ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បាន​បើក​វ៉ា​​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ដែល​ខំ​គេច​រហូត​ដល់​ចិញ្ចើមថ្នល់​​បណ្ដាល​ឲ្យ​ដួល​ហើយ​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ អ៊ូច បញ្ញា ភេទ​ប្រស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​កណ្ដាល ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ពៅ កុង​គែន ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ​២៤៤ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-6144 ចំណែក​រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-5702 ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​សាំង​យ៉ុ​ង​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​គ្នា​) ដោយ​រថយន្ត​វ៉ា​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត​រហូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​នៅ​ចិញ្ចើមថ្នល់​ហើយ​កិន​​ហើយ​អូស​ជាប់​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់តែ​ម្តង ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង ហើយ​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត ព្រមទាំង​រថយន្ត និង​ម៉ូតូ​ទៅ​កាន់​ការិយាល័យ​ច​រា​រណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​សមត្ថកិច្ច​កំពុង​ស្វែងរក​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​មក​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕