ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​២​លើក​ពេល​ជួប​គ្នា​ទៅ​ថ្ងៃ​ទី​១៤ មករា វិញ

ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ជួប​ពិភាក្សា​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព បាន​លើក​ពេល​ជួប​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១៣ ទៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា វិញ។ សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋ​សភា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លើក​ពេល​នេះ​ទេ។

ដោយ​ឡែក​ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​ថា ការ​លើក​ពេល​នេះ ព្រោះ​ការ​ប្រជុំ​សភា​អូស​បន្លាយ​ពេល​យូរ ទើប​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​គ្មាន​ពេល​ជួប​គ្នា។

ក្រុម​ការងារ​ចំពោះ​កិច្ច​ដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់ពី​ជំនួប​ផ្នែក​នយោបាយ​នៃ​គណបក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ផ្ដល់​យោបល់​បន្ថែម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​មុន​នឹង​ដាក់​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​សហគ្រាស​គ្រឹះស្ថាន និង​ជន​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅ​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។ សេចក្ដី​ព្រាង​ច្បាប់​នេះ រង​ការ​រិះគន់​ថា មាន​លក្ខណៈ​គាប​សង្កត់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។