ឃាត់ខ្លួន មនុស្សពីរនាក់ ពេលធ្វើសកម្មភាព ឆក់កាបូប នៅសង្កាត់ ទឹកល្អក់ទី៣

ភ្នំពេញ៖ កម្លាំងនគរបាលល្បាត នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក នៅម៉ោង ៧៖៣០នាទី ព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ពេលធ្វើសកម្មភាព ឆក់កាបូប នៅផ្លូវ លេខ១៨២ កែងផ្លូវលេខ២៤៧ ក្រុមទី៩ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ខន រចនា ហៅ ភេវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៨៦អា ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក (ជាអ្នកបើកម៉ូតូ ) និងទី២.ឈ្មោះ សោម វ៉ាលីហ្សា ហៅ ហ្សា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១៣អឺ០ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ)។ ចំណែកជនរងគ្រោះ ក្នុងសកម្មភាពឆក់នេះ ឈ្មោះ ចិន ម៉ុនថា ហៅ អ៊ាក ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវនៅ ផ្សារអ៉ីអន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូពីរគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរី ២០០៨ ពាក់ស្លាកលេខសៀមរាប 1E-4257 មាន លេខតួនិងលេខម៉ាស៊ីន 9475974 និងម៉ាក Honda C110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-6959 មានលេខតួនិងលេខម៉ាស៊ីន 80081 75 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព )។ កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ (ជាកាបូបរបស់ ជនរងគ្រោះ ) ឯសំភារ:ដែលបាត់បង់ រួមមានលុយចំនួន៥ម៉ឺន និងទូរស័ព្ទមួយគ្រឿងម៉ាក ណូគា ពណ៌ស។ 

មន្ត្រីនគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរង គ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង សេ៥០ ពណ៌បៃតង ចាស់ ពាក់ស្លាកលេខភ្នំពេញ 1BH-0633 ធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ១៨២ ពីលិចមកកើត មកដល់ចំណុចកើតហេតុ ស្រាប់តែជន សង្ស័យ០៣នាក់ជិះម៉ូតូ០២គ្រឿងតាមមកពី ក្រោយ ទន្ទឹមអែបខាងឆ្វេងបានធ្វើសកម្មភាពឆក់ កាបូបពីដែលជនរងគ្រោះបានសម្រេចព្យាយាមជិះ ម៉ូតូគេខចខ្លួន ពេលនោះជនរងគ្រោះបានជិះម៉ូតូ ដេញតាមពីក្រោយព្រមទាំងស្រែកចោរៗ ភ្លាមនោះ កម្លាំងល្បាតរបស់ នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ដែលកំពុងល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានស្ទាក់ខ្លួនបានជនសង្ស័យ០២នាក់ និងម៉ូតូ ០២គ្រឿង រួមទាំងវត្ថុតាងកាបូបរបស់ជនរងគ្រោះ ចំណែកជនសង្ស័យ០១នាក់រត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕