ប្រជាពលរដ្ឋ​ចាប់ចោរ លួច​ស្រា​បៀរ​អង្គរ​៤​កេះ ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី​

កណ្តាល:  ប្រជាពលរដ្ឋ​បាននាំគ្នាដេញចាប់​ជនសង្ស័យ លួច​ស្រា​បៀរ​អង្គរ​៤​កេះ ពី​ផ្ទះ​លក់ចាប់​ហួ​យ​​មួយកន្លែង ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​​រដ្ឋបាល​ដីឥដ្ឋ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៦​ ចំណុច​ផ្ទះ​លក់​ចាប់​ហួយ ឈ្មោះ​ជិន ស្រី​ម៉ុ​ច ​ក្នុងភូមិ​ស្ដៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ឈ្មោះ ជន ស្រី​ម៉ុ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ​មាន​ទីលំនៅ​ភូមិស្ដៅ​កន្លែង​៣ ​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល​។​ជនសង្ស័យ​​ឈ្មោះ ណុប វណ្ណៈ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​តា​ព្រហ្ម សង្កាត់ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក​៖​ស្រា​បៀ​អង្គរ​៤​កេះ​-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី ឆ្នាំ​២០០៦ មួយគ្រឿង​ ស្លាក​លេខ​ភ្នំពេញ​1G.4412 ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​លក់​ឥ​វ៉ាន់​នៅមុខ​ផ្ទះ ពេលនោះ​ស្រាប់តែ ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​សេ​១២៥  ពណ៌​ខ្មៅ ផលិត​ឆ្នាំ២០០៦ បិត​តែម​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1G.4412 មក​ឈប់​នៅខាងមុខ​ផ្ទះ ​រួចដើរមក​ទិញ​ទឹក​សុទ្ធ​១​ដប​តម្លៃ​១០០០រៀល​ពី​ជនរងគ្រោះ ហើយក៍​ដើរ​ទៅ​អង្គុយ​ផឹកទឹក​សុទ្ធ​លើ​ម៉ូតូ​វិញ ។​ពេលនោះ​ជនរងគ្រោះ ក៍បាន​ដើរចូល​ទៅខាង​ក្នុងផ្ទះយកលុយ​ទៅ​ទុក​និង​យក​ថ្នាំ​ផ្តាសា​យមក​ផឹក ពេលចេញ​មកវិញ ​ស្រាប់តែ​ឃើញ​ជនសង្ស័យកំពុង​ធ្វើ​សកម្មភាព​លើក​ស្រា​បៀរ​អង្គរ​កំប៉ុង​៤​កេះ ដែល​លក់នៅខាងមុខ​ផ្ទះ ដាក់​លើ​ម៉ូតូ​បម្រុង​ជិះចេញ​ ឃើញ​ដូចនេះ​ជនរងគ្រោះ​ក៏បាន​ស្ទុះ​មកឃាត់​ រួច​ចាប់ទាញ​ម៉ូតូ​ពី​ខាងក្រោយ តែ​ជនសង្ស័យមិន​ព្រម​ឈប់ ហើយក៍​បាន​ជិះម៉ូតូ​ចេញទៅ ចំណែក​ជន​រងគ្រោះ​បាន​រត់​ដេញ​ពីក្រោយ​និង​​ស្រែកថចោរៗ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ឮ ក៍​ជួយ​ដេញតាម​នឹង​ឃាត់ខ្លួន​បញ្ជូនមកប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ដើម្បី​សាកសួរ​និង​បាន​បញ្ជូនមក​​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​បានធ្វើ​សកម្មភាព​បែបនេះ​៣លើក​ហើយ៕​

ប្រជាពលរដ្ឋ​ចាប់ចោរ លួច​ស្រា​បៀរ​អង្គរ​៤​កេះ ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី​

ប្រជាពលរដ្ឋ​ចាប់ចោរ លួច​ស្រា​បៀរ​អង្គរ​៤​កេះ ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី​