ជនជាតិ​ចិន​បន្លំ​ចាយ​ដុល្លារ​ក្លែងក្លាយ​ទិញ​ទូរស័ព្ទ

ជនជាតិ​ចិន​បន្លំ​ចាយ​ដុល្លារ​ក្លែងក្លាយ​ទិញ​ទូរស័ព្ទ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ឃាត់ខ្លួន​ជនជាតិ​ចិនដីគោក​ម្នាក់ ខណៈ​ពេល​ដែល​ជន​នោះ បាន​យក​លុយ​ដុល្លារ​ក្លែងក្លាយ​ជាង​១​ម៉ឺន​ដុល្លារ ។ ទៅ​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​សិុក​តម្លៃ​៨៩០​ដុល្លារ ឃើញ​គេ​យក​លុយ​ដុល្លារ​ក្លែងក្លាយ​មក​ចាយ ទើប​អ្នកលក់​ទូរស័ព្ទ​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​បាន​ភា្ល​ម​ៗ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ថ្ងៃ​ទី​១២ មក​រា នៅ​ម្តុំ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ។ បន្ទាប់​ពី​ដឹង​ថា អ្នកលក់​ដឹង ក៏​រត់គេច​ខ្លួន តែ​អកុសល​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ ។

តាម​ប្រភព​ពី​លោក ហុង ប៊ុ​ន​ហាវ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​មានឈ្មោះ  Liu CHANG JIAN ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​មុខរបរ​លក់ដូរ​ជា​ជនជាតិ​ចិនដីគោក កាន់​លិខិតឆ្លងដែន​លេខ E00005951 ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១២ និង​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៣ មក​រា ឆ្នាំ​២០១៦ នេះ បាន​យក​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​សិុ​ក ឆែក​ទៅ​ឃើញ​មាន​ដុល្លារ​ក្លែងក្លាយ​ជាង​មួយ​មឺុន​ដុល្លារ នៅ​ជាប់​ខ្លួន ។

លោក​បន្ត​ថា ជនសង្ស័យ​រូប​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​ពិភព​រស្មី មាន​ប្រុស​ស្រី​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ប្តី​ប្រពន្ធ​ចំនួន​២​គូ កាលពី​យប់​ថ្ងៃ​ទី​០៩ មក​រា ឆ្នាំ​២០១៦ ចូល​ស្នាក់​សណ្ឋាគារ ប៉ា​រ៉ា​ឌី​ស​អង្គរ​វី​ទ្យា ។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន ក៏​ដកហូត​បាន​វត្ថុ​តាង​នៅ​លើ​ខ្លួន​មាន​លុយ​ដុល្លារ​ក្លែងក្លាយ​ជាង​១​ម៉ឺន​ដុល្លារ និង​លុយ​ចិន​មួយ​ចំនួន ទូរស័ព្ទ​១​គ្រឿង កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃ​ទី​១២ មក​រា រួច​នាំ​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ ។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ទើបតែ យក​លុយ​នេះ​មក​ចាយ​នៅ​ស្រុក​ខ្មែរ​ជាង​១​ម៉ឺន​ដុល្លារ​នេះ​ទេ ហើយ​ក៏​ជា​លើក​ទី​១​ដែរ ។ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ថ្ងៃ​ទី​១៣ មក​រា កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើការ​ឆែកឆេរ​នៅ​សណ្ឋាគារ​ខាងលើ​ដែល​មាន​បន្ទប់​លេខ​១២២៣ ជាន់​ទី​៣ ដែល​ជនសង្ស័យ​ស្នាក់​នៅ ។ ក្រោយ​ពី​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​បន្ទប់​របស់​សណ្ឋាគារ​ដែល​ជន​នោះ​ស្នាក់​នៅ​រួច​មក កម្លាំង​ជំនាញ​បាន​រក​ឃើញ​សម្ភារ​ដែល​ជនសង្ស័យ​ប្រើប្រាស់​មួយ​ចំនួន រួច​ដកហូត​ទុក​បណ្តោះអាសន្ន​រួម​មាន ថ្នាំពេទ្យ​ចំនួន​៧​ប្រអប់ ទូរស័ព្ទ​ដៃ​៣​គ្រឿង ថ្ម​សាក​ទូរស័ព្ទ​ចំនួន​២​គ្រឿង ឌុ​យ​បញ្ជូន​ទូរស័ព្ទ​ចំនួន​៦ កាក់​ចិន ចំនួន​៦៧​កាក់ និង​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​១៣ មក​រា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕