ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ អនុរក្ស​ពន្ធនាគារ​ព្រៃ​សបាន​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​កាល​ពី​​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​ស្ត្រី​រូប​នោះ នាំ​យក​គ្រឿងញៀន​ចូល​ទៅ​ចែកចាយ​នៅ​ក្នុង​ពន្ធនាគារ​ខាងលើ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​សង្ស័យ​ឈ្មោះ ស៊ូ សា​រ៉ែ​ន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ត្រូវ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ចាប់ខ្លួន​ប្រគល់​ប៉ូលិស​ខណៈ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១,៥៤​ក្រាម​នៅ​ជាប់​ខ្លួន​ពេល​ចូល​ទៅ​សួរសុខទុក្ខ​កូនប្រុស​របស់​ខ្លួន​ដែល​ជាប់​ពន្ធនាគារ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹ​ថា មុន​ពេល​កើតហេតុ ស្ត្រី​សង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ចេញពី​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ​ក្នុង​បំណង​ទៅ​សួរសុខទុក្ខ​កូនប្រុស​របស់​ខ្លួន​ម្នាក់​ឈ្មោះ ប៉ា​ល់ សារូ អាយុ​១៧​ឆ្នាំ ដែល​បាន​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​៦​ខែ​មក​ហើយពី​បទ​ចោរកម្ម ។ ខណៈនោះ​ស្ត្រី​សង្ស័យ​បាន​ទិញ​អីវ៉ាន់​មួយ​ចំនួន​ផ្ញើ​កូន​មាន​ដូច​ជា សាច់ក្រក​, ត្រីងៀត និង​នំប៉័ង លុះ​ពេល​ទៅ​ដល់​ចំណុច​ទីនោះ​ត្រូវ​បាន​ក្រុម​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​លាក់​ទុក​នៅ​ក្នុង​នំប៉័ង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ក្រុម​អនុរក្ស​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​រូប​នោះ រួម​ទាំង​វត្ថុ​តាង​ប្រគល់​ឲ្យ​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ នៅ​ពេលធ្វើការ​សាកសួរ ស្ត្រី​សង្ស័យ​និយាយ​ថា សាច់ក្រក​, ត្រីងៀត និង​នំប៉័ង​ខាងលើ​គឺ​ខ្លួន​ទទួលបញ្ញើ​ពី​ស្ត្រី​២​នាក់​នៅ​ខាងក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ដែល​បាន​ផ្ញើ​យក​ទៅ​ឲ្យ​កូន​របស់​គេ​ដែល​កំពុង​ជាប់គុក​ព្រៃ​ស​នោះ​ដែរ និង​បាន​ឲ្យ​លុយ​ខ្លួន​សម្រាប់​ជិះ​ម៉ូតូឌុប​ចំនួន​៣​ម៉ឺន​រៀល​ទៀត​ផង ហើយ​ខ្លួន​មិន​បានដឹង​ថា​នៅ​ក្នុង​នំ​បុ័ង​នោះ​មាន​លាក់​ទុក​ថ្នាំ​ញៀ​ញ​បែប​នេះ​ឡើយ បើ​ដឹង​ក៏​មិន​ហ៊ាន​ទទួលបញ្ញើ​នោះ​ដែរ ៕