នគ​រ​បាល​យាម​ការពារ​​សាលា​អិុស្លាម​​​ដើម្បីទប់ស្កាត់​ការ​​គប់​​លាមក​ ដុំថ្ម និង​ការ​គំរាម​សម្លាប់​

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹងកាលពី​ម្សិលមិញ​ថា ​នគរ​បាល​​ត្រូវ​បាន​ដាក់ពង្រាយ​ដើម្បី​យាម​កាម​​សាលា​អិុស្លាម​​​​សម្រាប់​​នារីក្មេងៗ​​ក្នុង​សហគមន៍​​ដែល​សម្បូរ​ទៅ​ដោយ​ខ្មែរ​អិុស្លាម​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ចំពេល​​​កំពុង​មាន​ការ​វាយ​​​ប្រហារ​លើ​សាលា​នេះ​​ និង​ការ​គំរាម​សម្លាប់​​គ្រូ​បង្រៀន​ដោយ​​​ជន​មិន​ស្គាល់​មុខ​​​។

​ចាប់​តាំងពី​ចុង​ខែ​មុន​មក ​​ជន​មិន​ស្គាល់​មុខ​​​​​បាន​គប់​ “ដុំថ្ម និង​ថង់​លាមក” ​លើ​ជញ្ជាំង​ព័ទ្ធ​ជុំវិញ​បរិវេណ​សាលា​នេះ​នៅ​ក្នុង​ឃុំ​ទ្រា​ ស្រុក​ក្រូចឆ្មារ នេះ​បើ​យោង​តាម​លោក អ៊ុក ពៅ អធិការ​រង​ស្រុក​​។

លោក​បាន​មាន​ប្រសាសន៍​ថា ”ការ​​វាយ​ប្រហារ​​​នៅ​មិនទាន់​បញ្ឈប់​នៅ​ឡើយ​ទេ​”។

​លោក​​ សេង លី ​ដែល​ជា​មេ​​ប៉ុស្តិ៍​ឃុំ​​បាន​លើក​ឡើង​ថា នៅ​ក្នុង​ហេតុការណ៍​ថ្មីបំផុត​​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ មាន​គេ​គប់​ដុំថ្ម​​​ចូល​បរិវេណ​​​​សាលា​នេះ​​ដោយ​​មាន​​​ខ្ចប់​ក្រដាស​គំរាម​​សម្លាប់​​​​​​មួយ​សន្លឹក​​​ដែល​ចាត់​ទុក​​ស្ថាបនិក​សាលា​នេះ​គឺ​លោក ម៉ូហាម៉េដ អាប់ឌុលរ៉ាម៉ាន់ ​ជា​អុីម៉ាម​មូលដ្ឋាន​ កូន​ប្រុស​របស់​អុីម៉ាម​រូប​នេះ និង​គ្រូបង្រៀន​ម្នាក់​​ថា “​​ជា​ឆ្កែ”។

​​សាលា​រៀន​នេះ​​​ដែល​មាន​ប្រាំបី​បន្ទប់​ ផ្គត់​ផ្គង់​ដល់​សិស្ស​ចំនួន​១៥០​នាក់ ​ដែល​​​​​រៀន​​​ភាសា​ចាម​ ប្រវត្តិវប្បធម៌ និង​ការ​អនុវត្ត​ប្រតិ​បត្តិ​តាម​សាសនា​​។ គេ​មាន​ការ​ចាប់​អារម្មណ៍​លើ​សាលា​នេះ​ក្នុង​ខែ​វិច្ឆិកា ​នៅ​ពេល​​សិស្ស​​​២៤​នាក់​មកពី​រាជធាន​ីនិងខេត្ត​កំពង់ចាម​បាន​​ដួល​សន្លប់​ព្រមៗ​គ្នា​នៅ​​ក្នុង​កន្លែង​ស្នាក់​​​នៅ​មួយ​​ ដែល​មាន​ទីតាំង​នៅ​​ក្នុង​តំបន់​ព្រៃ​មួយ​កន្លែង​មិន​ឆ្ងាយ​ពី​សាលា​រៀន​នេះ​។

​បន្ទាប់ពី​ការ​ដួល​សន្លប់​ សិស្សទាំង​នេះ​បាន​ប្រាប់​នគរ​បាល​ថា ​ពួកគេ​​​ឃើញ​​ស្រមោល​​​​​​នៅ​ក្រោម​កន្លែងស្នាក់នៅ​ ហើយ​ធុំក្លិន​មិន​ល្អ​​​​មុន​ពេល​​​ចាប់​​ផ្ដើម​មិន​ស្រួល ហើយ​​ដួល​សន្លប់។ ​ទោះបី​ជា​​​ការ​ធ្វើ​កោសល្យ​វិច័យ​រក​មិន​​​ឃើញ​ថា ​មាន​ភ័ស្តុតាង​ពាក់​​ព័ន្ធ​នឹង​ថ្នាំពុល​ក៏ដោយ ក៏​អាជ្ញាធរ​​​សន្និដ្ឋាន​ថា ​​ពួកគេគឺ​ជា​ជន​​​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​សារ​ធាតុ​គីមី​ធ្វើ​ឡើង​​ដោយ​សត្រូវ​​រវាង​​​សមាជិក​នៃ​សហគមន៍​ខ្មែរ​អិុស្លាម​​មូលដ្ឋាន​​ដែរ​ ​​ជា​គំនិត​​​​មួយ​​ដែល​​លោក​ អាប់​ឌុលរ៉ាម៉ាន់ ​​យល់​ស្រប​។

​ដោយ​សារ​តែ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិ​​ភាព​របស់​ពួកគេ ក្រុម​សិស្ស​​​មកពី​​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ចាម ​ត្រូវ​បាន​ផ្លាស់ទៅ​​បន្ទប់​មួយនៅ​ក្នុង​បរិវេណ​សាលា​​កាលពី​ចុង​ខែ​ធ្នូ ហើយ​​​មក​ទល់​នឹង​ពេល​នេះ​ពួកគេ​កំពុង​​​នៅទីនោះនៅឡើយ​។អាជ្ញាធរ​លើក​ឡើង​ថា ចាប់​តាំង​ពីពេល​នោះ​មក ​ ​សាលា​​រៀន​នេះ​​​​​​​ក៏ចាប់ផ្តើម​រង​ការ​វាយ​ប្រហារ​​តែម្តង​។

​លោក អ៊ុក ពៅ ដែល​ជា​អធិការ​រង​ស្រុក​​​លើក​ឡើង​ថា ​ក្រុម​​អ្នក​ស៊ើបអង្កេត​នៅ​មិន​ទាន់​​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ណា​មួយ​​​នៅ​ក្នុង​ករណី​នេះ​បាន​នៅ​ឡើយទេ ហើយ​ក៏​នៅ​មិន​ទាន់​កំណត់ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ដែរ​។​ “​​យើង​កំពុង​តែ​ដំណើរ​ការ​​​​ស៊ើបអង្កេត​​​​ដើម្បី​ស្វែង​រ​តម្រុយ​​។ យើង​​​បាន​​​ចេញ​បទបញ្ជា​​ឲ្យ​មន្ត្រី​នគរ​បាល​ឃុំ​ឈរ​យាម​កាម​នៅ​ទីនោះ​អំឡុង​ពេល​យប់​ ដើម្បី​​ទប់​ស្កាត់​​ការ​វាយ​ប្រហារ​ណាមួយ​​ដែល​អាច​កើត​​​​ឡើង​នៅ​​ពេល​អនាគត”។

លោក អាប់ឌុលរ៉ាម៉ាន់ ​ដែល​បាន​បើក​សាលា​នេះ​​​កាលពី​ឆ្នាំ​២០១៣ ដោយ​​ចំណាយ​ទឹក​ប្រាក់​អស់​​១០០.០០០​ដុល្លារ​​ក្រោម​ជំនួយ​ពី​មិត្តភក្ដិ​មូស្លីម​នៅ​ក្នុង​ប្រទេស​តួកគី​​បាន​លើក​ឡើង​កាលពី​ខែ​វិច្ឆិកា​ថា លោក​ជឿថា​​ក្រុម​សិស្ស​ទាំង​នេះ​​​ត្រូវ​បាន​គេ​ផ្ដោត​គោល​ដៅ​ដោយ​សារ​​​ភាព​តានតឹង​​កើត​មាន​ជាយូរ​មក​ហើយ​​នៅ​ក្នុង​សហគមន៍​នេះ​ពាក់​ព័ន្ធ​បញ្ហា​ថា​តើ​ប្រាក់​គួរ​តែ​​ចំណាយ​តាម​របៀប​ណា​។

​លោក​ អាប់ឌុល​រ៉ាម៉ាន់ ​ដែល​​​មាន​ប្រភព​ដើម​ចេញពី​រាជធានី​ភ្នំពេញ​​ ហើយ​​ផ្លាស់​មក​ខេត្ត​ត្បូង​ឃ្មុំ​​ដើម្បី​​បើក​សាលា​រៀន​នេះ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សាលា​រៀន​នេះ​​រង​ការ​វាយ​ប្រហារ​ដោយ​​​អ្នក​ភូមិ​ក្នុង​សហគមន៍​ដែល​មាន​ការ​ច្រណែន​ និង​តូច​ចិត្ត​ដោយ​សារ​​តែ​លោក​ជា​មនុស្ស​មក​ពី​ខាង​ក្រៅ​។”​ខ្ញុំ​ជឿ​ថា ជន​ប្រព្រឹត្ត​អំពើ​នេះ​គឺ​ជា​​បង​​​ប្អូន​ខ្មែរ​អិុស្លាម​នៅ​ក្នុង​សហគមន៍​ដែល​ច្រណែន​យើង​”។ លោក​បាន​បន្ត​ថា “​​​នៅ​យប់​​​មួយ​​ ពេល​​សិស្ស​កំពុង​ដេក​​​លង់លក់​ ​មនុស្ស​មិន​​ស្គាល់​អត្តសញ្ញាណ​បាន​គប់​ផាវ​​​ផ្ទប់​នឹង​ជញ្ជាំង​​ដើម្បី​រំខាន​ដល់​សិស្ស​ទាំង​នេះ។ ​​ខ្ញុំ​​មិន​យល់​​​​​​អំពី​ទង្វើ​របស់​ពួកគេ​ទេ សូម្បី​​​តែ​ពាង​ទឹក​សម្រាប់​ឲ្យ​សិស្ស​ផឹក​​​ និង​ប្រើ​ប្រាស់​​​ក៏​ជន​សង្ស័យ​​​​​ដាក់​លាមក​ចូល​ដែរ​”។

​លោក​​ សេង លី ដែលជា​មេប៉ុស្តិ៍​ឃុំ​បាន​លើក​ឡើង​ថា ​ខណៈ​មន្ត្រី​របស់​លោក​ប្ដូរ​វេន​គ្នា​យាម​​សាលា​នេះ​អំឡុង​ពេល​យប់ ​ដោយ​មាន​​ជំនួយ​ម្ដង​ម្កាល​ពី​នគរ​បាល​ស្រុក​​ ពួកគេ​​មិន​អាច​​បញ្ឈប់​​​ការ​គប់​ដុំថ្ម និង​លាមក ឬ​ការ​គំរាម​​​​បាន​ឡើយ។ លោក​លើក​ឡើង​ថា “​យើង​​​មិន​អាច​ទប់​ស្កាត់​​ហេតុការណ៍​ទាំង​អស់​មិន​ឲ្យ​​​​កើត​ឡើង​បាន​ឡើយ ព្រោះ​​យើង​មិន​អាច​​​ល្បាត​នៅ​ទីនោះ​បាន​គ្រប់​ពេល​វេលា​នោះ​ទេ។ ​ជួន​កាល​​​ ពេល​មន្ត្រី​របស់​យើង​សម្រាក​​​ ​​ពួក​គេ​បាន​ឆ្លៀត​​​​ឱកាស​ធ្វើ​រឿង​នេះ”។ ​​លោក​​​​បន្ថែម​ថា លោក​​មិន​ជឿ​ថា កត្តា​សាសនា​គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ឡើយ។“​ពួកគាត់​ [អ្នក​គ្រប់គ្រង​សាលា​] បាន​រស់​នៅ​ទីនេះ​​​​ជាយូរ​មក​ហើយ​ ហើយ​មិន​ដែល​​​​មាន​បញ្ហា​ណាមួយ​​​​ឡើយ។ ខ្ញុំ​គិត​ថា វា​ជា​ជម្លោះ​ក្នុង​​ចំណោម​មេដឹកនាំ​សហគមន៍​ដែល​​ចង់​ធ្វើធំ​រៀងៗ​ខ្លួន”៕ ស៊ុយឈាង​​​​​​​​

The post នគ​រ​បាល​យាម​ការពារ​​សាលា​អិុស្លាម​​​ដើម្បីទប់ស្កាត់​ការ​​គប់​​លាមក​ ដុំថ្ម និង​ការ​គំរាម​សម្លាប់​ appeared first on ខេមបូឌា ដេលី.