Q&A: តើ​ស្ត្រី​អាយុ​ប៉ុន្មាន​ទើប​លែង​មានកូន ?

សំណួរ ៖ នាង​ខ្ញុំ​អាយុ ៣៥ ឆ្នាំ ទើប​រៀបការ នាង​ខ្ញុំ​ព្រួយបារម្ភ​ដល់ពេល​មានគភ៌​ថា​ជួប​បញ្ហា ប្រឈម​ឬទេ ពិសេស​ការ​សម្រាលកូន​តែម្តង ។ នាង​ខ្ញុំ​បាន​ឮថា ស្ត្រី​នៅពេល​អាយុ​ឈានចូល​ខ្ទង់ ៣០ ជិត ៤០ ឆ្នាំទៅនៅពេល​មានកូន​ត្រគាក​មិន រីក​ធ្វើឱ្យ​ពិបាក​សម្រាលកូន តើ​រឿងនេះ​ពិត​ឬទេ ? ហើយ​តើ​ស្ត្រី​អាយុ​ប៉ុន្មាន​ទើប​លែងមាន​កូន ?

ចម្លើយ ៖ ជា​ការពិតហើយ​ស្ត្រី​រៀបការ​នៅ វ័យ​ចំណាស់​មាន​បញ្ហា​ប្រឈម​ចំពោះ​ការ​សម្រាលកូន​ដោយសារ​វ័យ​កាន់តែច្រើន ត្រគាក​កាន់តែ​រួម​តូច ឯ​កម្លាំង​ក៏​ចុះខ្សោយ ដែលជា​បច្ច័យ​ជួប​ការលំបាក​ក្នុងការ​សម្រាលកូន ។ ដោយឡែក​បញ្ហា​មិនមាន​គភ៌​ទាល់តែ​ស្ត្រី​ឈានដល់​អាយុ​លែងមាន​រដូវ ចំពោះ​វ័យ​របស់​អ្នក ៣០ ឆ្នាំ​បា្លយ​នេះ​សុំ​កុំ​បារម្ភ ពីព្រោះ​ស្ថិតនៅក្នុង​វ័យ​ពេញកម្លាំង​ក្នុងការ​បង្កើតកូន ។ បច្ចុប្បន្ន​គេ​សម្រាលកូន​ដោយ​វិធី​វះកាត់​ជា​រឿង​ធម្មតា ហេតុនេះ​ទោះ​ឈានដល់​វ័យ​ប៉ុន្មាន​ក៏ គ្រូពេទ្យ​អាចបង្កើត​បានដែរ ។

ចូរ​អ្នក​ស្ងប់ចិត្ត ព្រោះ វ័យ​របស់​អ្នក​ស្ថិតក្នុង​វ័យ​ដែល​អាចបង្កើត​កូន​បាន​យ៉ាង​ងាយ​ដោយ មិន​បង្ក​ជា​ឧបសគ្គ​នោះឡើយ ។ ទោះបីយ៉ាងណា​ស្ត្រី​ចូរ​ចងចាំ​ដែរ​ថា ការ​សម្រាល កូន​ដោយ​វិធី​វះកាត់​ធ្វើបាន​ចំពោះ​ស្ត្រី​តែ ២ ទៅ ៣ ដង​ប៉ុណ្ណោះ ពីព្រោះ​បើ​មានការ​វះកាត់​ញឹកញាប់​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ស្ត្រី ។ ហេតុនេះ បើ​ស្ត្រី​មានកូន​ច្រើន​ហើយ​សម្រាល​ដោយ​ប្រើ​វិធី​វះកាត់​រហូត​នោះ​ក៏​មិនល្អ​ដែរ ៕