស និងសន្ដិសុខការពារនៅរដ្ឋញូសោត វែល ប្រទេស អូស្រ្តាលី។ ទាំងពីរនាក់នេះ ត្រូវបានបុរសម្នាក់ជាអ្នកជំងឺ ដណ្ដើមកាំភ្លើងបាញ់ត្រូវត្រង់ជើង ដែល ហេតុការណ៍នេះកើតឡើងនៅក្នុងមន្ទីរពេទ្យក្រុងស៊ីដនី កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។

មូលហេតុដែលបណ្ដាលឲ្យរឿងនេះកើតឡើង ដំបូងអ្នកគ្រូពេទ្យបានកើតនមានជម្លោះ ជាមួយនឹង ជនល្មើសដែលមានកូនកន្រ្តៃក្នុងដៃ កាន់គំរាមថានឹងចាក់បំពង់កខ្លួន ក្រោយមកប៉ូលិស និងសន្ដិសុខ ការពារបានចូលទៅអន្ដរាគមន៍ ប៉ុន្ដែត្រូវបានជនល្មើសដណ្ដើមកាំភ្លើងបាន ហើយក៏បាញ់ប្រហារ តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកមូលហេតុ ដែលបង្ករឿងរ៉ាវនេះឡើង៕

ប៉ូលិសអូស្រ្តាលី ត្រូវអ្នកជំងឺក្នុង មន្ទីរពេទ្យដណ្ដើមកាំភ្លើង បាញ់រងរបួសធ្ងន់