ក្រុម​កីឡាករ E-Sports កម្ពុជា​​ចេញ​ទៅ​ការពារ​តំណែង​ជើង​ឯក​នៅ​ឥណ្ឌូណេស៊ី

ក្រុម​កីឡាករ E-Sports កម្ពុជា​​ចេញ​ទៅ​ការពារ​តំណែង​ជើង​ឯក​នៅ​ឥណ្ឌូណេស៊ី

ក្រុម​កីឡាករ​អេឡិចត្រូនិក​កម្ពុជា ​E-Sports បាន​ធ្វើ​ដំណើរ​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មុន​នេះ​បន្តិច ដើម្បី​ទៅ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​ជាមួយ​ប្រទេស​៥ ផ្សេង​ទៀត​លើ​ទឹក​ដី​ឥណ្ឌូណេស៊ី ដោយ​មាន​ការ​ជូន​ដំណើរ​ពី ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ទី១ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

 

ក្រុម​កីឡាករ  E-Sports កម្ពុជា​​ចេញ​ទៅ​ការពារ​តំណែង​ជើង​ឯក​នៅ​ឥណ្ឌូណេស៊ី

 

នៅ​ឆ្នាំ ២០១៦​នេះ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​បញ្ជូន​កីឡាករ ២​ក្រុម​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ក្នុង​នោះ​មាន​ក្រុម Never Care ជា​ជើង​ឯក​ថ្នាក់​ជាតិ និង​ក្រុម​ Five Military ជា​ជើង​ឯក​រង​ថ្នាក់​ជាតិ ​ចម្រាញ់​ចេញ​ពី​ក្រុម​ជើង​ខ្លាំង​ទាំង ២៣​ខេត្ត-រាជធានី​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ។

 

មុន​ពេល​ចេញ​ដំណើរ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ អនុប្រធាន​ទី១ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ផ្ដាំ​ផ្ញើ​ឲ្យ​កីឡាករ​ទាំង​អស់​ចេះ​សាមគ្គី​ជា​ក្រុម និង​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ដណ្ដើម​យក​មេដាយ​មាស​ជា​ថ្មី​ជូន​ជាតិ។ ឯក​ឧត្ដម​បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​កម្ពុជា​ទើប​លេច​មុខ​ថ្មី​ក្នុង​ប្រភេទ​កីឡា​នេះ​​មែន​ពិត តែ​បង្ហាញ​ពី​ភាព​ខ្លាំង​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ភ្ញាក់​ផ្អើល។

 

ចំពោះ​តំណាង​​កីឡាករ ដែល​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា ក្រុម​ទាំង​ពីរ​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ចំណែក​សមត្ថភាព​ឆ្នាំ​នេះ​ក៏​នៅ​តែ​ខ្លាំង​មិន​ចាញ់​ឆ្នាំ​មុន។ យ៉ាង​ណា​ក្ដី កីឡាករ​រូប​នេះ​បាន​អះ​អាង​ថា ប្រទេស​ម៉ាឡេស៊ី​ជា​ឧបសគ្គ​ធំ​របស់​ខ្លួន​ក្នុង​ការ​ឈាន​ទៅ​គ្រង​តំណែង​ជើង​ឯក ព្រោះ​វិស័យ​ព័ត៌មាន​វិទ្យា​របស់​គេ​មាន​ការ​រីក​ចម្រើន​ខ្លាំង។​

 

ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​មាន​​ប្រទេស​ចូល​រួម​ចំនួន​៦​គឺ​​ម្ចាស់​ផ្ទះ​ ឥណ្ឌូណេស៊ី​ ចិន​ កម្ពុជា​ ថៃ​ ម៉ាឡេស៊ី​ និង​សិង្ហបុរី។ បើ​គិត​ជា​ក្រុម​វិញ​មាន​១៦​ក្រុម​គឺ​ប្រទេស​កម្ពុជា​មាន​​២ក្រុម​, ថៃ​​មាន​៣​ក្រុម​, ម៉ាឡេស៊ី​មាន​២​ក្រុម​, សិង្ហបុរី​មាន​​២​ក្រុម, ​ចិន​មាន​​២​ក្រុម​ និង​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​​៥​​ក្រុម។

 

​ជើងឯក​ទទួល​​មេដាយ​មាស​ ពាន​មួយ​ និង​​ប្រាក់​រង្វាន់​១៥​០០០​ដុល្លារ​អាមេរិក​ ក្រុម​លេខ​២​ទទួល​​មេដាយ​ប្រាក់​ ពាន​មួយ​ និង​​ប្រាក់​រង្វាន់​៧០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​ និង​​ប្រាក់​រង្វាន់៤០០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​៤​ទទួល​បាន​២៥០០​​ដុល្លារ​អាមេរិក។ ចំពោះ​វិញ្ញាសា​ឯកត្តជន​វិញ​លេខ​១​ទទួល​៥០០​ ដុល្លារ​អាមេរិក លេខ​២​ទទួល​ ៤០០​ ដុល្លារ​អាមេរិក​ លេខ​៣​ទទួល​បាន​ ៣០០​ ដុល្លារ​អាមេរិក​ លេខ​៤​ទទួល​បាន២០០​ ដុល្លារ​អាមេរិក​ និង​លេខ​៥​ទទួល​១០០​ ដុល្លារ​អាមេរិក​។

 

ក្រុម​កីឡាករ  E-Sports កម្ពុជា​​ចេញ​ទៅ​ការពារ​តំណែង​ជើង​ឯក​នៅ​ឥណ្ឌូណេស៊ី

 

អត្ថបទ៖ គង់ វិសាល ​
​​​​