Vidic នឹង​ចាកចេញ​ពី​ Inter Milan មុន​កាល​កំណត់

កីឡាករ Nemanja Vidic នឹង​ត្រូវ​ចាកចេញពី​ក្លិប Inter Milan មុន​ការ​កំណត់​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា។ ខ្សែ​ការពារសញ្ជាតិស៊ែប៊ី​រូប​នេះបានជួបប្រទះ​ការ​លំបាក​ជាច្រើន​​ពីការរងរបួស ដែល​បាន​បណ្តាល​ឲ្យ​ទំនាក់​ទំនង​របស់​គេ​ជាមួយអ្នកគ្រប់គ្រងក្លិបគឺ​ លោក Roberto Mancini បានធ្លាក់​ទៅ​ក្នុង​ភាព​រកាំរកូស។

vidicគួរកត់​សម្គាល់ថា Vidic ពុំបាន​លេង​ឲ្យ​ក្លិប Inter Milan ឡើយ​នៅ​ក្នុង​រដូវកាល​នេះ។ កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​របស់ Vidic ដែល​ជាអតីត​ខ្សែការពារ​​របស់​ក្រុម​បិសាចក្រហម Manchester United ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ក្លិប Inter Milan ​កាលពីរ​ដូវ​ក្តៅក្នុង​ឆ្នាំ ២០១៤ នៅ​សល់​រយៈ​ពេល​ ៦ ខែ​ទៀត​មុន​កាល​បរិច្ឆេទផុត​កិច្ចសន្យា។

នៅ​ថ្ងៃអង្គារ តំណាង​របស់​គេ​បាន​ធ្វើការ​ចរចារជាមួយ​នឹង​ក្លិបជុំវិញ​លក្ខខណ្ឌ​នៃ​ការ​ចាកចេញ​របស់​គេ។ Vidic ស្ថិត​នៅ​ក្នុង​ចំណោមកីឡាករ​ដែល​មាន​ចំណូល​ខ្ពស់​បំផុត​របស់​ Inter Milan ដែល​មាន​បំណង​ចង់​ទុក​ថវិការ​មួយ​ចំនួន​សម្រាប់​ទិញ​កីឡាករ​ថ្មីៗ​នៅ​ខែ​មករាដើមឆ្នាំ។ កីឡាករ Armando Izzo របស់​ក្លិប Genoa​ ត្រូវ​បាន​គេ​រំពឹងថា នឹង​ជំនួស​កន្លែង​របស់ Vidic ក្នុងក្លិប Inter Milan បន្ទាប់​ពី​គេ​បាន​ចាកចេញ។

ខ្សែបម្រើ​របស់ក្លិប​ម្នាក់ទៀតគឺ Andrea Ranocchia​ ក៏អាច​នឹង​ចាកចេញ​ផងដែរ ក្នុង​ដំណើរការ​ដោះដូរ​កីឡាករ​នៅ​ក្នុង​ខែ​នេះ។ ក្នងវ័យ ៣៤ឆ្នាំ កីឡាករ Nemanja Vidic ដែល​បាន​ទទួល​កាត់ក្រហម​នៅ​ពេល​ចូល​លេង​ដំបូង​នៅ​ក្នុង​លីក​នៃ​ក្របខណ្ឌ​អ៊ីតាលី បាន​ចូល​លេង​ក្នុងត្រឹម​តែ ២៣ប្រកួតប៉ុណ្ណោះ​ក្នុងក្របខណ្ឌ Serie A។ រូប​គេ​បាន​ចាក​ចេញ​ពី​ក្រុមបីសាច​ក្រហម នៅ​ឆ្នាំ២០១៤ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​សម្រាប់​ការ​លេង​ឲ្យ​ក្លិប​នេះ ដោយគេ​បានទទួល​បាន​រង្វាន់​​ចំនួន​ប្រាំនៅ​ក្នុងក្របខណ្ឌព្រីមីវលីក ព្រម​ទាំងឆេមពានលីក​នៅ​ឆ្នាំ២០០៨ ផងដែរ៕