ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៣ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ព្រះ​ស្រែ ក្នុងភូមិ​ស្លា​ស្លាក់ ឃុំ​អន្លង់​​រុន ស្រុក​ថ្មគោល មាន​ករណី​ប្លន់​មួយ​កើតឡើង ដោយ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​អាវុធ​អាកា​១​ដើម និង​កាំភ្លើងខ្លី​១​ដើម បាន​ធ្វើ​សកម្មភាព​ចូល​ភ្ជង់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ទើបតែ​លក់​ស្រូវ​បាន ។

ប្រភព​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​បាន​ចាប់​ម្ចាស់ផ្ទះ​ឈ្មោះ​អោម ពត អាយុ​៤២​ឆ្នាំ (​ជា​ប្តី​) និង​ប្រពន្ធ​ឈ្មោះ​គិត សា​វង់ អាយុ​៣២​ឆ្នាំ ចងស្លាបសេក​ជាមួយនឹង​ខ្សែ​អង្រឹង រួច​ដើរ​​រើ​កកាយពេញ​ផ្ទះ និង​ប្រមូល​​ប្រាក់​ដែល​ទើបលក់​ស្រូវបាន​​អស់​៣​ម៉ឺន​៣​ពាន់​បាត និង​កាំភ្លើង​​ខ្យល់​ច្នៃ​១​ដើម នេះ​បើយោង​​តាម​ការ​អះអាង​​​របស់​ម្ចាស់ផ្ទះខាងលើ​ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​កំពុង​ស្វែងរក​មុខសញ្ញា​ផង​ដែរ ។ គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​១៣ មក​រា នោះ ពេល​ដែល​មាន​ករណី​ប្លន់​នេះកើត​ឡើង​ គឺ​ស្រប​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​បាន​រៀប​ចំ​ពិធី​ជប់លៀង​​នៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​អបអរ​ក្នុង​ពិធី​បំពាក់ស័ក្តិ​រួច​​មក ។