អ.ហ រាជធានីភ្នំពេញ បង្ហាញមុខ និងបញ្ជូនជនសង្ស័យ២២នាក់ ទៅតុលាការ

ភ្នំពេញ៖ ក្រោយការបង្រ្កាប និងស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២២នាក់រួចមក នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ កងរាជអាវុធហត្ថរាជ (អ.ហ) ធានីភ្នំពេញបានបង្ហាញមុខ និងបញ្ជូនជនសង្ស័យទាំងអស់ ទៅតុលាការជាបន្តបន្ទាប់ពាក់ព័ន្ធ ក្នុងនោះពាក់ព័ន្ធករណីគ្រឿងញៀន១២នាក់ ចោរលួច០៧នាក់ និងឆក់០៣នាក់។

សេចក្តីរាយការណ៍ ពីកងរាជអាវុធហត្ថ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនទាំង១២នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួននៅ ថ្ងៃទី១០ទី១១ និង ទី១២ ខែមករា ឆ្នាំ២០១៦ ក្នុងខណ្ឌដង្កោ, ខណ្ឌមានជ័យ និង ខណ្ឌសែនសុខ។ រីឯចោរលួច០៧នាក់គឺជាក្រុមចោរដើរលួចម៉ូតូតាមផ្ទះនិងទីកន្លែងសាធារណៈផ្សេងៗ ត្រូវអាវុធហត្ថឃាត់ខ្លួនបាននៅថ្ងៃទី១១ ទី១២ ខែមករា ឆ្នាំ2016 ក្នុងខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និង ខណ្ឌមានជ័យ។

ចំណែកឯ ចោឆក់០៣នាក់ ដែលតែងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ កាបូបលុយ និងសម្ភារៈផ្សេងរបស់ប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួនបានក្នុងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ក្នុងនោះ មាន02នាក់ ឃាត់បាននៅចំណុចផ្លូវ១៥៤ កែង១៩ សង្កាត់ជ័យជនះ ខណ្ឌដូនពេញ បន្ទាប់ពីពួកគេឆក់ទូរស័ព្ទដៃរបស់ជនបរទេស និងម្នាក់ទៀតឃាត់ខ្លួននៅចំណុចផ្លូវ១៧២ កែង១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពីវានិងបក្សពួកបានឆក់ទូរស័ព្ទដៃពីជនបរទេសផងដែរ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣ខាងលើបានឲ្យដឹងថា ពួកគេ និងបក្សពួកធ្លាប់ប្រព្រឹត្តអំពើឆក់ជាច្រើនលើកមកហើយ ហើយក្នុងនោះមានម្នាក់ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៧ខែផងដែរ កាលពីឆ្នាំ២០១៣។

បច្ចុប្បន្នជនសង្ស័យទាំង២២នាក់ត្រូវបានកងរាជអាវុហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងជាបន្តបន្ទាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ រីឯសម្ភារៈរបស់ជនរងគ្រោះដែលដកហូតបាន សមត្ថកិច្ចអាវុធហត្ថបានប្រគល់ជូនដល់ដៃម្ចាស់ដើមវិញផងដែរ៕

ដំណើររឿងជាក់ស្តែង៖

នៅម៉ោង២២និង៤០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ កម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ បានចេញល្បាត តាមផ្លូវក្នុងភូមិសាស្ត្រភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោឃើញជនសង្ស័យ០៣នាក់ មានអាកប្បកិរិយាគួសង្ស័យ បានកាក់សូរនាំ និងឆែកឆេ ឃើញមានថ្នាំញៀននៅជាប់នឹងខ្លួន ក៏យកទៅសួរនាំបន្តនៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រហូតដល់មានការចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យព្រមទាំងដកហូតបានថ្នាំញៀនក្រាមពណ៌ស ចំនួន១៧កញ្ចប់ថែមទៀត ។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន01នាក់ ពាក់ព័ន្ធនឹងករណី គ្រឿងញៀននៅចំណុចបន្ទប់ជួលលេខ៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តាមការចង្អុលបង្ហាញរបស់ជនសង្ស័យម្នាក់ខាងលើនេះ កម្លាំងអាវុធហត្ថបានឈានទៅដល់ការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យ08នាក់ផ្សេងទៀត នៅផ្ទះលេខ៣៣ ក្រុម២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង នៅផ្ទះគ្មានលេខ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតបានថ្នាំញៀន០៥កញ្ចប់ ដាវ ដំបងដែក និងប្រដាប់ជក់គ្រឿងញៀនជាច្រើនទៀត ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ អាវុធហត្ថខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យ01នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូស្កូបពីមួយគ្រឿង ចតនៅមុខម៉ាត ត្រង់ចំណុចផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល2 ខណ្ឌដូនពេញ។ ថ្ងៃជាមួយគ្នានេះដែរ អាវុធហត្ថខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យ04នាក់ផងដែរពាក់ព័ន្ធនឹងករណីលួចម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ដែលម្ចាស់គេបានឆាក់សោរទុកក្នុងភោជនីយដ្ឋាន បឹងសុបិន្ត ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ អាវុធហត្ថខណ្ឌមានជ័យបានឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្ទាប់ពីពួកវាលួចកង់ប្រជាពលរដ្ឋកាលពីថ្ងៃទី10 ខែមករា ឆ្នាំ2016 និងបានកាក់ប្លន់ទូរស័ព្ទស្ត្រីម្នាក់កាលពីថ្ងៃទី11 ខែមករា ឆ្នាំ2016នៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

នៅរសៀលម៉ោង១៤និង២០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ជនបរទេសម្នាក់ឈ្មោះ ALICE UNWIN AUSTIN ចុះពីរថយន្តក្រុងមកពីវៀតណាម កំពុងដើរត្រង់ចំណុចផ្លូវ១៥៤ កែង១៩ សង្កាត់ជ័យជនះ ខណ្ឌដូនពេញ ដើម្បីរកផ្ទះសំណាក់ដែលខ្លួនបានកក់តាមអ៊ិនធឺណែត ដោយឆែកផែនទីតាមទូរស័ព្ទ  ក៏ត្រូវជនសង្ស័យ០២នាក់ ជិះមកក្បែរហើយឆក់ទូរស័ព្ទដៃរបស់ខ្លួនបានសម្រេច ហើយជិះគេចខ្លួនតែម្តងទៅ ភ្លាមនោះកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញទៅដល់ ក៏ដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យទាំង02នាក់នោះបានតែម្តង ហើយយប់ថ្ងៃដដែលនោះមានជនបរទេសម្នាក់ផ្សេងទៀតឈ្មោះ VINCENZO TOROENTE បានឈរលេងជាមួយសង្សារ នៅចំណុចផ្លូវ១៧២ កែង១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយកាន់ទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំងស៊ុង ស្រាប់តែមានជនសង្ស័យ02នាក់ ជិះម៉ូតូមកក្បែរខ្លួនហើយឆក់ទូរស័ព្ទយកទៅបាត់ ខ្លួនក៏ស្រែកឆោឡោ ផ្អើលដល់កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញ ចេញមកអន្តរាគមន៍ដេញចាប់ជនសង្ស័យរហូតឃាត់ខ្លួន  បានម្នាក់និងម៉ូតូមួយគ្រឿង។ តាមចម្លើយរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា ពួកគេ និងបក្សពួកធ្លាប់ប្រព្រឹត្តអំពើឆក់ជាច្រើនលើកមកហើយ ហើយក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៧ខែកាលពីឆ្នាំ២០១៣៕