ជំនួប​ពិភាក្សា ដើម្បី​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព ត្រូវ​លើក​ពេល​ទៅ​ថ្ងៃទី​១៤​មករា​វិញ​

ភ្នំពេញ: តាម​គម្រោង​ក្រុមការងារ​ចម្រុះ​ចំពោះ​កិច្ច ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា និង​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជួបគ្នា នៅ​រសៀល​ថ្ងៃទី​១៣​មករា​នេះ ដើម្បី​បន្ត​ពិភាក្សា និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់ សហជីព​។ ក៏ប៉ុន្តែ​រដ្ឋសភា បានប្រកាសថា កិច្ចប្រជុំ​នៅ​រដ្ឋសភា​នោះ ត្រូវ​លើក​ពេល ទៅធ្វើ​នៅ​ម៉ោង ២ និង ៣០ នាទី រសៀល​ថ្ងៃទី​១៤​មករា​វិញ​។

​មូលហេតុ​នៃ​ការលើក​ពេល​ប្រជុំ​នោះ មិន​ត្រូវបាន​នាយកដ្ឋាន​ព័ត៌មាន​របស់​រដ្ឋសភា លើកឡើង​នៅក្នុង​សេចក្តីប្រកាស​ខ្លី​នោះទេ​។​

​សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំ​លើក​ទី​១ រវាង​ក្រុមការងារ​ចម្រុះ​គណបក្ស​ទាំងពីរ កាលពីដើម​ខែមករា​នេះ គឺ​បាន​ជជែក​ពិភាក្សា បាន ៣ មាត្រា ដោយ​ក្នុងនោះ មានការ​កែប្រែ​ពាក់ព័ន្ធ​នឹង​ការកំណត់​ចំនួន​កម្មករ ដើម្បី​បង្កើត​សហជីព​នៅ​មូលដ្ឋាន ជាដើម​៕