កម្មករ​នៅ​កំពង់ស្ពឺ​គ្រោង​ប្ដឹង​អ្នក​វាយ​តំណាង​របស់​ខ្លួន​៣​នាក់​ឲ្យ​របួស​ធ្ងន់​​​ទៅ​តុលាការ

តំណាង​កម្មករ​​នៅ​រោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) ៣​នាក់ ដែល​រង​របួស​ដោយសារ​ការ​វាយ​ដោយ​ក្រុម​មនុស្ស​របស់​រោងចក្រ ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ជន​បង្ក​របួស​ស្នាម​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ។ តំណាង​កម្មករ​​​ទទូច​ឲ្យ​ភាគី​រោងចក្រ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​បង្ក​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា។

​​​​​​​​​​​​​​តំណាង​កម្មករ​ដែល​រង​របួស​ម្នាក់​ ឈ្មោះ​ លោក​ គីម ខួច​ ឲ្យ​ដឹង​ពី​កន្លែង​សម្រាក​ព្យាបាល​របួស​ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ថា ក្រុម​​កម្មករ​កម្មការិនី អ៊ែជ្យាយល៍ ស្វេតថឺ បាន​ពឹង​ពាក់​ពួកគេ​ដែល​​ជា​សហជីព​តំណាង​ចលនា​កម្មករ​ឲ្យ​ជួយ​ដោះស្រាយ​ជា​មួយ​ថៅកែ ទាមទារ​លក្ខខណ្ឌ​ការងារ​បន្ទាប់​ពី​តវ៉ា​អស់​ជា​ច្រើន​ថ្ងៃ​ពុំ​ទទួល​បាន​លទ្ធផល។ លោក​បន្ត​ថា ភាគី​រោងចក្រ​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ហិង្សា​ដែល​បាន​កើត​ឡើង​ចំពោះ​សហជីព​និង​កម្មករ៖ «គ្នា​គេ​ច្រើន​នាក់​ ហើយ​មាន​ដំបង​ជាប់​នឹង​ដៃ​​ ចំណែក​ពួក​ខ្ញុំ​វិញ​មាន​គ្នា​តែ ១០​នាក់​ទេ​ ប៉ុន្តែ​អត់​មាន​អាវុធ​មាន​អី​ទេ​ ព្រោះ​ទៅ​ក្នុង​លក្ខណៈ​ការ​ចរចា​គ្នា ដល់​ពេល​ចុះ​ទៅ​គេ​វាយ​ពួក​ខ្ញុំ​តែម្ដង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​រដ្ឋបាល​រោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ អ្នកស្រី ជិន សាន់ឌី មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​តំណាង​កម្មករ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ខាង​ណា​ក៏ដោយ គឺ​ខាង​រោងចក្រ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ដែល​ផ្ទុះ​ហិង្សា​បង្ក​របួស​ស្នាម​ដាក់​គ្នា​របស់​ក្រុម​កម្មករ​នោះ​ឡើយ៖ «ពួក​ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ​ ព្រោះ​មិន​មែន​ខាង​ក្រុម​ហ៊ុន​ទៅ​វាយ​គ្នា​ជាមួយ​ក្រុម​កម្មករ​ឡើយ ដូច្នេះ​អ្នក​ណា​​បង្ក​ហិង្សា​ឲ្យ​ពួកគេ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ទៅ»

ប្រធាន​សហជីព​ចលនា​​កម្មករ​កម្ពុជា លោក ម៉ាន សាបាន ថ្លែង​ថា ករណី​ដែល​បាន​កើត​ឡើង​នោះ គឺ​ដោយសារ​ខាង​ភាគី​រោងចក្រ​ខឹងសម្បា​​នឹង​តំណាង​សហជីព​ដែល​ចុះ​ជួយ​​ក្រុម​កម្មករ​តវ៉ា​រឿង​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ។ លោក​បន្ត​ថា ភាគី​រោងចក្រ​មិន​គួរ​ឆ្លើយ​បដិសេធ​ការ​ទទួល​ខុស​ត្រូវ​បែប​នេះ​ឡើយ៖ «យើង ​គួរ​តែ​ផ្ដល់​យុត្តិធម៌​ដោយ​អព្យាក្រឹត្យ​តាម​ការ​កំណត់​ក្នុង​ច្បាប់ ទាំង​សង្ខាង មិន​ថា​អ្នក​ក្រ ឬ​អ្នក​មាន​ទ្រព្យ​ធន​ឡើយ ព្រោះ​អ្នក​ដែល​ទៅ​ការពារ​សិទ្ធិ​សេរីភាព​កម្មករ​ត្រូវ​គេ​វាយ​ធ្វើ​បាប​បែរ ​ជា​មាន​ទោស​ ហើយ​អ្នក​វាយ​គេ​រួច​ទោស​នោះ​ទេ»

ការ​តវ៉ា​ទាមទារ​របស់​កម្មករ​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ជា​ច្រើន​រយ​នាក់​នៅ​មុខ​រោងចក្រ ​អ៊ែជ្យាយល៍ ស្វេតថឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា បាន​ផ្ទុះ​អំពើ​ហិង្សា និង​បណ្តាល​​ឱ្យ​តំណាង​កម្មករ​រោងចក្រ ៣​នាក់ គឺ​លោក ហ៊ុន វណ្ណា លោក គឹម ខួច និង​លោក ហាស់ ចន្នី រង​របួស​ធ្ងន់​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ និង ៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា។

យ៉ាង​ណា​តំណាង​កម្មករ ៥​រូប ដែល​សមត្ថកិច្ច​ចាប់​ខ្លួន រហូត​មក​ទល់​ពេល​នេះ​ពុំ​ដឹង​សមត្ថកិច្ច​នាំ​ពួកគេ​ទៅ​ឃុំ​ខ្លួន​នៅ​ទី​កន្លែង​ណា ហើយ​ដោះលែង​នៅ​ពេល​ណា​នៅ​ឡើយ។ តំណាង​សហជីព​ចលនា​កម្មករ​កម្ពុជា​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះលែង​ពួកគេ​ទេ នោះ​ក្រុម​កម្មករ​ប្រមាណ ៦​ម៉ឺន​នាក់​ នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។