គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​សាជាថ្មី ដល់​ក្រុម​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​ទាំងអស់ កុំ​ជេរប្រមាថ ឬ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ: កាលពី​ព្រលប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​អំពាវនាវ​សាជាថ្មី ទៅកាន់​ក្រុម​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​ណ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ត្រូវ​រក្សា​នូវ​ភាពថ្លៃថ្នូរ សីលធម៌​ខ្ពស់ ដោយ​មិន​ជេរប្រមាថ មិន​ប្រើ​រូបភាព​ប្រមាថ ក្នុងការ​បញ្ចេញ​មតិយោបល់ ឬ​ការរិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ ការឈប់​រិះគន់ ជេរប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច្នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ដើម្បី​ស្វែងរក​នូវ​ការផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ​។​

​សេចក្តីអំពាវនាវ​ជាថ្មី​នោះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ ក្រោយពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។

​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា បច្ចុប្បន្ននេះ ការបញ្ចេញ​មតិយោបល់ ឬ​ការរិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ មាន​លក្ខណៈ​អសីលធម៌ អសុរោះ ជេរប្រមាថ ប្រើ​រូបភាព​ប្រមាថ ដែល​នាំ​ឲ្យ​សង្គម​ខ្មែរ​យើង មានការ​បែកបាក់​កាន់តែខ្លាំង ហើយ​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​នូវ​ភាពថ្លៃថ្នូរ បាត់បង់​កិត្យានុភាព​ជាតិ ដែល​ខ្មែរ​ធ្លាប់​តែមាន​តាំងពី​យូរលង់​មកហើយ​។​

​ជាមួយគ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​រំ​ឮ​ក​ដល់​ថ្នាក់ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន​ថា គុណ​តម្លៃ​ដែល​បាន​កំណត់ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ការលើកស្ទួយ គោរព និង​ការពារ​សេចក្តីថ្លៃថ្នូ​ររ​ប​ស់មនុស្ស​។ គោលដៅ ដែល​ចង់បាន គឺ​រក្សា​សន្តិភាព រក្សា​ស្ថិរភាព​នយោបាយ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ស្វែងរក​ការផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ដើម្បី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​។ គោលការណ៍​ដែល​ប្រកាន់ខ្ជាប់​ឥត​ងាករេ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមមាន សន្តិវិធី អហិង្សា សីលធម៌ សុជីវធម៌ គុណធម៌ ខ្មែរ​តែមួយ មិន​គុំកួន​សងសឹក មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​។​

​សូម​រម្លឹកថា កិច្ចប្រជុំ និង​សេចក្តីអំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈរ​និយាយ​ប្រហែលជា ៤ នាទី នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ជាមួយនឹង​លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។ ប៉ុន្តែ​ខ្លឹមសារ​នៃ​ការជជែក​រវាង​ប្រមុខ​បក្ស​ក្នុង​រដ្ឋសភា​ទាំងពីរ មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នោះទេ​៕​

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​សាជាថ្មី ដល់​ក្រុម​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​ទាំងអស់ កុំ​ជេរប្រមាថ ឬ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​