បុរស​ជនជាតិ​តួកគី​​ ដែល​ពាក់ព័ន្ធ​​​នៅ​ក្នុង​ជម្លោះ​កាប់ចាក់​គ្នា​ ​ធ្លាប់​មាន​ប្រវត្តិ​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​

យោង​តាម​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់ក្នុង​ចំណោម​បុរស​ជន​ជាតិតួកគី​ពីរនាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​ជុំវិញ​ជម្លោះ​កាប់​ចាក់​​​គ្នា​នៅក្នុង​ក្រុង​ព្រះ​សីហនុ​​​កាលពី​ថ្ងៃច័ន្ទ​ មាន​ប្រវត្តិ​​ជា​ឧក្រិដ្ឋ​ជន​នៅ​ក្នុង​ក្រុង​មាត់​សមុទ្រ​​នេះ។ ទោះយ៉ាងណា បុរស​ជន​ជាតិ​តួកគី​រូប​នេះ​​បាន​អះ​អាង​កាលពី​ម្សិលមិញ​ថា គាត់​ត្រូវ​​​បាន​គេ​កំណត់​អត្តសញ្ញាណខុស​ ហើយ​ថា នគរ​បាល​​ និង​អ្នក​យក​ព័ត៌មាន​​បាន​ឃុប​ឃិត​​ជាមួយ​​ជន​ជាតិ​តួកគីម្នាក់​ទៀត​ជា​គូ​សត្រូវ​​​​​​​​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​គាត់។

កាល​ពី​ម្សិល​មិញ ​មន្ត្រីកង​រាជ​អាវុធ​ហត្ថ​ម្នាក់​​​​បាន​​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា មេម៉េដ តេកូគ្លូ អាយុ​៤០ឆ្នាំ​​​ ជា​បុរស​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធនៅក្នុង​ជម្លោះ​ដោយ​ប្រើ​​កាំបិត​ផ្គាក់​ជាមួយ សឺហាត យ៉ាល​ស៊ីន អាយុ​៣៤​ឆ្នាំ ដែល​​​បាន​កើត​​​ឡើង​​បន្ទាប់ពី​​ តេកូគ្លូ បាន​បណ្តេញ​ យ៉ាល​ស៊ីន ចេញ​ពី​ការងារ​នៅ​សណ្ឋាគារ​ Eos Oceanfront។ ​​ផ្អែក​តាម​រូបភាព​វីដេអូ​នៃ​ហេតុ​ការណ៍​នេះ​​ដែលបាន​បង្ហោះ​តាម​ប្រព័ន្ធ​អីុន​ធឺណិត​ យ៉ាល​​ស៊ីន ទំនង​ជា​មនុស្ស​សំខាន់​នៅក្នុង​ការ​ប្រឈម​​​​មុខគ្នា​​នេះ។ពីមុន នគរបាល​បាន​កំណត់​អត្ត​សញ្ញាណ​បុរស​ជន​ជាតិ​តួកគី​ទាំងពីរនាក់​នេះ​តែ​​នាម​ខ្លួន​ប៉ុណ្ណោះ។

លោក ហាស់ សាមឿន នាយ​ការិយា​ល័យ​​​ព័ត៌មាននិង​សន្តិសុខ​​នៃកង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ថ្លែង​កាលពី​ម្សិលមិញ​បន្ទាប់ពី​កំណត់​អត្ត​សញ្ញាណ តេកូគ្លូ ថា “ជន​​នេះ​មាន​ប្រវត្តិ​មិន​ល្អ។ ជន​នេះ​ជាប់​​ពាក់ព័ន្ធ​ក្នុងករណី​បាញ់​បោះ និង​ការ​ប្រើ​អំពើ​​ផ្សេង​ៗ​ទៀត​ ហើយ​បុរស​នេះ​ជាមនុស្ស​ម្នាក់​ដែលបាន​ព្យាយាម​រត់​គេច​ពី​តុលាការ​ដោយ​ដៃ​ជាប់​ខ្នោះ”។

កាលពី​ខែមីនា ពេលមាន​បទ​ឧក្រិដ្ឋ​ដ៏​ហិង្សា​​​កើត​ឡើង​ជា​ច្រើន​នៅក្នុង​ក្រុង​ព្រះ​សីហនុ ពាក់​ព័ន្ធជន​បរទេស​ដែល​នគរបាល​ចាត់​ទុក​ថា ជា​ “ពួកម៉ាហ្វីយ៉ា” តេកូគ្លូ ត្រូវ​បាន​ចោទ​ប្រកាន់​​​​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេត​នា​ដោយ​បាន​​ចាក់​​​បុរស​ជន​ជាតិ​អីុស្រាអែល​​ម្នាក់​។ នគរបាល​​​ថា ការ​ចាក់​នេះ​ជា​ការ​សង​សឹក​​របស់​ តេកូគ្លូ ដែល​ជា​គោលដៅ​ក្នុងការ​បាញ់​ពីក្នុង​រថយន្ត​មិន​សម្រេច​​ដែល​​​បណ្ដាល​ឲ្យ​ត្រូវ​ចំជើងខ្មែរ​ម្នាក់​​​ឈរ​​នៅ​ក្បែរ​នោះ​។

យោង​តាម​នគរបាល​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​​ ជន​នេះ​ត្រូវ​បាន​ចោទប្រកាន់​នៅ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុមក តេកូគ្លូ បាន​រត់​គេច​ពី​តុលាការ​ បន្ទាប់ពី​ទទួលបាន​ការ​អនុញ្ញាត​ឱ្យ​​​ទៅ​ងូត​ទឹក បាន​ឡើង​លើ​របង​​ដែល​ព័ទ្ធជុំវិញ​អគារ​​ទាំង​ដៃជាប់​ខ្នោះ ហើយ​រត់ចូល​ទៅក្នុង​តំបន់​ព្រៃ​ក្បែរនោះ។

លោក សាមឿន ថា ​នគរបាល​និយាយ​ថា ពួកគេ​ចាប់​បាន​ជន​នេះ​វិញ​ចម្ងាយ​ប្រហែល​​៣០០ម៉ែត្រ​​ ហើយ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​។ ​​ក្រោយ​មក​ ជន​នេះ​ត្រូវ​បាន​កាត់​ឱ្យ​ជាប់​ទោស​ ​​ហើយ​បាន​អនុវត្ត​​​ទោស​ជាប់​ពន្ធនាគារ​៧ខែ។

បន្ទាប់ពី​ដោះ​លែង​បាន​បន្តិច​កាលពី​ចុង​ឆ្នាំ​​មុន តេកូគ្លូ ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ទូក​ទេស​​​​​ចរណ៍​ទំនើប SeaCambodia ក្នុង​ក្រុង​ព្រះ​សីហ​នុ​បាន​មក​​ការិយាល័យ កាសែត ខេមបូឌា ដេលី ​​​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​និយាយ​ថា គាត់​​​ចង់​ឱ្យ​កាសែត​នេះ​​ចុះ​ផ្សាយ​ “រឿង​ពិត” ថា គាត់​ត្រូវ​បាន​ចោទប្រកាន់​​ខុស​​ក្នុងការ​ចាក់​នោះ​ និង​ជា​គោលដៅ​ក្នុង​ការ​បាញ់​ដោយ​សារ​​​មាន​ជម្លោះ​ជាមួួយ​​ Bora Ozturk និង Sakip Capal ពាណិជ្ជករ​ជន​ជាតិ​តួកគី ដែល​គ្រប់​គ្រង​​ កោះ​​​រ៉ុង ដាយ សិនធឺរ និង សេវាកម្ម​ទូក​ចម្លង។

គាត់បាននិយាយ​ថា Ozturk និង Capal បាន​បាញ់ពីក្នុងរថយន្ត​ដោយ​ខ្លួនពួកគេ ហើយ​បាន​សូក​ប៉ាន់​នគរបាល​​ដើម្បីទម្លាក់​កំហុស​​មក​លើ​គាត់​ចំពោះការ​វាយ​ប្រហារ​លើ​ជនជាតិ​អីុស្រាអែល​​ជាការ​ខិត​​ខំប្រឹង​ប្រែង​ដើម្បី​ដេញ​គាត់​ចេញពី​​ទីផ្សារ​ទេស​ចរណ៍​។

ក្នុងសារ​ហ្វេស​ប៊ុក​ជាច្រើន​​កាល​ពី​ម្សិល​​មិញ តេកូគ្លូ និយាយ​ថា គាត់​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​កាប់​​ចាក់កាលពី​ថ្ងៃច័ន្ទទេ បន្ទាប់​​មក​បាន​ចោទប្រកាន់​​​អ្នក​យក​ព័ត៌មាន​ថា បាន​ឃុប​ឃិត​ជាមួយ​គូសត្រូវ​របស់​​​គាត់​​​ និង​នគរ​បាល​ដើម្បី​ភ្ជាប់គាត់​ទៅ​ហេតុ​ការណ៍នោះ។

គាត់​សរសេរ​ថា ”​នគរបាល​ធ្វើការ​រួម​គ្នា​​ជាមួយ​អ្នក។ តើ​ Sakip និង Bora ឱ្យ​ប្រាក់​អ្នក​​​ប៉ុន្មាន”។ គាត់បាន​បន្ថែមថា “នៅពេល​ខ្ញុំ​ឃើញ​​​ឈ្មោះ​ខ្ញុំ​នៅក្នុង​កាសែត​របស់​អ្នក” ខ្ញុំបាន​ទាក់​ទង​មេធាវីរបស់​ខ្ញុំ​ឲ្យ​ដោះ​ស្រាយ​ជា​មួយ​​អ្នក​និង​កាសែត​របស់​អ្នក​” ដោយ​គំរាម​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​​ ​ប្រសិន​បើ​ឈ្មោះ​របស់គាត់​​មាន​នៅក្នុង​កាសែត ពាក់​ព័ន្ធ​នឹងជម្លោះ​នោះ។

Capal បាន​និយាយ​ថា ​ការ​លើកឡើង​ថា គាត់​និង​​ Ozturk ដែល​ពីមុន​​បាន​សាងសង់​ បាំង​​ហ្គាឡូ នៅលើ​កោះ​ដែល​កាន់កាប់​ដោយ​លោក សេរហ្គេ ប៉ូលុនស្គី ជន​ជាតិ​រុស្ស៊ី​ ដែល​ជាប់​ពន្ធនាគារ​នោះ បាន​ធ្វើការ​បាញ់បោះ ជា​រឿង​មិន​សម​ហេតុ​ផលឡើយ​៕​ សារុន     

The post បុរស​ជនជាតិ​តួកគី​​ ដែល​ពាក់ព័ន្ធ​​​នៅ​ក្នុង​ជម្លោះ​កាប់ចាក់​គ្នា​ ​ធ្លាប់​មាន​ប្រវត្តិ​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​ appeared first on ខេមបូឌា ដេលី.