រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថា​កម្ពុជា​ខ្វះ​មន្ត្រី​ជំនាញ​ផ្នែក​ផ្សព្វផ្សាយ​វប្បធម៌

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លើក​ឡើង​ថា កង្វះ​ធនធាន​មន្ត្រី​ជំនាញ​កំពុង​ក្លាយ​ជា​ឧបសគ្គ​លើ​ការ​បំពេញ​ការងារ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​របស់​ក្រសួង។ ករណី​នេះ គឺ​ជា​បញ្ហា​ប្រឈម និង​ជា​ផល​ប៉ះពាល់​ដល់​ការ​ផ្សព្វផ្សាយ និង​ការ​អភិវឌ្ឍ​វប្បធម៌​នៅ​កម្ពុជា ខណៈ​កម្ពុជា បាន​ឈាន​ជើង​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។

​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​វប្បធម៌ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​វប្បធម៌​ឆ្នាំ​២០១៦ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

​ថ្លែង​ក្នុង​សន្និបាត​នោះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រសួង​ខ្វះ​មន្ត្រី​ជំនាញ ឬ​ក៏​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​លើ​ការងារ​ផ្សព្វផ្សាយ​វប្បធម៌ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត។ អ្នកស្រី​បន្ត​ថា ម្យ៉ាង​ធនធាន​មន្ត្រី​មួយ​ចំនួន​ដែល​មាន​រួច​ហើយ អនុវត្ត​ការងារ​ពុំ​ទាន់​ត្រូវ​តាម​ជំនាញ​ត្រឹមត្រូវ​នៅ​ឡើយ។

​អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ទំហំ​ការងារ​វប្បធម៌​ទូទាំង​ប្រទេស​ទាំង​ផ្នែក​រូបី និង​អរូបី គឺ​មាន​វិសាលភាព​ធំធេង បើ​ប្រៀបធៀប​ទៅ​នឹង​សមត្ថភាព និង​លទ្ធភាព​ជាក់ស្ដែង​នៃ​ធនធាន​ដែល​មាន គឺ​ជា​កត្តា​ខ្វះ​ចន្លោះ​ក្នុង​ការ​គ្រប់​គ្រង់​វប្បធម៌ ធ្វើ​ឲ្យ​ការ​អនុវត្ត​ការងារ​ជាក់ស្ដែង​នៅ​មាន​កម្រិត។

​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រូប​នេះ​អះអាង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ខណៈ​កម្ពុជា ជា​សមាជិក​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក្រសួង​បាន​ត្រៀម​អប់រំ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន ឲ្យ​កាន់​តែ​ទូលាយ​ជាង​មុន៖ «ដូច្នេះ​សហគមន៍​អាស៊ាន ក្រៅ​ពី​សមាហរណកម្ម ក្រៅ​អំពី​សហប្រតិបត្តិការ យើង​មិន​ភ្លេច​ទេ​ការ​អប់រំ​លើ​ធនធាន​មនុស្ស ដូច្នេះ​យើង​មិន​ភ្លេច​ទេ ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​ការ​ប្រកួត​ប្រជែង​នេះ»

​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឆ្នាំ​២០១៥ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ លើ​​វិស័យ​វប្បធម៌ ក្រសួង​មាន​ការងារ​អាទិភាព​ចំនួន ៣៧៣​សកម្មភាព​ការងារ ក្នុង​នោះ​ក្រសួង​អនុវត្ត​បាន​ចំនួន ២៨២​សកម្មភាព ដែល​ស្មើ​នឹង ៧៦% នៃ​ផែនការ​ប្រចាំ​ឆ្នាំ។ ចំពោះ​សកម្មភាព​នៅ​ថ្នាក់​កណ្ដាល ក្រសួង​សម្រេច​បាន ៧៧% នៃ​សកម្មភាព​ការងារ​សរុប​ចំនួន ១២៣ និង​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ រាជធានី-ខេត្ត សម្រេច​បាន ៧៥% នៃ​សកម្មភាព​សរុប​ចំនួន ២៥០​សកម្មភាព​ការងារ​ប្រចាំ​ឆ្នាំ។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​វប្បធម៌​អះអាង​ថា ល្បែង​ទាញព្រ័ត្រ​របស់​កម្ពុជា ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) ចាត់​ចូល​ជា​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ជាដើម។

​ដោយ​ឡែក​សម្រាប់​ឆ្នាំ​២០១៦ ក្រសួង​អះអាង​ថា ដើម្បី​ចូលរួម​សម្រេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-​២០១៨ ក្រសួង​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ចំនួន ៣​សំខាន់ៗ គឺ​១ ពង្រឹង ពង្រីក​សក្ដានុពល​វប្បធម៌​ឲ្យ​ក្លាយ​ជា​កម្លាំង​ចលករ​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច ទី​២ បង្កើន​ការ​អប់រំ ការ​ផ្សព្វផ្សាយ ការ​ច្នៃប្រឌិត និង​ការ​បង្កើត​ទីផ្សារ​វប្បធម៌ និង​ទី​៣ បង្កើន​សកម្មភាព​ស្ថាប័ន ភាពជា​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​លើ​វិស័យ​វប្បធម៌​បន្ថែម​ទៀត។ ក្រសួង​រំពឹង​ថា សកម្មភាព​នេះ​នឹង​អនុវត្ត​សម្រេច​បាន​ជោគជ័យ​ជាង​ឆ្នាំ​២០១៥។

​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​ទាន់​ឲ្យ​ដឹង​ថា តើ​ក្រសួង​ត្រូវ​ការ​ធនធាន​មន្ត្រី​ជំនាញ​ចំនួន​ប៉ុន្មាន​នាក់​ទៀត សម្រាប់​ការងារ​ផ្សព្វផ្សាយ​វប្បធម៌​នៅ​ឡើយ ហើយ​ថា តើ​ក្រសួង​នឹង​គ្រោង​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន សម្រាប់​អនុវត្ត​ការងារ​លើ​ផ្នែក​ផ្សព្វផ្សាយ​វប្បធម៌​ឆ្នាំ​២០១៦ នោះ​ដែរ។

​​ទោះ​ជា​បែប​នេះ​ក្ដី នៅ​ក្នុង​ព្រឹត្តិការណ៍ "យើង​រួម​គ្នា​តែមួយ" ដែល​រៀបចំ​ឡើង​កាល​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ អតីតមន្ត្រី​រាជការ​ចាស់ និង​សិល្បករ ធ្លាប់​លើក​ឡើង​ថា កម្ពុជា​មិន​ខ្វះ​ធនធាន​មនុស្ស​លើ​ផ្នែក​ផ្សព្វផ្សាយ​វប្បធម៌​នោះ​ទេ ប៉ុន្តែ​ដោយសារ​សង្គម​កម្ពុជា ពិសេស​ក្រសួង​វប្បធម៌ មិន​សូវ​បាន​គិត​ពី​ប្រាក់​បៀវត្ស ព្រោះ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ និង​មន្ត្រី​ក្រសួង​វប្បធម៌​ដែល​មាន​វ័យ​ចំណាស់​មួយ​ចំនួន នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក និង​ជីវភាព​ខ្វះខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។