ចាំបាច់​ទេ ក្នុងការ​កម្តៅ​និង​សម្រាល​សាច់ដុំ​មុន​និង​ក្រោយ​ហាត់ប្រាណ ?

ចាំបាច់​ទេ ក្នុងការ​កម្តៅ​និង​សម្រាល​សាច់ដុំ​មុន​និង​ក្រោយ​ហាត់ប្រាណ ?

​យើង​ម្នាក់ៗ​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ហាត់ប្រាណ គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលុប មិន​ថា​ចំពោះ​សុខភាព​ផ្លូវកា​យ​និង​ផ្លូវចិត្ត ។ ទោះ​យ៉ាងណាក្តី អ្នកជំនាញ​អប់រំ​សុខភាព តែង​ណែនាំ​អ្នក អោយ​ធ្វើការ​ហាត់ប្រាណ​ជា​ទៀងទាត់ តែ​ពួកគេ​តែង​មើលរំលង​នូវ​ចំណុច​មួយ ដែល​អ្នក​ហាត់ប្រាណ គួរ​អនុវត្ត នោះ​គឺ​ការ​កម្តៅ​សាច់ដុំ​មុន​ពេល​ហាត់ និង​សម្រាល​សាច់ដុំ​មកវិញ​ក្រោយពេល​ហាត់​រួច​។ ការ​មិន​បាន​អនុវត្ត​ដូចនេះ វា​អាច​នឹង​ធ្វើអោយ​អ្នក​មាន​របួស​ចំពោះ សន្លាក់​និង​សាច់ដុំ​ក្នុងពេល​កំពុង​ហា​ត់ ។​

អត្ថប្រយោជន៍​នៃ​ការ​កម្តៅ​សាច់ដុំ​មុន​ពេល​ហាត់​
ចំណុច​សំខាន់​នៃ​ការ​កម្តៅ​សាច់ដុំ គឺ​ដើម្បី​បង្កើន​ចង្វាក់បេះដូង​របស់​អ្នក​បន្តិច​ម្តងៗ ។ នៅពេល​ដែល​ចង្វាក់បេះដូង​កើន នោះ​រាងកាយ​អ្នកនឹង​ចាប់​មាន​កម្តៅ​ជាង​មុន ហើយ​នឹង​មាន​ឈាម​ជាច្រើន រត់​ទៅ​កាន់​សាច់ដុំ ។ នៅពេល​ដែល​ឈាម​ហូរ​ច្រើន ទៅកាន់​សាច់ដុំ នោះ​វា​នឹង​កាន់តែ​មាន​អុកស៊ីសែន ដែល​អាច​ជួយ​រៀបចំ​សាច់ដុំ​របស់​អ្នក ទប់ទល់​នឹង​កម្រិតធ្ងន់​នៃ​សកម្មភាព​ដែល​អ្នក គ្រោង​នឹង​អនុវត្ត​។ យើង​អាច​ប្រៀបធៀប​សាច់ដុំ​របស់​អ្នក ទៅ​នឹង​ដុំឥដ្ឋ​មួយ គឺ​នៅ​ពេល​ដែល​វា​ត្រូវ​ក្តៅ​នោះ​វា​នឹងរ​លា ហើយ​ងាយស្រួល​អាចអោយ​អ្នក​បត់បែន​បាន​ជាង ពេល​ដែល​វា​ត្រជាក់ ដែល​ពិបាក​នឹង​បត់បែន​។ ស្ថានភាព​នេះ​ក៏​មិន​ខុសគ្នា​ពី​សាច់ដុំ​របស់​អ្នក​ដែរ​។ ប្រសិនបើ​អ្នក​រំលង​នូវ​សម្មភាព​នៃ​ការ​កម្តៅ​សាច់ដុំ នោះ​សាច់ដុំ​, ស​សៃ​ចំណង និង​សន្លាក់​របស់​អ្នក​នឹង​មិន​អាច​បត់បែន បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅតាម​ចលនា​ដែល​អ្នក​អនុវត្ត​នោះ​ឡើយ​។​

អត្ថប្រយោជន៍​នៃ​ការ​សម្រាល​សាច់ដុំ​បន្ទាប់​ពី​ហាត់​រួច​
ការបញ្ចប់​សកម្មភាព​ហាត់ប្រាណ​ភ្លាមៗ បន្ទាប់​ពី​អ្នក​ហាត់​រួច​នឹង​ធ្វើអោយ​អ្នក​បាត់បង់​នូវ អត្ថប្រយោជន៍​នៃ​ការ​សម្រាល​សាច់ដុំ​មកវិញ​។ ពោល​គឺ​អ្នក​មិនបាន​ធ្វើ​ចលនា​អោយ​វា ត្រលប់​មក​រក​សភាព​ដើម​វិញ​តាម​សម្រួល បន្ទាប់​ពី​វា​មាន​ចលនា​យ៉ាងគំហុក​។ សកម្មភាព​សម្រាល ឬ​បន្ថយ​កម្លាំង​សាច់ដុំ​មកវិញ​នេះ គឺ​អាច​ជួយ​អោយ​សាច់ដុំ​បាន​ធូរស្រាល​មក​វិញ​។ ការ​ពត់ពេន​ខ្លួន នឹង​ជួយ​ពង្រឹង​សាច់ដុំ ដូច្នេះ​ពួក​វា​នឹង​ជួយ​អោយ​អ្នក​ត្រៀម​រួចរាល់ សម្រាប់​ការហាត់​នា​ពេល​ក្រោយ​ទៀត​។​

គោលដៅ​ចំបង​នៃ​ការធ្វើ​សកម្មភាព​សម្រាល​សាច់ដុំ​នោះ​គឺ ដើម្បី​អោយ​ចង្វាក់បេះដូង​,​ចង្វាក់​ដង្ហើម និង​សីតុណ្ហភាព​រាងកាយ​អ្នក ត្រលប់​មក​រក​សភាព​ដើម​វិញ​។ នៅ​ពេល​អ្នក​អនុវត្ត​ដូចនេះ គឺ​វា​បាន​ជួយ​ចែកចាយ​ឈាម​អោយ​ត្រលប់​ទៅកាន់​បេះដូ​វិញ ដែល​កត្តា​នេះ​អាច​ជួយ​យក​ចេញ​នូវ អាស៊ី​ត lactic ដែល​ប្រមូលផ្តុំ​នៅតាម​សាច់ដុំ​ខណៈ​ពេល​អ្នក​កំពុង​ហាត់ប្រាណ​។ ប្រសិនបើ​អ្នក​បញ្ចប់​ការ​ប្រាណ​របស់​អ្នក​ភ្លាមៗ ដោយ​មិន​បាន​ធ្វើ​សកម្មភាព​សម្រាល​សាច់ដុំ នោះ​ឱកាស​នៃ​ការប្រមូលផ្តុំ​ឈាម​មាន​នៅ​តែ​ត្រង់​សាច់ដុំ​ជើង ហើយ​វា​អាច​ធ្វើអោយ​ឈាម​មិន​អាច​ហូរ​ទៅ​សព្វ​រាងកាយ​បានល្អ ជាហេតុ​ធ្វើអោយ​អ្នក​វិលមុខ​, អស់កម្លាំង និង​ចង់​ក្អួត​ជាដើម​។​

អ្នក​គួរ​ធ្វើ​វា យ៉ាងតិច​ក្នុង​រយៈពេល ៥​នាទី​ដើម្បីអោយ​ចង្វាក់​ដង្ហើម​, បេះដូង និង​សីតុណ្ហភាព​រាងកាយ​របស់អ្នក​ត្រលប់​មក​សភា​ពដើម​វិញ ៕


​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។