សាក្សី​ជនជាតិ​ចាម​និយាយ​អំពី​ការ​សម្លាប់​ជនជាតិ​ចាម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៣ មករា បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង អំពី​ការ​សម្លាប់​ជនជាតិ​ចាម នៅ​ភូមិ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី​ជា​ស្ត្រី​ជនជាតិ​ចាម ឈ្មោះ ម៉ាត់ ស ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា សមាជិក​គ្រួសារ​របស់​លោកស្រី​ចំនួន ៨​នាក់ ត្រូវ​បាន​យោធា​ខ្មែរ​ក្រហម​ប្រមូល​ទៅ​សម្លាប់​នៅ​ភូមិ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម៖ «មុន​នឹង​គេ​យក​ទៅ​សម្លាប់ គេ​ចង​ដាក់​នៅ​ផ្ទះ​ឃុំឃាំង។ ចង​ហើយ​បាន​គេ​យក​ទៅ​ម្ដង​ពីរ​នាក់​បី​នាក់​ទៅ​សម្លាប់ គេ​ថា​ទៅ​រៀប​បាយ​ហូប​នៅ​ឯ​ក្រោម។ ដល់​ពេល​ឃើញ​ចុះ​ទៅ​បាត់ៗ​ហ្នឹង ខ្ញុំ​បាន​លួច​មើល​តាម​ជញ្ជាំង​ឃើញ​វា​សម្លាប់​បង​ប្អូន​ដាក់​រណ្ដៅ​ហ្នឹង​ធំ ហើយ​វា​ដាក់​ក្ដារ​លើ​មាត់​រណ្ដៅ។ ដល់​ពេល​វា​យារ​កាំបិត​កាប់ វា​ឲ្យ​យើង​ឱន។ ដល់​ពេល​កាប់​ទៅ យើង​បម្រះ​ធ្លាក់​រណ្ដៅ​នោះ​តែ​ម្ដង។ ខ្ញុំ​មើល​ឃើញ​ច្បាស់»

សាក្សី​រូប​នេះ​ថ្លែង​ថា ស្ត្រី​ជនជាតិ​ចាម ដែល​គេ​យក​ទៅ​សម្លាប់​នោះ​មាន​ចំនួន ២០​នាក់។ លោកស្រី និង ១៥​នាក់​ផ្សេង​ទៀត​បាន​រួច​ជីវិត ក៏​ព្រោះ​តែ​លោកស្រី​ឆ្លើយ​ថា​ជា​កូន​ខ្មែរ។ សក្ខីកម្ម​របស់ លោកស្រី ម៉ាត់ ស ទាក់ទង​នឹង​ការ​សម្លាប់​ស្ត្រី​កង​ចល័ត​ជនជាតិ​ចាម នៅ​ភូមិ​ទ្រា គឺ​ជា​សក្ខីកម្ម​បន្ថែម​មួយ​ទៀត​ទៅ​លើ​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ឈ្មោះ ណូ សាដះ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ លោកស្រី ណូ សាដះ បញ្ជាក់​ថា លោកស្រី​បាន​រួច​ជីវិត ក៏​ដោយសារ​ឆ្លើយ​ប្រាប់​ពួក​ខ្មែរ​ក្រហម​ថា​ជា​កូន​ខ្មែរ។

ក្រោយ​បញ្ចប់​សក្ខីកម្ម លោកស្រី ម៉ាត់ ស អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​ស្ដាប់​សាក្សី​ពីរ​រូប​ទៀត ប៉ុន្តែ​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ថ្ងៃ​ច័ន្ទ ទី​១៨ និង​រសៀល​ថ្ងៃ​អង្គារ ទី​១៩ មករា អង្គ​ជំនុំ​ជម្រះ​នឹង​មិន​ធ្វើ​សវនាការ​ជា​សាធារណៈ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។